ដោយ​៖​តារា​រិ​ទ្ធ​/​ព្រៃវែង​៖សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្ដែង​នូវ​ការរីករាយ​សប្បាយចិត្ត​ចំពោះ​អ្វីដែល​ជាការ​ចង់បាន របស់​សម្តេច​ត្រូវបាន​មិត្ត​ចិន​ផ្តល់ជូន​តាម​សំណើ ដែល​ក្នុងនោះ​គឺ​ការបង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន​ស៊ី​ណូ​ហ្វា​ម​ប្រទេស​ចិន​នៅលើ​ទឹកដី កម្ពុជា​នៅ​ឆ្នាំក្រោយ​និង ការដែល​មិត្ត​ចិន​បាន​កំពុង​សិក្សា​លក្ខខណ្ឌ​បច្ចេកទេស​ភូតគាម​អនាម័យ​ដោយ​វាយតម្លៃ​តាម​អន​ឡាញ​ទៅលើ​ផ្លែ​មៀន​និង​ត្រី​ប្រា​របស់​កម្ពុជាដោយ​សម្តេចចាត់ទុកថា​នេះ​គឺជា​កាដូ​ចុង​រៀប​ចុងឆ្នាំ​របស់​ប្រទេស ចិន​ សម្រាប់​កម្ពុជា​។​

​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង​ប្រវែង​សរុប ៩៦,៤៨​គីឡូម៉ែត្រ ចាប់ពី​អ្នក​លឿង​(​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​១) ខេត្តព្រៃវែង ដល់​ថ្នល់ទទឹង​(​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៧)​ខេត្ត​ត្បូ​វ​ឃ្មុំ​នា​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០២១​នៅ​ខេត្តព្រៃវែង​។​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖ ខ្ញុំ​ពិតជា​សប្បាយ​រីក រាយ​ណាស់​ចំពោះ​វត្ត​មាននៃ​រោងចក្រ​ផលិត​វ៉ាក់សាំង​នៅលើ​ទឹកដី​កម្ពុជា វា​នឹង​ជួយ​បង្កើត​ការងារ​ឱ្យ​ឱសថការី​និង​អ្នករៀន​ផ្នែក​វេជ្ជសាស្ត្រ​ព្រមទាំង​ការងារ​សម្រាប់​ប្រជាពលរដ្ឋ កម្ពុជា​បាន​បន្ថែមទៀត ហើយ​វា​អាច​ឲ្យ​យើង​ចំណេញ​បាន​ប្រមាណ ៣០​ភា​គេ​យ បើ​ប្រៀបធៀប​ការទិញ​វ៉ាក់សាំង​ពី​ក្រៅប្រទេស និង អាច​ចំណេញ​លើ​ថ្លៃ​ដឹកជញ្ជូន​ផងដែរ យើង អាច​ផលិត​វ៉ាក់សាំង​ដើម្បី​បំរើ​នៅក្នុង​ប្រទេស​ផង និង នាំចេញ​លក់​ទៅ​ប្រទេសជិតខាង​ផង ។​សម្តេច​តេ​ជោ​ក៏បាន​បញ្ចាក់​ផងដែរ​ថា​ការយក​វ៉ាក់សាំង​មក​ផលិត​នៅ​កម្ពុជា​នេះ​គឺ​កម្ពុ ជា​ត្រូវ​ទិញ​មិនមែន មិន​ចំណាយលុយ​នោះទេ ។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ទៀតថា​៖ «​ការផ្ដល់ឱ្យ​កម្ពុជា​សម្រាប់​ការនាំ​ចេញទៅ​ប្រទេស​ចិន​នូវ​ផ្លែ​មៀន​និង​ត្រី​ប្រា ទៅ​ប្រទេស​ចិន​គឺជា​កាដូ​ចុង​រៀប​ចុងឆ្នាំ​របស់​ប្រទេស​ចិន សម្រាប់​កម្ពុជា​ហើយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​ចិន​នឹង​ចូល​ជាធរ​មាននៅ​ខែមករា​ខាងមុខ​ដែល​ធ្វើឱ្យ​កម្ពុ​ជាមាន​ដង្ហើម​ដក​កាន់តែ​ល្អ ។ ដូច្នេះ​យើង​ត្រូវ​ប្រឹង​ផលិត ដើម្បី​បម្រើការ​នាំចេញ​និង​ផ្គត់ផ្គង់​ខ្លួនឯង​ឱ្យ​កាន់តែ​ល្អ »​។​

​គួរ​បញ្ជាក់ដែរថា​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​១១​និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង​លោកWang Wentian ឯកអគ្គរដ្ឋទូត​នៃ​សាធា រណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ កម្ពុជា​បានលើកឡើង​ថា​មាន​ដំណឹង​ល្អ​ចំនួន​ពីរ​សុំ​ចែករំលែក​ជូន​អ្នក​ទាំងអស់គ្នា​ដោយ​ទី​១.​ភាគី​ចិន​បានសម្រេច​ចិត្ត​ធ្វើការ​សិក្សា​និង​វិភាគ​ហានិភ័យ​លើ​ផ្លែ​មៀន​និង​ត្រី​ប្រា​កម្ពុជា ដោយ​តាមរយៈ​វីដេអូ​ពី​ចម្ងាយ​គឺជា​វិធានការ​សំខាន់​មួយ​ដើម្បី​អនុវត្តន៍​កុង​សុង​ស៊ី​ស​ក្នុង​កិច្ចប្រជុំ​តាមរយៈ​វី​ឌី​អូរ​វាង​លោកនាយក​រដ្ឋមន្ត្រី​ចិន Li Keqiang និង សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ។

​លោក​បាន​បន្តថា​ប្រសិនជា​រលូន​ផ្លែ​មៀន​កម្ពុជា​នឹង​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នាពេល​រដូវ​ប្រមូល​ផល​លើក​ក្រោយ ។ រីឯ​ត្រី​ប្រា​វិញ​នឹង​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ក្នុង ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ទី​២.​គឺ​ភាគី​ចិន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការលើកឡើង​របស់​សម្ដេច​តេ​ជោ​ស្តីអំពី​គម្រោង​បង្កើត​រោងចក្រ​វ៉ាក់សាំង​ក្រុមហ៊ុន​ស៊ី​ណូ​ហ្វា​ម​ចិន​កំពុងតែ​ទំនាក់ ទំនង​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ។ ប្រហែល​ឆ្នាំក្រោយ​ប្រជាជន​កម្ពុជា​នឹង​អា ច​ប្រើប្រាស់​វ៉ាក់សាំង​កូ​វី​ដដែល​ផលិត​ក្នុងស្រុក​ខ្មែរ​បាន​។ លោក​ឯកអគ្គរដ្ឋទូត​ចិន​បាន​បន្តថា«​ខ្ញុំ​ជឿជាក់ថា​តាមរយៈ​ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​និង​កម្ពុជា​និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ​(RCEP)​ដែលមាន ការចូលរួម​ពី​ភាគី​ចិន​និង​កម្ពុជា​ការកសាង​សហគមន៍​វាសនា​រួម​រវាង​ចិន​និង​កម្ពុជា​នឹង​បញ្ចេញ​ថាមពល​កាន់តែ​ខ្លាំងក្លា​»​។​លោក Wang Wentian បាន​ថ្លែង​សង្កត់ធ្ងន់ថា​៖«​ចូរ យើង​ពួតដៃគ្នា​បោះជំហាន ទៅមុខ ដើម្បី​បង្កើត​សមិទ្ធផល​ថ្មីៗ​សម្រាប់​ចំណងមិត្តភាព​ចិន​និង​កម្ពុជា​នាពេលខាងមុខ​» ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​ក្តី​សង្ឃឹមថា​វត្តមាន​ត្រី​ប្រា​របស់​កម្ពុជា​និង​មាន​វត្តមាន​នៅលើ​តុ​បាយ​របស់​ប្រជាជន​ចិន​,​ហើយ​តាមរយៈ​ទីផ្សារ​ប្រទេស​ចិន​ចំនួន​អ្នក​ចិញ្ចឹម​ត្រី នៅ​កម្ពុជា​នឹងមាន​ការកើនឡើង ៕​