​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ នាយករដ្ឋមន្ត្រី​កោះ​សូ​ឡូ​ម៉ុង​លោក ម៉ា​ណាស​សេ សូ​ហ្គា​វ៉ា​រ៉េ បាន​រួចផុត​ពី​ការបោះឆ្នោត​សម្តែង​ការមិនទុកចិត្ត​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​ធ្នូ ខណៈ​ចោទប្រកាន់​”​ចារ​កម្ម​​តៃវ៉ាន់​” ពី​បទ​រៀបចំ​អំពើហិង្សា​នយោបាយ​ថ្មីៗ​នេះ ដែល​បាន​ធ្វើឱ្យ​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​នេះ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​។​

​មេដឹកនាំ​ដែល​គាំទ្រ​ទីក្រុង​ប៉េកាំង​រូបនេះ​បាន​រួចខ្លួន​យ៉ាង​ងាយ​ពី​ការប៉ុនប៉ង​របស់​គណ​បក្ស​ប្រឆាំង​ដើម្បី​បណ្តេញ​គាត់​ចេញ ដោយ​ទទួលបាន​សំឡេង ៣២ ទល់នឹង ១៥​បន្ទាប់​ពី​ការជជែក​ដេញ​​ដោល​ដ៏​ប្រេះឆា​និង​ក្តៅគគុក​ពេញ​មួយថ្ងៃ​។​

​ឈុត​ឆាក​ដ៏​ក្តៅគគុក​នៅ​ក្នុង​សភា ដែល​ក្នុងនោះ​សមាជិក​សភា​បាន​ចោទ​គ្នា​អំពី​អំពើពុករលួយ រដ្ឋប្រហារ និង​ការគាំទ្រ​ពី​បរទេស​បាន​បន្ទរ​នូវ​កំហឹង​នា​ពេល​ថ្មីៗ​នេះ​នៅតាម​ដងផ្លូវ​ដែល​ជំរុញ​ឱ្យ​​មាន​ការមកដល់​នៃ​កង​រក្សា​សន្តិភាព​អន្តរជាតិ​រាប់រយ​នាក់​។​

​កុបកម្ម​រយៈពេល​បី​ថ្ងៃ​កាលពី​ចុងខែ​មុន​បាន​បណ្តាលឱ្យ​សង្កាត់​ឆាយ​ណា​ថោ​ន​នៃ​រដ្ឋធានី​ហូ​នី​យ៉ារ៉ារង​ការបំផ្លិចបំផ្លា​ញ និង​បាន​ឆក់យក​ជីវិត​មនុស្ស​យ៉ាងហោច​ណាស់​បីនាក់​ជាមួយនឹង​អគារ​រាប់សិប​​ខ្នង​ត្រូវបាន​បំផ្លាញ​។​

​នៅ​មុន​ការបោះឆ្នោត​នៅ​ថ្ងៃ​ចន្ទ​នេះ ទាហាន​និង​ប៉ូលិស​ប្រដាប់​អាវុធ​មកពី​ប្រទេស​ជិតខាង​អូស្ត្រាលី ហ្វ៊ី​ជី ប៉ាពួ​នូវែល​ហ្គី​ណេ​និង​នូវែល​សេឡ​ង់​បាន​ជួយ​ធ្វើ​ប្រតិបត្តិការ​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ទូ​ទាំង​ទីក្រុង​​ហូ​នីយ៉ា​រ៉ា​ដែល​ជោគជាំ​ដោយ​ទឹកភ្លៀង ដើម្បី​ទប់ស្កាត់​ភាពចលាចល​បន្ថែមទៀត​។​

​ពួកគេ​បាន​ប្រើប្រាស់​កុងតឺន័រ​ដឹកជញ្ជូន​ដើម្បី​បិទ​តំបន់​នានា​នៃ​រដ្ឋធានី​ដែល​ពោរពេញ​ដោយ​កម្ទេច​ថ្ម បិទ​កំពង់ផែ​ទៅកាន់​សាឡាង​ពី​កោះ​ជិតខាង និង​បាន​អនុវត្ត​បម្រាម​លើ​គ្រឿង​ស្រវឹង​ទូទាំង​ទីក្រុង​។​

​អាជ្ញាធរ​ក៏​បាន​ព្រមាន​ប្រជាជន​ផង​ដែរ​កុំ​ឱ្យ​បង្ហោះ​សារ​ដុត​បញ្ឆេះ​កំហឹង​នៅលើ​បណ្តាញ​សង្គម​។ ការរំពឹង​ទុក​នៃ​អំពើហិង្សា​បន្ថែម​ទៀត​បាន​ជំរុញ​ឱ្យ​ស្ថាន​កុងស៊ុល​អាម៉េរិក​នៅ​ទីក្រុង​ហូ​នី​យ៉ារ៉ា​រឹតបន្តឹង​ប្រតិបត្តិកា​ររបស់ខ្លួន​។​

​វិបត្តិ​នេះ​បាន​ផ្ទុះឡើង​កាលពី​ចុងខែ​មុន នៅពេល​ដែល​ការតវ៉ា​អំពី​គោលនយោបាយ​របស់​លោក​សូ​ហ្គា​វ៉ា​រ៉េ​បាន​ប្រែ​ទៅ​ជា​ហិង្សា ដែល​ជំរុញ​ដោយ​ភាពក្រីក្រ​ភាព​អត់​ការងារ​ធ្វើ​និង​ការ​ប្រជែង​គ្នា​រវាង​​គូ​បក្ខដិ​បក្ខ​នៅលើ​កោះ​ដែល​មាន​ប្រជាជន ៨០០.០០០ នាក់​នេះ​។​

​នាយករដ្ឋមន្ត្រី​បាន​បដិសេធ​ចំពោះ​ការទាមទារ​របស់​បាតុករ​ឱ្យ​លោក​ចុះចេញ​ពី​តំណែង ដោយ​ប្រាប់​សភា​កាលពី​ថ្ងៃ​ចន្ទ​ថា​ការចាកចេញ​ពី​តំណែង​ក្រោម​កាលៈទេសៈ​បែបនេះ​គឺជា​ការចុះចាញ់​”​ការបង្គាប់​​បញ្ជា​របស់​ពួក​ទុច្ចរិត​និង​ពួក​គ្មាន​ច្បាប់​”​។​

​លោក​បាន​និយាយថា “​យើង​មិន​អាច​ឱ្យ​គេ​យក​អំពើហិង្សា​មក​ប្រើ​ដើម្បី​កម្ទេច​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នោះទេ​”​។​

​មនុស្ស​មួយចំនួន​ធំ​ឃើញ​សម្រុក​ចាកចេញ​ពី​រដ្ឋធានី​ទៅកាន់​ខេត្ត​នានា​តាម​សាឡា​ង​កាលពី​ថ្ងៃអាទិត្យ​នៅ​មុន​ការបោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត ដោយ​រំពឹងថា​អាច​នឹង​មាន​បញ្ហា​បន្ថែមទៀត​៕

នាយករដ្ឋមន្ត្រី​កោះ​សូ​ឡូ​ម៉ុន​លោក ម៉ា​ណាស​សេ សូ​ហ្គា​វ៉ា​រ៉េ