ដោយ​៖​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ដែលមាន​មុខរបរ​ដាំ​ស្ពៃ បាន​ត្អូញត្អែរ ពី​ដំណាំ​ស្ពៃ​របស់​ពួកគាត់​ត្រូវបាន​រង​ការ​លិច​ទឹក បន្ទាប់ពី​ក្រុមហ៊ុន​មួយ​បានធ្វើ​ផ្លូវ​ចាក់ដី​ធ្វើ​ផ្លូវ​បិទ​ផ្ជិ​ត ប្រឡាយ​បង្ហូរទឹក​មួយកន្លែង ។

​លោក ឈឿង ហួរ អាយុ ៥៣ ឆ្នាំ​ជា​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​ភូមិ​កោះក្របី និង​ស្ត្រី ឈ្មោះ ផា បានបញ្ជាក់​ប្រាប់ ក្រុម​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១ ថា ជា​រៀងរាល់ឆ្នាំ​ពួកគាត់​បាន​ដាំ​ស្ពៃ​នៅទីនេះ ដើម្បី​ចិញ្ចឹមជីវិត ហើយ​ឆ្នាំនេះ ពួកគាត់​បាន​ជួល​ដី​គេ​មក​ដាំ​ស្ពៃ ដូច​សព្វដង ។​

​ប៉ុន្តែ​នៅ​យប់​ថ្ងៃទី​៥ ធ្នូ បន្ទាប់ពី​មាន​ក្រុមហ៊ុន​មួយ បាន​ចាក់ដី​ធ្វើ​ផ្លូវ​បិទ​ប្រឡាយទឹក​ហូរ​ចេញ បណ្តាល​ឲ្យ​ជន់​លិច ស្ពៃ​របស់​ពួកគាត់​ខូចខាត ក្នុង​រយៈពេល​មួយ​យប់​ប៉ុណ្ណោះ​ស្ពៃ របស់​ពួកគាត់​ត្រូវបាន​លុច​លង់ អស់​ជាច្រើន​រង ។​

​ពួកគាត់​បាន​សំណូមពរ​ដល់​អាជ្ញាធរ ខេត្ត ក្រុង សូមមេត្តា​ជួយ​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន​ខាងលើ ជួយ​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ចេញ ដើម្បី​ឲ្យ​ពួកគាត់​អាច​បាន​ដាំ​ស្ពៃ​បាន​ដូច​សព្វដង​ផង​។​

​ជុំវិញ​ការធ្វើ​ផ្លូវ​បិទ​ប្រឡាយ​រំដោះ​ទឹក​នេះដែរ លោក បេ សា​រុំ អភិបាលរងក្រុង​កំពង់ឆ្នាំង​បាន​បញ្ជាក់ថា​អាជ្ញាធរខេត្ត​បាន​ឲ្យ​ក្រុមហ៊ុន​មួយ​ធ្វើ​ផ្លូវ បេតុង ប្រវែង 3 គីឡូម៉ែត្រ ចូលទៅ​ដី​ដែល​ត្រៀម​វិនិយោគ​ធ្វើ​បុរី មួយកន្លែង​នៅក្នុង​ភូមិ​កោះក្របី​ដោយ អាជ្ញាធរខេត្ត​បានអនុញ្ញាត​ច្បាប់​រួចហើយ ។​

​ទោះជា​យ៉ាងនេះ​ក្តី លោក ហ៊ីង ភ័ព្វ​មីនា​អភិបាលរង ក្រុង​កំពង់ឆ្នាំង បានបញ្ជាក់​ថា​លោក​មិនបាន​ដឹង​រឿង​ហ្នឹង​ទេ ប៉ុន្តែ​លោក​នឹង​ចុះ​អន្តរាគមន៍​ហើយ​នៅ​រសៀល​នេះ​ខាង​ក្រុមហ៊ុន​គេ​និង​កាយ​ដាក់លូ​ដើម្បី​រុំដោះ​ទឹក​អោយ​ហើយ​៕​