ដោយៈ​សុផល​/​ភ្នំពេញៈ​នៅ​រសៀល​ថ្ងៃទី​៦​ខែធ្នូ ឆ្នាំ​២០២១ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋសភា​អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​សព​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អតីត​នាយករដ្ឋមន្ត្រី​ទី​១ និង​ជា​អតីត​ប្រធានរដ្ឋសភា នៅ​ព្រះរាជដំណាក់​ក្នុង​រាជធានី​ភ្នំពេញ​។​

​សម្តេចក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ​បាន​យាង​សោយ​ព្រះ​ទិវង្គត កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា ម៉ោង ៣:៤០​នាទី ក្នុង​ព្រះជន្ម​៧៧​ព្រះវស្សា នៅ​ប្រទេស​បារាំង ។ ព្រះ​សព សម្តេចក្រុមព្រះ បាន​ដង្ហែរ​មកពី​ប្រទេស​បារាំង ដល់​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​៥ ខែធ្នូ ឆ្នាំ​២០២១ ដើម្បី ធ្វើបុណ្យ​ទក្ខិណានុប្បទាន តាម​គន្លង​ព្រះពុទ្ធសាសនា នា​ព្រះរាជតំណាក់ ស្ថិតនៅតាម​បណ្តា​យ​វិថី សម្តេច​ប៉ាន​។​

​សម្តេច​អ​គ្គមហាព​ញ​ចក្រី ហេង សំរិន និង​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា សូម​ឱន​កាយវាចា​ចិត្ត​ឧទ្ទិស​បួងសួង​ដល់​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ សូម​ព្រះអង្គ​យោង​ទៅកាន់​ព្រះ​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​បាន​ចូលរួម​រំលែក​ព្រះ​មរណទុក្ខ​ជាមួយ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ ជា​ព្រះ​ជាយា និង​ព្រះ​បុត្រា បុត្រី ព្រមទាំង​ព្រះរាជវង្សានុវង្ស ប្រកបដោយ សេចក្តី​ទុក្ខសោក​សង្វេគ​សោក​ស្តាយស្រណោះ អាឡោះអាល័យ​ស្ទើរ​រក​ទីបំផុត​គ្មាន​ចំពោះ​ការបាត់បង់ សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ដែលជា​ព្រះ​ឥស្សរជន​ខ្មែរ​ដ៏​ឆ្នើម​មួយ​ព្រះអង្គ ដែលមាន​ស្នា​ព្រះ​ហ​ស្ថ និង​បទពិសោធន៍​ជាច្រើន​ចូលរួម​កសាង​ជាតិ ប្រកបដោយ​ព្រះ​សមត្ថភាព និង​ពេញ​ព្រះ​ហ​ឬ​ទ័យ​សេ្ន​ហា ជាតិ សាសនា ព្រះមហាក្សត្រ រហូតដល់​អវសាន​ព្រះជន្ម​៕​សរន