​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ កាលពី​ថ្ងៃ​ចន្ទ​ទី​៦​ធ្នូ សហរដ្ឋ​អាម៉េរិក​បានប្រកាស​ពហិកា​រការ​ទូត​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង​ឆ្នាំ ២០២២​ដែល​ជា​ការដាក់ពិន័យ​មួយ​​ទៅលើ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​ចិន តែ​មិន​មានន័យថា​រារាំង​អត្ត​ពលិក​អាម៉េរិកពី​ការចូលរួ​ម​ប្រកួត​ទេ​។​

​ការសម្រេចចិត្ត​នេះ​កើត​ឡើង​បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​បាន​ចំណាយពេល​ជា​ច្រើន​ខែ​ដើម្បី​ស្វែងរក​ជំហរ​បែប​ណា​គួរ​ធ្វើ​ចំពោះ​ម្ចាស់ផ្ទះ​អូឡាំពិក​ដែល​នឹង​រៀបចំ​ឡើង​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​ដែល​ខ្លួន​​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​មូស្លីម​វី​ហ្គួ​រ​នៅ​តំបន់​ស៊ីន​ជាំ​ង​ភាគ​ពាយ​ព្យ​។​

​មិន​មាន​ប្រតិកម្ម​ភ្លាមៗ​ពី​ទីក្រុង​ប៉េកាំង​នោះ​ទេ ប៉ុន្តែ​ក្រសួងការបរទេស​ចិន​មុននេះ​បាន​គំរាម “​ចាត់​វិធានការ​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​” ចំពោះ​ការ​ធ្វើ​ពហិការ​ណាមួយ​នោះ​។​

​ការសម្រេចចិត្ត​នេះ​ត្រូវបាន​ស្វាគមន៍​យ៉ាង​ទូលំទូលាយ​ដោយ​ក្រុម​សិទ្ធិ​មនុស្ស​និង​អ្នកនយោបាយ​នៅក្នុង​សហរដ្ឋ​អាម៉េរិក​ទី​ដែល​ប្រធានាធិបតីចូបៃ​ដិន​កំពុងស្ថិត​នៅ​ក្រោម​សម្ពា​ធអោយ​និយាយ​ប្រឆាំង​​នឹង​ការរំលោភ​សិទ្ធិ​របស់​ចិន​។​

​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី ជែន សា​គី បាន​និយាយថា រដ្ឋបាល​អាម៉េរិក​នឹង​មិន​បញ្ជូន​តំណាង​ការទូត​ឬ​ផ្លូវការ​ទៅកាន់​ការប្រកួត​អូឡាំពិក​នេះ​ទេ ដោយសារ​”​អំពើ​ប្រល័យពូជសាសន៍​និង​ឧក្រិដ្ឋ​​កម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​កំពុង​បន្ត​របស់​ចិន​នៅ​ស៊ីន​ជាំ​ង​និង​ការរំលោភ​សិទ្ធិមនុស្ស​ផ្សេងទៀត​”​។​

​លោកស្រី​សា​គី​បាន​និយាយថា ការបញ្ជូន​តំណាង​ផ្លូវការ​នឹង​បង្ហាញថា ការប្រកួត​នេះ​គឺជា “​រឿង​ដែល​ត្រូវ​ប្រព្រឹត្តទៅ​ជា​ធម្មតា​។ ហើយ​យើង​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ​”​។​

​លោកស្រី​បាន​បន្ថែមថា “​អត្ត​ព​លិកនៅ Team USA មាន​ការគាំទ្រ​ពេញទំហឹង​ពី​ពួក​យើង​។ យើង​នឹង​នៅ​ពីក្រោយ​ពួកគេ ១០០ ភាគរយ​នៅពេល​យើង​លើក​ទឹកចិត្ត​ពួកគេ​ពី​ស្រុក​”​។​

​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បាន​និយាយថា ការបញ្ជូន​ឬ​មិន​បញ្ជូន​មន្ត្រី​គឺជា “​ការសម្រេចចិត្ត​នយោបាយ​សុទ្ធសាធ​សម្រាប់​រដ្ឋាភិបាល​នី​មួយៗ ដែល IOC​ដែល​មាន​អព្យាក្រឹតភាព​​នយោបាយ គឺ​គោរព​យ៉ាង​ពេញលេញ​”​។​

​អ្នកនាំពាក្យ​របស់ IOC បាន​និយាយថា សេចក្តីប្រកាស​នេះ “​ក៏​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា ការប្រកួត​កីឡា​អូឡាំពិក​និង​ការចូលរួម​របស់​អត្ត​ពលិក​គឺ​ហួស​ពី​នយោបាយ ហើយ​យើង​ស្វាគមន៍​ចំពោះ​រឿងនេះ​”៕

​ស្ត្រី​ម្នាក់​ដើរកាត់​ផ្ទាំង​ឃោសនា​អូឡាំពិក​រដូវរងា​ទីក្រុង​ប៉េកាំង​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​៥​ធ្នូ​២០២១