ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា លោក វុន ម៉ោង​លីន បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា រយៈពេលពីរ​ថ្ងៃ ថ្ងៃទី​៦-៧ ខែធ្នូ ឆ្នាំ​២០២១​។ តាម​កម្មវិធីនៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ លោក វុន ម៉ោង​លីន នឹង​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​វិមាន​សន្តិភាព​។ បន្ទាប់ពី​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន រួច លោក វុន ម៉ោង​លីន នឹង​អញ្ជើញ​ជួបពិភាក្សា​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ក្រសួងការបរទេស​។

​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រមុខ​ការទូត​មី​យ៉ាន់​ម៉ា ក្នុង​រដ្ឋាភិបាលយោធា​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​លាំង គឺ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជា​សាធារណៈ ២​លើក ពី​បំណង​របស់​សម្តេច ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​មី​យ៉ាន់​ម៉ា​។ នោះ​គឺ​បើ​មិនអាច​ឈានទៅ​ដោះស្រាយ​ជម្លោះផ្ទៃក្នុង ក៏​កម្ពុជា តាមរយៈ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២ អាច​នាំ​មី​យ៉ាន់​ម៉ា ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឡើងវិញ​ដែរ​។​

​ទាំង​នៅក្នុង​ពិធី​សម្ពោធ​ផ្លូវ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២ ខែធ្នូ ហើយ​បន្ត​ដល់​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​១១ នៅ​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ គឺ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ពី​បំណង​របស់​សម្តេច ដែល​ត្រូវ​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ​មី​យ៉ាន់​ម៉ា លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​លាំង ហើយ​សម្តេច ក៏​ត្រៀម​នឹង​ទៅ​ទស្សនកិច្ច នៅ​មី​យ៉ាន់​ម៉ា ដើម្បី​ជួប​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​លាំង ដើម្បី​ធ្វើការ​ជាមួយគ្នា​។​

​យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា គេ​មិនអាច​ប្រៀប​ធ្រៀ​ប​ប្រទេស​មី​យ៉ាន់​ម៉ា ទៅនឹង​ប្រទេស​អាហ្កានីស្ថាន​នោះទេ​។ ម្យ៉ាង​ក៏​យើង​មិន​ទៅណា​ឆ្ងាយ​ពី​គោលការណ៍​រួម​អាស៊ាន ដែល​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ផង​គ្នា​ឡើយ​។ តែ​ក៏​យើង​មិនអាច​យក​រូបមន្ត​អង្គការសហប្រជាជាតិមក​អនុវត្ត​នៅ​អាស៊ាន​នោះទេ​។​

​ករណី​មី​យ៉ាន់​ម៉ា ក៏ត្រូវ​បាន​សម្តេច​តេ​ជោ និយាយ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន និង​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី រួចហើយ ក្នុង​កិច្ចប្រជុំ​ដាច់ដោយឡែក​ពីគ្នា កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២១​ថា តើ​ត្រូវ​ដុត​ផ្ទះ​ខ្លួនឯង ដើម្បី​តម្រូវ​ចិត្ត​អ្នកដទៃ​? ឬក៏​ពេលនេះ ជា​ពេល​ពង្រឹង​អាស៊ាន​ឡើងវិញ ពី​អាស៊ាន ៩​ប្រទេស ទៅ ១០​ប្រទេស​ឡើងវិញ​? ពីព្រោះ​មី​យ៉ាន់​ម៉ា មិនដែល​ប្រកាស​ផ្តាច់ខ្លួន ចេញ​អាស៊ាន​នោះទេ​។ នៅក្នុង​ធម្មនុញ្ញ​អាស៊ាន មិនមែន​អ្នកណា​ហ៊ាន​ដេញ​សមាជិក​ចេញ​នោះទេ​។

​ករណី​មី​យ៉ាន់​ម៉ា បើ​សំអាង​លើ​រដ្ឋប្រហារ​យោធា ដឹកនាំ​ដោយ​ក្រុម​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​លាំង នាំ​ឲ្យ​អាស៊ាន ទាត់ចោល​មី​យ៉ាន់​ម៉ា នាំ​ឲ្យ​មាន​សំណួរ​ចោទ​លើ​ប្រទេស​ថៃ ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូរ​ចា បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ ក៏​តាមរយៈ​រដ្ឋប្រហារ ទម្លាក់​លោកស្រី យី​ង​ឡាក់ កាលពី​កាលពី​ខែ ឧសភា ឆ្នាំ​២០១៤​។ ប៉ុន្តែ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូរ​ចា ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ និង​ចូលរួម​រាល់​កិច្ចប្រជុំ​កំពូល​រវាង​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដទៃទៀត​។​

​យ៉ាងណាក៏ដោយ ក្នុងពេល​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា គឺ​នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែធ្នូ តុលាការយោធា​មី​យ៉ាន់​ម៉ា បាន​កាត់ទោស ឲ្យ​លោកស្រី អ៊ុង សាន​ស៊ូ​ជី ជាប់ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ ក្នុងការ​ចោទប្រកាន់​ពីបទ​ញុះញង់ និង​បំពាន​ច្បាប់ ស្តីពី ការគ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិ​។ ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ​លោកស្រី បាន​ហៅ​ការកាត់ទោស​នេះ​ថា ជា​សេចក្តីសម្រេច មាន​ហេតុផល​នយោបាយ​។​

​នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែធ្នូ ក៏មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រកាសថា រថយន្តយោធា​មី​យ៉ាន់​ម៉ា មួយគ្រឿង បាន​បើក​បុក​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៥​នាក់ ហើយ​មនុស្ស ១៥​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន​។

​ជម្លោះផ្ទៃក្នុង​មី​យ៉ាន់​ម៉ា មិនអាច​ដោះស្រាយ​បានឡើយ ចាប់តាំងពី​ឧ​ត្ត​ម​សេនីយ៍​យោធា មីន អ៊ុង​លាំង ធ្វើ​រដ្ឋប្រហារ ទម្លាក់​លោកស្រី អ៊ុង សាន​ស៊ូ​ជី កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​។ ក្រៅពី​ចាប់​លោកស្រី ស៊ូ​ជី ឃុំឃាំង ក៏​នៅមាន​អ្នកនយោបាយ​ជាច្រើន​ទៀត ត្រូវបាន​ចាប់ខ្លួន ហើយ​ក៏មាន​បាតុករ​ជាច្រើន ត្រូវបាន​សម្លាប់ និង​ចាប់ខ្លួន​ផងដែរ​។​

​កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ មេដឹកនាំ​អាស៊ាន បាន​កោះប្រជុំ​ពិសេស​ដោយផ្ទាល់​មួយ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដោយមាន​ទាំង​ការចូលរួម​ពី​ឧ​ត្ត​ម​សេនីយ៍​យោធា​ភូមា លោក មីន អ៊ុង​លាំង អគ្គមេបញ្ជាការ​កងទ័ព​ជាតិ​ភូមា ដើម្បី​ព្យាយាម​រក​ផ្លូវ​ជួយ​ដោះស្រាយ​បញ្ហា​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​។

​កិច្ចប្រជុំ​កាលណោះ បានសម្រេច​នូវ ៥​ចំណុច ដើម្បី​ឲ្យ​មេ​រដ្ឋប្រហារ​យោធា​មី​យ៉ាន់​ម៉ា អនុវត្ត ក្នុង​បំណង ជួយ​ដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា ទោះបី​អាស៊ាន មាន​ទម្លាប់ មិន​លូកដៃ ចូល​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​សមាជិក​នីមួយៗ ក៏ដោយ​។ ប៉ុន្តែ​មកដល់​ខែវិច្ឆិកា ឆ្នាំ​២០២១ ដំណោះស្រាយ​ទាំង​ប៉ុន្មាន​ចំណុច​របស់​អាស៊ាន លើ​បញ្ហា​មី​យ៉ាន់​ម៉ា មិនត្រូវ​បាន​មេបញ្ជាការ​កងទ័ព មីន អ៊ុង​លាំង យកទៅអនុវត្ត និង​ដោះស្រាយ សម្រាល​ស្ថានការណ៍​ឡើយ ខណៈដែល​លោកស្រី អ៊ុង សាន​ស៊ូ​ជី ក៏​បន្ត​ជាប់ឃុំ​ឃាំង និង​ត្រូវ​តុលាការ​កាត់ទោស ក្នុង​សំណុំរឿង​ជាច្រើន​។​​ដូច្នេះហើយ ទើប​កិច្ចប្រជុំ​កំពូល​អាស៊ាន នា​ខែវិច្ឆិកា ឆ្នាំ​២០២១ ដែលមាន​ប្រទេស​ព្រុយ​ណេ ជា​ប្រធាន ទោះបីជា​រៀបចំ​កិច្ចប្រជុំ តាម​អន​ឡាញ ដោយសារតែ​បញ្ហា​កូ​វីដ​១៩ ក៏​អាស៊ាន មិន​អញ្ជើញលោក មីន អ៊ុង​លាំង ចូលរួម​ប្រជុំ​ឡើយ​។ ការណ៍​នេះ នាំ​ឲ្យ​អាស៊ាន មានតែ ៩​ប្រទេស​ប៉ុណ្ណោះ​។​

​ដូច្នេះ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២ កម្ពុជា តាមរយៈ​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​បុរស​ខ្លាំង​កម្ពុជា អាច​នឹង​ស្វែងរក​ដំណោះស្រាយ​ឲ្យ​មី​យ៉ាន់​ម៉ា ដើម្បី​បាន​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន ឲ្យ​គ្រប់​កូរ៉ុម កុងសង់ស៊ីស ១០​ប្រទេស​ឡើងវិញ​។ នេះ​ក៏​ឈរលើ​បទពិសោធន៍​ជាច្រើន​កន្លងមក របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការចរចា​ស្វែងរក​សន្តិភាព ការបង្រួបបង្រួម​ជាតិ និង​ការដឹកនាំ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។

​តាម​នយោបាយ​ឈ្នះ​ឈ្នះ ក្នុងការ​សម្របសម្រួល និង​បទពិសោធន៍​ដឹកនាំ​ប្រទេស​ជិត ៤០​ឆ្នាំ​មកនេះ គេ​ជឿថា ទោះជា​មិន​ដល់​ថ្នាក់​ថា អាច​ដោះស្រាយ​ជម្លោះ ក្នុងប្រទេស​មី​យ៉ាន់​ម៉ា តែ​សម្តេច​តេ​ជោ ហ៊ុន សែន អាច​នឹង​នាំ​មី​យ៉ាន់​ម៉ា វិល​ចូល​តុ​ប្រជុំ​កំពូល​អាស៊ាន​ឡើងវិញ នៅ​ឆ្នាំ​២០២២ ដែល​សម្តេច ធ្វើជា​ប្រទេស​អាស៊ាន ជា​លើក​ទី​៣​។

​ក្នុងនោះ បើសិនជា​មេដឹកនាំ​អាស៊ាន​ផ្សេងទៀត នៅ​បន្ត​បដិសេធ មិន​ឲ្យ​មេដឹកនាំ​មី​យ៉ាន់​ម៉ា លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​លាំង ចូលរួម​កិច្ចប្រជុំ ហើយ​បដិសេធ​តួនាទី​ប្រធាន​អាស៊ាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា ក៏​អាស៊ាន នឹង​ជួប​បញ្ហា​រង្គោះរង្គើ អាចឈាន​ទៅរក​ការមិនចុះសម្រុង តាម​កុងសង់ស៊ីស​បន្តទៀត​។ ពេលនេះ របប​សឹក​មី​យ៉ាន់​ម៉ា បាន​ទទួលយក​តួនាទី​កម្ពុជា ក្នុងការ​ស្វែងរក​ដំណោះស្រាយ ទើប​បញ្ជូន​រដ្ឋមន្ត្រីការបរទេស មក​ទស្សនកិច្ច ២​ថ្ងៃ នៅ​ភ្នំពេញ និង​ជួប​មេដឹកនាំ​កម្ពុជា​។​

​យ៉ាងណា​ក៏ដោយចុះ មី​យ៉ាន់​ម៉ា​ខ្លួនឯង តាមរយៈ​ឧ​ត្ត​ម​សេនីយ៍​យោធា មីន អ៊ុង​លាំង ក៏ត្រូវ​ជួយ​ខ្លួនឯង​ដែរ​។ ក្រុម​យោធា ត្រូវតែ​អនុវត្តតាម​ការព្រមព្រៀង​ទាំង ៥​ចំណុច ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ខែមេសា ឆ្នាំ​២០២១ រួមទាំង​ការសម្របសម្រួល​ដោះស្រាយ​ជម្លោះផ្ទៃក្នុង ដោយ​អាច​សុំ​សម្តេច​តេ​ជោ រៀនសូត្រ ពី​ការចរចា តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​។ នោះ​គឺ​ដើម្បី​ប្រទេស និង​ប្រជាជន​មី​យ៉ាន់​ម៉ា​ខ្លួនឯង​៕សរន