ដោយ​៖​តារា​រិ​ទ្ធ​/​ព្រៃវែង​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានលើកឡើង​ថា​មាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ចំនួន​៣​ដែល ត្រូវ​សាងសង​នាពេលខាងមុខ​ក្នុងនោះ​រួមមាន​គម្រោង​ផ្លូវ​និង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​រវាង​ខេត្ត​ក្រចះ​និង​ខេត្តកំពង់ធំ ,​គម្រោង​ផ្លូវ​និង​ស្ពាន​ឆ្លងកាត់​ទន្លេសាប​រវាង​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​,​គម្រោង​ផ្លូវ​ត​ភ្ជាប់​ពី​ខេត្តបាត់ដំបង​ទៅកាន់​ខេត្តសៀមរាប​ឆ្លងកាត់​ទន្លេសាប និង កំពុង​សិក្សា​ផ្លូវ​ត​ភ្ជាប់​រវាង​ស្រុក​ល្វាឯម​ខេត្ដ​កណ្ដាល​ភ្ជាប់​មក​ផ្លូវ​លេខ​ជាតិ​លេខ ១១ ខេត្តព្រៃវែង​រហូតដល់​ព្រំដែន​វៀតណាម​ដែលមាន​តម្លៃ ៧០ លាន​ដុល្លារ ,​បើទោះបីជា​កម្ពុជា​បាន​សាងសង់​ផ្លូវ​រហូត​១៥,០០០​គីឡូម៉ែត្រ​និង​ស្ពាន​រាប់រយ​ហើយក៏​ដោយ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​១១ និង ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង​ប្រវែង​សរុប ៩៦,៤៨​គីឡូម៉ែត្រ​ចាប់ពី​អ្នក លឿង​(​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​១)ខេត្តព្រៃវែង ដល់​ថ្នល់ទទឹង​(​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៧) ខេត្ត​ត្បូងឃ្មុំដែល​ស្ថាបនា ​ឡើង​ក្រោម​ហិរញ្ញប្បទាន​របស​សាធារណរដ្ឋ​ប្រជា មានិត​ចិន និង ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​ដែលមាន​ទឹកប្រាក់​ចំនួន ៩៨,៣៨៨ លាន​ដុល្លារ​នា​ព្រឹក​ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ​២០២១ នៅ​ខេត្តព្រៃវែង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​មោទនភាព និង​អបអរសាទរ​ចំពោះ​សមិទ្ធផល​ផ្លូវជាតិ​១​ខ្សែ​ទៀត សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រៃ វែង និង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។ ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​នាពេលនេះ គឺជា​ការបង្ហាញ​ចេញពី​សមិទ្ធផល​ដែល​កើតចេញពី​ប្រទេស​មាន​សុខសន្តិភាព និង​កើតចេញពី​ចំណងមិត្តភាព​ដ៏​រឹងមាំ​រវាង​កម្ពុជា​-​ចិន​ផងដែរ​។ សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ដល់​ប្រធា នាធិបតី​ចិន ឯកឧត្តម ស៊ី ជិន​ពីង ដែល​តែងតែ​គាំទ្រ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ដែល​មកដល់ពេលនេះ ចិន ជួយ​សាងសង់​ផ្លូវ​ជាង ៣​ពាន់​គីឡូម៉ែត្រ និង​ស្ពាន​ជាច្រើន​ទៀត​។​

​បើតាម​របាយការណ៍រ​បស់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានឱ្យដឹងថា​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង មាន​ប្រវែង​សរុប​៩៦,៤៨​គីឡូម៉ែត្រ​ចាប់ពី​អ្នក​លឿង (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​១) ស្ថិតក្នុង​ភូមិ​លេខ​៤ ឃុំ​ព្រែក​ខ្សាយ​-​ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ទៅដល់​ថ្នល់ទទឹង (​ចំណុច ប្រសព្វ​ផ្លូវជាតិ​លេខ​៧) ស្ថិត​ក្នុងភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដោយ​ក្នុងនោះផ្លូវ​ឆ្លង កាត់​ភូមិសាស្ត្រ​ខេត្តព្រៃវែង មាន​ប្រវែង​៦៥,៥៥​គីឡូម៉ែត្រ និង​ភូមិសាស្ត្រខេត្ត​ត្បូងឃ្មុំ មាន​ប្រវែង​២១,១៣​គីឡូម៉ែត្រ រួមទាំង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង​ចំនួន​២​កន្លែង​មាន​ប្រវែង​៩,៨០​គីឡូម៉ែត្រ​។ ផ្លូវជាតិ​លេខ​១១ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ​លើក​កម្រិត​គុណភាពនិង​ពង្រីក​ទទឹ ងផ្លូវ​ពី ៩​ម៉ែត្រ ទៅ ១១​ម៉ែត្រ ក្រាល​ស្រទាប់​គ្រឹះ​ទាំង​លើ និង​ក្រោម កម្រាស់​៦០​សង់ទីម៉ែត្រ​។ ទទឹង​តួ​ផ្លូវ​មាន​ប្រវែង ១១​ម៉ែត្រ ក្នុងនោះ ៧​ម៉ែត្រ​សម្រាប់​រថយន្ត​ចរាចរណ៍ ចែកជា ២​គន្លង (១​ទៅ ១​មក​) និង​ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត មាន ២​គន្លង (១​ទៅ ១​មក​) សាងសង់​ស្ពាន​ចំនួន ២​កន្លែង​ប្រវែង សរុប ២១០​ម៉ែត្រ ដាក់លូ​ជ្រុង​ចំនួន ៣​កន្លែង លូ​មូល​ចំនួន ៩១​កន្លែង និង​លូ​ដាក់​តាម​ប្រឡាយ​សងខាង​ផ្លូវ​ចំនួន ១៩២​កន្លែង រួមទាំង​ការងារ​រៀបចំ​ផ្លាកសញ្ញា​ចរាចរណ៍​គំនូស ចរាចរណ៍​បង្គោលគីឡូម៉ែត្រនិង​បង្គោល​សុវត្ថិភាព​តាម​ដងផ្លូវ​ផងដែរ​។ ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី​បន្ដថាគម្រោង​នេះសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៤៤​ខែ (​ប៉ុន្តែ​ការសាងសង់​ជាក់ស្តែង​ត្រឹមតែ ៣០​ខែ ប៉ុណ្ណោះ គិត​ចាប់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ និង​បញ្ចប់​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ លឿន​ជាង​ផែនការ​គ្រោងទុក ១៤​ខែ​) ចំណាយ​ថវិកា​សាងសង់​សរុប ៩៨,៣៨៨​លាន​ដុល្លារ រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ការងារ​ដោះស្រាយ​ផលប៉ះពាល់​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ផងដែរ​។

​លោក​ទេសរដ្ឋមន្ដ្រី​លើកឡើងថា​ផ្លូវជាតិ​លេខ​១១ នេះ នឹង​ក្លាយជា​ខ្សែ​ផ្លូវ​ដ៏​មាន​សក្តានុពល​ត​ភ្ជាប់​ទំនាក់ទំនង​រូបវន្ត ស្ថាប័ន និង​ប្រជាជន រវាង​ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ​ជាមួយ នឹង​រាជធានី​-​ខេត្ត​ផ្សេងៗ​ដទៃទៀត និង​ជា​ផ្លូវ​មួយ​ដែល​ជួយ​សម្រួល​ដល់​ចរាចរណ៍ ការដឹកជញ្ជូន​ទំនិញ អ្នកដំណើរ និង​ទេសចរ ព្រមទាំង​កសិផល និង​ដំណាំ​កសិឧស្សាហកម្ម ផ្សេងៗ​ជាច្រើន​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ធុរកិច្ច​នានា​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ឆាប់រហ័ស និង​ចំណាយ​តិច​។ ផ្លូវ​នេះ ត្រូវបាន​ចាត់ទុកថា​ជា​សរសៃឈាម​និង​ដង្ហើម​សេដ្ឋកិច្ច​ដ៏​រស់​រវើក​របស់​ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំនិង​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​រួមចំណែក​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ភស្តុភា​រកម្មនៅ​កម្ពុជា​សំដៅ​ទាញយក​អត្ថប្រយោ ជន៍​ឱ្យបាន​ច្រើន​លើសលប់​ពី សមា​ហរ​ណ កម្ម​ផ្ទៃក្នុង និង​តំបន់​។​

​ចំណែក​លោក Wang Wentian ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា ការបញ្ចប់​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​១១​នឹង​ជួយ​កែលម្អ​បណ្ដាញ​ផ្លូវថ្នល់​ក្នុង ប្រទេស​កម្ពុជា ជួយ​កែលម្អ​ស្ថានភាព​រាំងស្ទះ​នៃ​ចរាចរណ៍​ក្នុង​តំបន់​កណ្ដាល​នៃ​ប្រទេស​កម្ពុ​ជាមាន​អត្ថប្រយោជន៍​ជួយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម តាម​បណ្ដោយ​ផ្លូវ​មួយ​នេះ​ជួយ​បង្កើត​លក្ខខណ្ឌ​កាន់តែ​ល្អប្រសើរ​សម្រាប់​ខេត្តព្រៃវែង និង​ខេត្ត​ត្បូង ឃ្មុំ​ក្នុងការ​ដឹកជញ្ជូន និង​ពាណិជ្ជកម្ម​ស្រូវ​អង្ករ ផ្លែឈើ និង​ជលផល​។ លោក​គូស​បញ្ជាក់ទៀតថា ភាគី​ចិន​នឹង​បន្ត​ជួយ​កសាង​ផ្លូវថ្នល់​និង​ស្ពាន​ជូន​ដល់​កម្ពុជា ជួយ​កម្ពុជា​សម្រេចបាន​នូវ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម កែលម្អ​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​លោក​ឯកអគ្គរដ្ឋទូត​ចិន​នៅ​កម្ពុជា​បានប្រកាសថា​ពេលនេះ​មន្ត្រី​ជំនាញ​របស់​ចិន​កំពុង​សិក្សា​លក្ខខណ្ឌ​បច្ចេកទេស​ភូតគាម​អនាម័យ​លើ​ផ្លែ​មៀន​និង​ត្រី​ប្រា​របស់​កម្ពុជា​ដើម្បី​បើក ឱកាស​ក្នុងការ​នាំចូល​ទៅកាន់​ប្រទេស​ចិន ។ លោក​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់ថា​ពេលនេះ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​មរ​បស់​ចិន​កំពុង​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ ក្រសួងសុខាភិបាល​កម្ពុ​ជា​ដើម្បី​សិក្សា​និង​ស្រាវជ្រាវ​ក្នុង​ការផលិត​វ៉ាក់សាំង​នៅ​កម្ពុជា​ហើយ​នៅក្នុង​ឆ្នាំក្រោយ​ប្រជាជន​កម្ពុជា​នឹង​អាច​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ដែល ផលិត​នៅក្នុង​ប្រទេស​តែម្តង​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំដែង​មោទនភាព​និង​បាន​អបអរសាទរ​នូវ​សមិទ្ធផល​ផ្លូវជាតិ​១​ខ្សែ​ទៀត​សម្រាប់​បងប្អូន​ប្រា​ជា​ពលរដ្ឋ​នៅ​ខេត្តព្រៃវែង​និង​ខេត្ត​ត្បូងឃ្មុំ​ក៏ដូចជា​បងប្អូន ប្រជាពលរដ្ឋ​ទូទាំងប្រទេស ។ ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​នាពេលនេះ​គឺជា​ការបង្ហាញ​ចេញពី​សមិទ្ធផល​ដែល​កើតចេញពី​សុខសន្តិភាព​និង​កើតចេញពី​ចំណងមិត្តភាព​ដ៏​រឹងមាំ រវាង​កម្ពុជា​-​ចិន​ផងដែរ​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង ដែល​តែងតែ​គាំទ្រ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ដែល​មក ដល់ពេលនេះ ចិន ជួយ​សាងសង់​ផ្លូវ​ជាង​៣០០០​គីឡូម៉ែត្រ​និង​ស្ពាន​ជាច្រើន​ទៀត ។ សម្តេច​តេ​ជោ​បាន​ថ្លែងថា​សម្តេច​កំពុង​ឱ្យ​សិក្សា​ផ្លូវ​ត​ភ្ជាប់​រវាង​ស្រុក​ល្វាឯម​ភ្ជាប់​មក​ផ្លូវ​លេខ ១១​នេះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀតថា​យើង​មាន​គម្រោង​ធំៗ​ចំនួន​៣​ទៀត​ដែល​កម្ពុជា​ត្រូវ​សាងសង់​រួមមាន​៖​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ​និង​ផ្លូវ​ត​ភ្ជាប់​ពី ខេត្តក្រចេះ​ទៅ​កំពង់ធំ​និង​ផ្លូវ​ស្ពាន​ឆ្លងកាត់​ទន្លេសាប​ត​ភ្ជាប់​កំពង់ឆ្នាំង​និង​កំពង់ធំ​ហើយ​ផ្លូវ​ត​ភ្ជាប់​ខេត្តបាត់ដំបង​និង​សៀមរាប​ផងដែរ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សំដែង នូវ​ការសោកស្តាយ​ដោយសារតែ​កូ​វីដ​១៩ ធ្វើ​ឲ្យ​ប្រាក់​សន្សំ​របស់​កម្ពុ​ជាមាន​ការ​ស្រស់​ស្រុះ​ចុះ ដែល​ប៉ះពាល់​ទៅដល់​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ។ សម្តេច​បន្តថា ទោះបី​យើង​បាន​សាងសង់​ផ្លូវ​បាន​ជាង​១៥,០០០ គីឡូម៉ែ ត្រ​ហើយក៏​ដោយ តែ​យើង​នៅ​ត្រូវ​ការសាងសង់​ផ្លូវ​បន្ថែម​រហូតដល់ ៣ ម៉ឺន​គីឡូម៉ែត្រ និង ស្ពាន​រាប់រយ​បន្ថែមទៀត​ដើម្បី បំ​ព្រួញ​ចំងាយ​ផ្លូវ​ឲ្យ​ការ​តែ​ជិត និង ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​និង​ដឹកជញ្ជូន​កសិផល​ពី​ជនបទ​ទៅកាន់​ទីប្រជុំជន ៕