ដោយ​៖​រ៉ា​ម៉ន​/​ព្រះវិហារ​៖ រង្វង់​មូល​ស្រអែម ស្ថិតក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ នៅ​ល្ងាច​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​លោក មាស សុភា ទេស រដ្ឋមន្ដ្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុម​កា​រង​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ លោក ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី ប្រធាន​មន្ទីរ មន្ដ្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​កុះករ​។​

​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​នេះ​លោក មាស សុភា បាន​មានប្រសាសន៍ថា រង្វង់​មូល​ស្រអែម​កើតឡើង​ពី​ការចូលរួម​ពី​សប្បុរសជន នានា​ក៏ដូចជា​ថ្នាក់ដឹកនាំ​កម្លាំង​មាន​សមត្ថកិច្ច​ដោយបាន​ចូលរួម​ជា​ថវិកា​រហូត​ស្ថាបនា​រង្វង់​មូល​ស្រអែម​នេះ​បាន​ជោគជ័យ និង​បានដាក់​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេលនេះ ។​

​លោក​បញ្ជាក់ថា ទីតាំង​នេះ​ពីមុន​គឺមាន​លក្ខណៈ​ស្មុគស្មាញ​ពិបាក​ក្នុងការ​ធ្វើដំណើរ ។ ប៉ុន្តែ​ពេលនេះ​ពោលគឺ​ក្រោយពី ស្ថាបនារ​ង្វ​ល់​មូល​ស្រអែម​នេះ​រួច​ពី​ទីតាំង​នេះ​មាន​សណ្ដាប់ធ្នាប់​ល្អប្រសើរ​ដែលជា​ទី​ទាក់ទាញ​ភ្ញៀវ​ជាតិ​អន្តរជាតិ​មក​កម្សាន្ត នៅ​ស្រុក​ជាំ​ក្សាន្ត​ឬ​ថតរូប​អនុស្សាវរីយ៍​នៅទីនេះ​ផងដែរ​។​

​លោក​ក៏បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ចំពោះ​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត ដែល​ដឹកនាំ​ការស្ថាបនា​រង្វង់​មូល​ដ៏​ល្អ​ប្រណិត​នេះ​បាន​ជោគជ័យ ។​លោក​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ទាំង​អាជ្ញាធរ ក៏ដូចជា​សប្បុរសជន​ដែល​បាន​ចូលរួម​ជា​ថវិកា​ក្នុងការ​សាងសង់​រង្វង់​មូល​នេះ​ផងដែរ​។​

​លោក មាស សុភា​ក៏បាន​បញ្ជាក់​ពី​ភាពយឺតយ៉ាវ​នៃ​ការសាងសង់​រង្វង់​មូល​ស្រអែម​នេះដែរ​ដោយ​លោក​បញ្ជាក់ថា ការសង់​សង់​ត្រូវ​ឆ្លងកាត់​នីតិវិធី​ជាច្រើន ដូចជា​ការស្នើសុំ​ទៅ​ក្រសួង​វប្បធម៌ អាជ្ញាធរ​អប្សរា​ឆ្លងកាត់​ការ​រចនា​ប្លង់ គូរ​ប្លង់​ដ៏​ពិបាក​ផងដែរ​។​លោក​មានបំណង​យូរហើយ ក្នុង​ការកសាង​រង្វង់​មូល​ស្រអែម​នេះ តែ​មិនដឹងថា​គួរ​ដាក់​រូបតំណាង​អ្វី នៅលើ​រង្វង់​មូល​ក្រោយ​ធ្វើការ​សិក្សា​ទើប​យើង​សម្រេចយក​រូប​ប្រាសាទព្រះវិហារ​មក​ដាក់​លើ​រង្វង់​មូល​ស្រអែម​នេះ​។​

លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បាន​មានប្រសាសន៍ថា​៖ រង្វង់​មូល​ស្រអែម ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី ២ ខែមករា ឆ្នាំ​២០១៩ និង បញ្ចប់​ការសាងសង់​ទាំងស្រុង កាលពី​ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ​២០២០ ។ រង្វង់​មូល​ស្រអែម មាន​អង្កត់ផ្ចិត មាន​ប្រវែង ៤០ ម៉ែត្រ (​កាំ​២០​ម៉ែត្រ​)​កម្ពស់ ៦,៤ ម៉ែត្រ​, ផ្ទៃក្រឡា ១២៥៦ ម៉ែត្រការ៉េ និង មាន​បរិមាត្រ​ប្រវែង ១២៥,៦៦ ម៉ែត្រ ។​រូបសំណាក​តួ​ប្រាសាទ​នៅ​ចំ​កណ្តាល​រង្វង់​មូល​នេះ គឺ​យក​លំនាំ​តាម​គោ​បុ​រៈ​ទី​៥ ប្រាសាទព្រះវិហារ ហើយ​រូបសំណាក​ដែល​ស្ថិតនៅ​ចំ​កណ្តាល​រង្វង់​មូល​នេះ​ទៀតសោត មាន​ទំហំ​ស្មើនឹង ៧០​ភាគរយ​នៃ​តួ​ប្រាសាទ​ដើម​។ មាន​ទីតាំង ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៦២(​បង្គោល​គ​.​ម លេខ​២១២) ជា​ចំណុច​ផ្លូវ​ប្រសព្វ ស្ថិតនៅ​ភូមិ​ស្រអែម​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​រង្វង់​មូល​នេះ​ក៏មាន​ការដាំ​ស្មៅ​និង​រុក្ខជាតិ លម្អ​ដ៏​ស្រស់ស្អាត​។​ជាពិសេស​មានការ​បំពាក់​ជូន​ទៅដោយ​ឧបករណ៍​ហាត់ប្រាណ មួយចំនួន​ដើម្បី​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅទីនេះ​។​

​លោក​បន្តថា សំណង់​ដ៏​គួរ​ជាទី​ស្ញប់ស្ញែង​នេះ គឺមាន​ការផ្តួចផ្តើម​កសាង​ឡើង​ដោយ លោក​មាស សុភា​ទទួលបន្ទុក បេសកកម្ម​ពិសេស​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ​និង​ដឹកនាំ​អនុវត្ត​ការសាងសង់​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ផ្ទាល់​ដោយ​ចំណាយ បាន​ថវិកា​អស់​ប្រមាណ ៥០០​លាន​រៀល​ស្មើនឹង​ប្រមាណ ១២៥.០០០​ដុល្លារ ។​ជា​ថវិកា​បានមកពី​ការចូលរួម​ឧបត្ថម្ភ​ពី​សំណាក់​សប្បុរសជន រួមមាន​៖ លោក​ទេសរដ្ឋមន្ត្រី​មាស សុភា និង លោកស្រី ,​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មន្ត្រីក្រោមឱវាទ​លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ និង លោកស្រី​លោក អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង លោកស្រី​,​លោក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​លេខ​៣ និង​សហការី ,​លោក​គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​សហការី​,​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​មន្ត្រីក្រោមឱវាទ ,​លោក មាស ធីប​ញ្ញ ឧបត្ថម្ភ​នូវ​សម្ភារ​ហាត់ប្រាណ​ដែល​ត្រូវ​បំពាក់​នៅ​ទីធ្លា​រង្វង់​មូល លោក កែវ ឧបត្ថម្ភ​នូវ​ថាមពល​អគ្គិសនី​បំភ្លឺ​រង្វង់​មូល​សម្រាប់​រយៈពេល​២​ឆ្នាំ ចាប់ពី​ខែឧសភា ឆ្នាំ​២០២០ រហូតដល់ ខែឧសភា ឆ្នាំ​២០២២ ព្រមទាំង​សប្បុរសជន​នានា​ជាច្រើនរូប​ទៀត​។​

​លោក​ក៏បាន​សូម​ឧទ្ទិស​បុណ្យ​កុសល ដែល​បានមក​អំពី​ស្នាដៃ​កសាង​រង្វង់​មូល​ស្រអែម​នេះ ដល់​កងកំលាំង ប្រដាប់អាវុធ វីរជន​អ្នកស្នេហាជាតិ និង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​គ្រប់​ជំនាន់ ដែល​បាន​ពលី​ក្នុងអំឡុង​សង្គ្រាម ការពារ​ទឹកដី​ខ្មែរ​យើង​ឱ្យ​រួច​ផុតពី​ការឈ្លានពាន​ពីស​ត្រូវ​បរទេស​។ សូមអោយ​ពលិកម្ម​នេះ​ប្រែក្លាយ​ទៅជា​មនសិកា ស្នេហា​ជាតិ​យ៉ាង​មោះមុត​សម្រាប់​ខ្មែរ​គ្រប់រូប ជាពិសេស​ដល់​កងកម្លាំង​ប្រដាប់អាវុធ វីរជន​ស្នេហា​ជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅក្នុង​សម័យកាល​សម្ដេច​តេ​ជោ ហ៊ុន សែន​យើង​។​
គួរ​បញ្ជាក់ថា ក្នុង​កម្មវិធី​នោះ លោក ទេស រដ្ឋមន្ដ្រី​មាស សុភា ក៏បាន​បំពាក់​មេដាយ​និង​ប័ណ្ណសរសើរ​ជូន​មន្ត្រីរាជការ​និង​សប្បុរសជន​ដែល​បាន​ចូលរួម​ជា​ថវិកា​ក្នុងការ​ស្ថាបនា​រង្វង់​មូល​នេះ​៕​សរន​