​ដោយ​៖ បូកគោ​/​កំពត​៖ បេសកកម្ម​របស់​កម្លាំង​នគរបាល​ការពារ​ព្រំ​ដែនទឹក​គឺ​អនុវត្ត​ច្បាប់ និង​ការពារ​ប្រជាជន ដែល​រក​ទទួលទាន​ស្របច្បាប់​នៅលើ​ផ្ទៃ​ទឹក ពិសេស​រក្សា​បូរណភាព អធិបតេយ្យភាព​ដែនទឹក​កម្ពុជា​។ នគរបាល​ការពារ​ព្រំ​ដែនទឹក​ត្រូវមាន​ចំណេះ​ជំនាញ​ច្បាស់លាស់​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង​ដើម្បី​គុណភាព ប្រសិទ្ធភាព​ការងារ​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក នៅក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បច្ចេកទេស​បើកបរ​នាវាមុជទឹក អូប័រ និង​សង្គ្រោះ​ដល់​កម្លាំង​នគរបាល​ការពារ​ព្រំ​ដែនទឹក កាលពី​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១ នៅ​ទីបញ្ជាការ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទឹក​លេខ​២៤១ ស្ថិតក្នុង​សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្តកំពត ដែលមាន​កម្មសិក្សាការី​ចូលរៀន​ចំនួន​២៥០​នាក់ មកពី​ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ខេត្ត​កែប ព្រមទាំង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ផ្នែក​ទេសចរណ៍ និង​ចរាចរណ៍​ផ្លូវទឹក​។​

​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​ខាងលើ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទូច ពលៈ ប្រធាន​នាយកដ្ឋាន​នគរបាល ការពារ​ព្រំដែន​ទឹកបាន​មានប្រសាសន៍ថា ដើម្បី​បង្កើន​ការយល់ដឹង​ដល់​កងកម្លាំង​លើ​ចំណេះ​ជំនាញ​ពិត សម្រាប់​កិច្ចប្រតិបត្តិការ​នៅ​តំបន់​សមុទ្រ នាយកដ្ឋាន​បានដាក់​ចេញ​នូវ​ផែនការ​ហ្វឹកហ្វឺន​ផ្ទៃក្នុង​បំណង​បង្កើន​សមត្ថភាព​ដល់ក​ង​កម្លាំង​ចំណុះ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក​ទូទៅ​។ ទាំងនេះ​គឺ​ក្នុងន័យ​ពង្រឹង​វិន័យ របៀបរបប​ការងារ និង​តួនាទី​ភារកិច្ច​ជំនាញ​ដើម្បី​ធានា​ដល់​ការគ្រប់គ្រង បញ្ជា​ដឹកនាំ​កម្លាំង​ក្នុង​កិច្ចប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អប្រសើរ ព្រមទាំង​រៀន​រស់​ធ្វើការ​តាម​គន្លង​ថ្មី​។ លោក​ប្រធាន​នាយកដ្ឋាន​បាន​ផ្តាំផ្ញើ​ថា កម្មសិក្សាការី​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ត្រងត្រាប់ និង​ក្រេបជញ្ជក់​យកចំណេះ​ជំនាញ​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​ស្របតាម​គោលបំណង​របស់​ថ្នាក់ដឹកនាំ​ដែល​បាន​រំពឹងទុក​។​លើសពីនេះ ក្រោយពេល​បញ្ចប់​វគ្គ​សិក្សា នាយ នាយរង​នគរបាល​នៃ​នាយកដ្ឋាន​ការពារ​ព្រំ​ដែនទឹក​ទាំងអស់​ត្រូវ​យកទៅអនុវត្ត​ដោយ​លើកកម្ពស់ ក៏ដូចជា​បំពេញបន្ថែម​នូវ​កម្រិតយល់ដឹង​តាម​របកគំហើញ​ថ្មីៗ ពោលគឺ​ត្រូវ​ពង្រឹងសមត្ថភាព ដកស្រង់​បទពិសោធន៍​ការងារ​ដើម្បី​រួមចំណែក​ក្នុងការ​បំពេញភារកិច្ច​ឱ្យមាន​ភាពជោគជ័យ​ជូន​អង្គភាព​របស់ខ្លួន​៕​