​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ មន្ត្រីខេត្ត ស្រុក និង​មូលដ្ឋាន បាន​នឹង​បន្ត​ចុះ​អនុវត្ត ត្រួតពិនិត្យ បង្គោលព្រំ​ប្រទល់​ព្រៃ​លិច​ទឹក តំបន់​៣ បឹង​ទន្លេសាប តាម​ខ្លឹមសារ សេចក្តីសម្រេច លេខ​៤៧២/២១ សសរ ចុះ​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១ ស្តីពី​ការបង្កើត ក្រុមការងារ​ចម្រុះ ចុះ​ពិនិត្យ និង​ស្រាវជ្រាវ ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក នៅ​តំបន់​ទន្លេសាប ស្តិ​ត​ក្នុងភូមិ​សាស្ត្រ ឃុំ​ប្រាសាទ និង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ និង​ឃុំ​សំបួរ ស្រុក​មង្គល​បូរី ។​

​ប្រតិបត្តិការ​នេះ ជាការ​អនុវត្ត​នូវ បទបញ្ជារ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​ថ្លែង​កាលពី​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ដែល​បានចេញ​បទបញ្ជា យ៉ាង​ម៉ឺងម៉ាត់​មួយ ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាលខេត្ត​ទាំង ៥ ជាប់​តំបន់​ទំនាប ព្រៃ​លិច​ទឹក និង​បឹង​ទន្លេសាប ទប់ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់ ចំពោះ​ការ​លួច​កាប់​ព្រៃ លិច​ទឹក និង​វាទទី​យក​ដី នៅតាម​បឹង​ទន្លេសាប​។​

​លោក យឹម យឿន អភិបាលរង​ស្រុក និង ជា​ប្រធាន​ក្រុមទី​២ ប្រចាំ​ឃុំ​ប្រាសាទ បានឱ្យដឹង កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១ ថាៈ តាំងពី​ចេញ​សេចក្តីសម្រេច​នេះ រាល់ថ្ងៃ លោក និង មន្ត្រីរដ្ឋបាល​ស្រុក ឃុំ ភូមិ បានរួម​សហការ​ជាមួយ កម្លាំង​នគរបាល​ខេត្ត​/ ស្រុក និង កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក វរៈសេនីយ៍ឯក ជា តារា មេ​បញ្ជ​ការរង កង​រាជ​អាវុធ​ខេត្ត និង​លោក វរៈសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេ​បញ្ជ​ការ កងរាជអាវុធហត្ថ​មូលដ្ឋាន ស្រុក​ព្រះនេត្រព្រះ រួម​នឹង​សហការី ក្រុមការងារ បាន​បំពេញបេសកកម្ម ចុះ​ត្រួតពិនិត្យ មើល​បង្គោល​ព្រំប្រទល់ ព្រៃ​លិច​ទឹក​តំបន់​៣ បឹង​ទន្លេសាប នៅ​ចំណុច​អូរ​ជីក និង ចំណុច​គោក​ខ្សាច់ ក្នុងភូមិ​សាស្ត្រ ភូមិ​ឳ​ម៉ា​ល់​ចាស់ ឃុំ​ប្រាសាទ និង​បាន​អប់រំ​ដល់ ប្រជាពលរដ្ឋ មិនអោយ​បន្តការងារ​បង្កបង្កើន​ផល និង​រុករាន​ដី កាប់​ព្រៃ​លិច​ទឹក បន្តទៀត​។​

​មុននេះ ក្រុមការងារ​ប្រចាំការ នៅ​វត្ត​បត់​ត្រង់ ឃុំ​ប្រាសាទ បាន​បន្ត​បេសកកម្ម ចុះ​អនុវត្ត ការងារ តាម​ខ្លឹមសារ​សេចក្តីសម្រេច​នេះដែ​រ នៅ​ព្រៃ​លិច​ទឹក​តំបន់​៣ បង្គោល​អា​ល្បង បង្គោល​អា​ព្រិល បង្គោល​ខ្សាច់ ក្នុងភូមិ​ឳ​ម៉ា​ល់​ចាស់ និង​ភូមិ​បត់​ត្រង់ ឃុំ​ប្រាសាទ រួចហើយ​ផងដែរ ។​

​ចំណែក​លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ និង​អភិបាលរង​ម្នាក់ទៀត ក៏បាន​ចុះ​បេសកក្ម​ដូចគ្នានេះ នៅ​ភូមិសាស្ត្រ ឃុំ​ភ្នំ​លៀប ។​

​រីឯ​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី និង​អភិបាលរង មន្ត្រី​របស់លោក បាន​សហការ​ដូចគ្នានេះ​ដែរ ចុះទៅ​ព្រៃ​លិច​ទឹក​តំបន់​៣ តំបន់​៣ បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ឃុំ​សំបូរ ។​

​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​មេបញ្ជាការរង​ខេត្ត នាយ មន្ត្រី​អាវុធហត្ថ​ខេត្ត ស្រុក ចុះទៅ​បំពេញបេសកកម្ម ក្នុង​ស្មារតី​នេះ នៅ​ភូមិសាស្ត្រ​នៃ ២ ស្រុក​តែម្តង​។​

​ជាក់ស្តែង មិនមាន​បទល្មើស​ថ្មី តែមាន​ពលរដ្ឋ បាន​បង្កបង្កើន​លើដី​ស្រែ ដែល​ធ្លាប់ធ្វើ​ចាស់ រាល់​ឆ្នាំ ហើយក៏​ណែនាំ​អោយ​បញ្ឈប់​ធ្វើ​ថ្មី ។ តែ​កសិផល ធ្វើ​រួច ហើយ​ត្រៀម​ប្រមូល​ផល អាច​អនុញ្ញាត អោយ​ច្រូតកាត់ បាន​មួយ​រដូវ​ចុងក្រោយ ៕/V​