ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ ដែលមាន​ទីតាំង នៅក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា នឹងត្រូវ​សាងសង់ឡើង កំពស់ ២៦ ជាន់ ក្រោម​ដី ៣ ជាន់ និង​អាចដាក់​គ្រែ​សំរាក ពិនិត្យ​ព្យាបាល​អ្នកជំងឺ បាន​ពី ១៥០ ទៅ ២០០ គ្រែ ដែល​គ្រោង​សាងសង់ ឲ្យ​រួចរាល់ ក្នុង​រយៈពេល​ពី ៤ ទៅ ៥ ឆ្នាំ ។​

​សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ បានធ្វើ​ពិធី​ក្រុង​ពាលី នឹង​បញ្ចុះបឋមសិលា តាមបែប​សាសនា ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី សុំ​សេចក្តីសុខ​សេចក្តីចំរើន បើក​ការដ្ឋាន សាងសង់ នៅ​រសៀល​ថ្ងៃទី​៦ ធ្នូ​នេះ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ និង​លោកស្រី ដោយមាន​លោក វេជ្ជបណ្ឌិត ឈុន ឡាយ ជា​តំណាង​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នេះ​។​

​បើតាម​អ្នកគ្រប់គ្រង មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នេះ បាន​គូសបញ្ជាក់ថាៈ ដោយមាន​ការ ផ្តល់​ការគាំទ្រ និង​លើកទឹកចិត្ត ពី​សំណាក់ លោក ឃួ​ង ស្រេង និង​លោកស្រី បានធ្វើ​ឲ្យ គំរោង​សាងសង់ មន្ទីរពេទ្យ​ពហុ​ជំនាញ ភ្នំពេញ នាពេលនេះ ចេញ​ជា​រូបរាង ដើម្បី​បំរើសេវា សុខាភិបាល ជូន​ប្រជាពលរដ្ឋ ដោយ​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប ទាន់សម័យ និង​គ្រប់​ជំនាញ​។​

​លោក​តំណាង​មន្ទីរពេទ្យ បានបញ្ជាក់​ទៀតថាៈ សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នេះ សាងសង់ មាន​កំពស់ ២៦ ជាន់​, ក្រោម​ដី ៣ ជាន់ និង​អាចដាក់​គ្រែ​សំរាក ពិនិត្យ​ព្យាបាល អ្នកជំងឺ បាន​ពី ១៥០ ទៅ ២០០ គ្រែ និង​គ្រោង​សាងសង់ ឲ្យ​រួចរាល់ ក្នុង​រយៈពេល​ពី ៤ ទៅ ៥ ឆ្នាំ ដែលជា​ពេទ្យ​ឯកជន ដែល​បំរើសេវា​សុខភាព ដូច​ពេទ្យ​រដ្ឋ​ដែរ​ដោយ​គិត​ទៅលើ ការជួយ​សង្គ្រោះ ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ជា​ចំបង​។​

​សូមបញ្ជាក់ថា សម្រាប់​ក្របខ័ណ្ឌ​រាជធានី​ភ្នំពេញ គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួម​នឹង​អង្គភាព​ជំនាញ បាន​ដំណើរការ បង្ខិត​សេវា​សុខាភិបាល ពង្រឹង​និង​ពង្រីក​យន្តការ នៃ​ការផ្តល់សេវា​ផ្នែក​រដ្ឋ ព្រមទាំង​បង្កលក្ខណៈ​ងាយស្រួល ដល់​ការចូលរួម​របស់ សេវា​សុខាភិបាល​ឯកជន ក្នុងនោះ​គិត​ត្រឹម​ឆ្នាំ​២០២១​នេះ នៅ​រាជធានី​ភ្នំពេញ មាន​ការិយាល័យ សុខាភិបាល​ស្រុក​ប្រតិបត្តិ ចំនួន​៧, មន្ទីរពេទ្យ បង្អែក​ចំនួន​១, មន្ទីរពេទ្យ​ថ្នាក់ស្រុក ចំនួន​៧, មណ្ឌល​សុខភាព ចំនួន​៤៣, ប៉ុស្តិ៍​សុខភាព​ចំនួន​៧ ដែលជា​សេវា​គ្រប់គ្រង ដោយ​រដ្ឋ ព្រមទាំង​មាន​មូលដ្ឋាន សុខាភិបាល​ឯកជន ចំនួន ២៧៥៧ ទីតាំង បន្ថែមទៀត កំពុងផ្តល់​សេវា​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​ទូទៅ ជូន​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន​។​

​ក្នុងដំណាក់កាល ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ ដោយ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួម​នឹង​កងកំលាំង ប្រដាប់អាវុធ​, មន្ត្រីរាជការ រួម​នឹង​អង្គភាព​ជំនាញ បាន​ខិតខំ​ប្រឹងប្រែង យ៉ាង​ពេញទំហឹង ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ក្នុង​រាជធានី​ភ្នំពេញ តាមរយៈ​ការអនុវត្ត​វិធាន ចំបងៗ របស់​ក្រសួងសុខាភិបាល និង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បំរើ​សុខ​មា​ភាព របស់​ប្រជាពលរដ្ឋ​៕/V​