ដោយៈប.ជ័យ/ភ្នំពេញៈនៅ រសៀល​ថ្ងៃ​ចន្ទទី​៦ ខែធ្នូ ឆ្នាំ​២០២១មានកិច្ចប្រជុំ​អន្តរក្រសួង​នៅ​សាលាខេត្ត​បន្ទាយមានជ័យ ក្រោម​អធិបតីភាព​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ពិនិត្យ​របាយការណ៍ និង​ចាត់វិធានការ​បង្ក្រាប​ការទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្តបន្ទាយមានជ័យ ។

​លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទនៅល្ងាចថ្ងៃទី៦ខែធ្នូនេះបានបង្ហាញនៅលើបណ្ដាញ សង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា យោងតាម​ការស្រាវជ្រាវ​បឋម​របស់​ខេត្ត បាន​រកឃើញ​ការទន្ទ្រាន​និង​កាន់កាប់​ដី​រដ្ឋ​ក្នុង​តំបន់​៣ មាន​ចំនួន​១១​ទីតាំង ស្មើ​ផ្ទៃដី​ប្រមាណ ៥ ៣៥០​ហិកតា ស្ថិតនៅក្នុង​ឃុំ​ចំនួន ពីរ ក្នុងស្រុក ព្រះនេត្រព្រះ ក្នុងនោះ​មាន​៖ឃុំ​ប្រាសាទ បាន​ទន្ទ្រាន​កាន់កាប់​ដី​ក្នុង​តំបន់​៣​ចំនួន ៣​ទីតាំង ស្មើ ៦៥០​ហិកតា ក្នុងនោះ មាន​ត្រង់ចំណុច​បឹង​អា​ល្បង ប្រហែល​១០០​ហិកតា ចំណុច​បឹង​សំបុក​សត្វ​ប្រហែល ៥០០​ហិកតា និង​ចំណុច​បឹង​ជ្រោង​ប្រហែល ៥០​ហិកតា, ឃុំ​ភ្នំ​លៀប បាន​ទន្ទ្រាន​កាន់កាប់​ដី​ក្នុង​តំបន់​៣​ចំនួន ៨​ទីតាំង ស្មើ ៤ ៧០០​ហិកតា ក្នុងនោះ​មាន​ចំណុច​បឹង​ក្ងាន​ប្រហែល​៥០០​ហិកតា ចំណុច​បឹង​ក្ងាន​កើត​ប្រហែល​៥០០​ហិកតា ចំណុច​ក្នុង​-​ក្រៅ​អាង​តា​ម៉ាក​ប្រហែល ១ ០៧០​ហិកតា ចំណុច​ក្នុង​-​ក្រៅ​អាង​លី សំអាន ប្រហែល ១ ២៥០​ហិកតា ចំណុច​ក្នុង​-​ក្រៅ​អាង​តា​ស៊ុន ប្រហែល ៧០០​ហិកតា ចំណុច កៀន​ស្បូវ​ដល់​ក្រពើ​ស្គម​ប្រហែល ៤៧០ ហិកតា និង​ចំណុច​ក្របៅ​ប្រហែល ៣០០​ហិកតា​។​

​បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​លោក អ៊ុំ រាត្រី ​អភិបាលខេត្ត​បន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្ត្រី ប្រធាន​អង្គប្រជុំបានសម្រេច​ដាក់ចេញ​នូវ​វិធានការ​ចំនួន ១១ ចំណុច។ក្នុងនោះ៖១. ជូន​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ដកហូត​ដី​ដែលមាន​អំណាច និង​ប្រជាជន​ចូល​ទន្ទ្រាន និង​កាន់កាប់​ទាំងអស់​នៅ​តំបន់​៣ មកវិញ​ជាបន្ទាន់ និង​ត្រូវ​ចេញ​លិខិត​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ឃុំ បញ្ឈប់​ការពិនិត្យ​បញ្ជា​ក់លើ លិខិត​សុំ​កាន់កាប់​ដី និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ក្នុង​ដែន​ព្រៃ​លិច​ទឹក​ព្រមទាំង​ចេញ​លិខិត​បដិសេធ លើ​រាល់​លិខិត​ដែល​បានចេញ​រួច​ពី​ពេលមុន​។​
២.​ត្រូវ​រក្សាទុក​មួយអន្លើ​រ​សិន​នូវ​រាល់​ក្បាលដី​ណា​ដែល​បានចេញ​បណ្ណ​កាន់កាប់​ដី​មុន​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​១៩៩៩ កន្លងមក​។​
៣. ជូន​អាជ្ញាធរ​ទន្លេសាប ធ្វើការ​បោះបង្គោល​ព្រំ​មេ និង​រង​ក្នុង​តំបន់​៣ នៅលើ​ទីតាំង​ណា​មិនទាន់បាន​បោះ ឬ​បង្គោល​ដែល​បាន​បាត់ ។ ទន្ទឹមនឹងនេះ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ត្រូវ​បោះបង្គោល​ព្រំ​ធំ​ក្នុង​តំបន់​ការពារ​ព្រៃ​លិច​ទឹក តាម​អនុក្រឹត្យ ១៩៧ ដែលមាន​ចំនួន ៤៨ បង្គោល​។​
៤. ជូន​អាជ្ញាធរ​ទន្លេសាប ធ្វើការ​ដំឡើង​ប៉ាណូ បង្ហាញ​ពី​តំបន់​ការពារ​នៅតាម​ចំណុច​សំខាន់ៗ នៅ​ទីតាំង​បង្គោល​ដែល​បាន​បោះ ។​
៥. ជូន​រដ្ឋបាលខេត្ត ទប់ស្កាត់​ប្រជាជន​មិន​ការ​ចូលធ្វើ​ការដាំដុះ​នៅក្នុង​តំបន់​៣​ឡើយ ចាប់ពីពេលនេះ​តទៅ ។​
៦. ជូន​រដ្ឋបាលខេត្ត បន្ត​ចុះ​ស្រាវជ្រាវ​មុខសញ្ញា​ប្រជាជន​ខុសច្បាប​ដែល​ចូល​ទន្ទ្រាន និង​កាន់កាប់​ដី​តំបន់​៣ ខុសច្បាប់ ។​
៧. ផ្តល់ឱកាស​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើការ​ប្រមូល​ផល​ស្រូវ​សិន ក្នុងករណី​ដែល​ស្រូវ​ជិត​ប្រមូល​ផល ។
៨. ជូន​ព្រះរាជអាជ្ញា​យកចិត្តទុកដាក់​ដោះស្រាយ​ពាក្យបណ្តឹង ដែល​មន្ត្រី​នគ​បាល​បាន​កសាង​និង​ដាក់​សំណុំរឿង​រួចរាល់​។​
៩. ប្រគល់ជូន​អាជ្ញាធរ​ទន្លេសាប ដែលមាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម លើ​សំណើ​ចុះបញ្ជី​ដី​រដ្ឋ​ក្នុង​តំបន់​៣ ជាបន្ទាន់ ។​
១០. ជូន​អាជ្ញាធរ​មូលដ្ឋាន​សហកា​រ​ជាមួយ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​ក្រសួងបរិស្ថាន ចាត់ចែង​ធ្វើ​ការដាំដុះ​ព្រៃ​លិច​ទឹកជា​បន្ទាន់ ជាពិសេស​ដើម​ប្ញ​ស្សី​។​
១១. រដ្ឋបាលខេត្ត ត្រូវធ្វើ​ការប្រជុំ​បូកសរុប​វាយតម្លៃ​ពី​សកម្មភាព​ការការពារ និង​ទប់ស្កាត់​បទល្មើស​ការទន្ទ្រាន​កាន់កាប់​ព្រៃ​លិច​ទឺ​ក​ក្នុង​តំបន់​៣ ជា​រៀងរាល់​បី​ខែម្តង និង​ប្រចាំឆ្នាំ ៕សរន