​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អ្នក​តស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​នាង ម៉ា​ឡា​ឡា យូ​សាហ្វ​ហ្សៃ ដែល​បាន​រួច​រស់​ជីវិត​ពី​ការវាយប្រហារ​ដោយ​ពួក​តា​លី​បង់​ប៉ា​គី​ស្ថាន​ក្នុង​ឆ្នាំ ២០១២​បាន​អំពាវនាវ​​កាលពី​ថ្ងៃ​ចន្ទ​ឱ្យមាន​ការគាំទ្រ​ខ្លាំង​ឡើង​ពី​សហរដ្ឋ​អាម៉េរិក​ចំពោះ​ក្មេង​ស្រី​និង​ស្ត្រី​អា​ហ្វ​ហ្គានី​ស្ថានក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​។​

​សកម្មជន​អាយុ​២៤​ឆ្នាំ ដែល​ធ្វើការ​ជាមួយ​សកម្មជន​អា​ហ្វ​ហ្គានី​ស្ថាន​រូបនេះ បាន​កត់​និយាយ​ខណៈ​ឈរ​ក្បែរ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អាន​ថូន ប្លីង​ខិន ថា​”​អា​ហ្វ​ហ្គានី​ស្ថាន​ឥឡូវ​នេះ​គឺជា​​ប្រទេស​តែ​មួយគត់​ដែល​ក្មេង​ស្រី​មិន​មាន​លទ្ធភាព​ទទួលបាន​ការអប់រំ​នៅ​កម្រិត​មធ្យមសិក្សា​។ ពួកគេ​ត្រូវបាន​ហាមឃាត់​មិនឱ្យ​រៀនសូត្រ​ទេ​”​។

​នាង​បាន​បន្ថែមថា “​នេះ​គឺជា​សារ​របស់​ក្មេងស្រី​អា​ហ្វ​ហ្គានី​ស្ថាន​នៅពេលនេះ ៖ យើង​ចង់​ឃើញ​ពិភពលោក​មួយ​ដែល​ក្មេងស្រី​ទាំងអស់​អាច​ទទួលបាន​ការអប់រំ​ប្រកបដោយ​សុវត្ថិភាព​និង​គុណភាព​”​ខណៈ​​លោកស្រី​បង្ហាញ​សំបុត្រ​ផ្ញើ​ទៅកាន់​ប្រធានាធិបតី​ចូ បៃ​ដិន​ពី​ក្មេងស្រី​អា​ហ្វ​ហ្គានី​ស្ថាន​អាយុ ១៥ ឆ្នាំ​ឈ្មោះ សូ​តូ​ដា ។​

​នាង​សូ​តូ​ដា​បាន​សរសេរ​នៅក្នុង​សំបុត្រ​នោះ​ថា “​ការ​ដែល​សាលារៀន​និង​សាកលវិទ្យាល័យ​បិទ​កាន់តែ​យូរ​ចំពោះ​ក្មេងស្រី វា​នឹង​កាន់តែ​បំផ្លាញ​ក្តីសង្ឃឹម​សម្រាប់​អនាគត​របស់​ពួកគេ​”​នេះ​បើ​យោងតាម​​នាង​យូ​សាហ្វ​ហ្សៃ​។​

​ដោយ​អានសំបុត្រ​នេះ នាង​យូ​សាហ្វ​ហ្សៃ​បាន​បន្ថែមថា “​ការអប់រំ​របស់​ក្មេងស្រី​គឺជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​សម្រាប់​នាំមក​នូវ​សន្តិភាព​និង​សន្តិសុខ​។ ប្រសិនបើ​ក្មេងស្រី​មិន​បាន​រៀន​ទេ អា​ហ្វ​ហ្គានី​ស្ថាន​​ក៏​នឹងរង​ទុក្ខ​ដូចគ្នា​”​។​

​សាលា​អនុវិទ្យាល័យ​ក្នុងប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ទី​ដែល​ពួក​តា​លី​បង់​បាន​ដណ្តើម​អំណាច​ឡើង​វិញ​នៅ​រដូវក្តៅ​នេះ បាន​បើក​ឡើង​វិញ​សម្រាប់​តែ​ក្មេងប្រុស​ហើយ​មាន​តែ​បុរស​ប៉ុណ្ណោះ​ដែល​ត្រូវបាន​​អនុញ្ញាត​ឱ្យ​បង្រៀន​។​

​នាង​យូ​សាហ្វ​ហ្សៃ​បាន​កត់សម្គាល់​មុនពេល​កិច្ចប្រជុំ​ឯកជន​ជា​មួយ​លោក​ប្លីង​ខិន​ថា​”​យើង​សង្ឃឹម​ថា​សហរដ្ឋ​អាម៉េរិក​រួមជាមួយ​នឹង​អង្គការសហប្រជាជាតិ​នឹង​ចាត់វិធានការ​ភ្លាមៗ​ដើម្បី​ធានា​ថា​ក្មេងស្រី​​ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​សាលារៀន​វិញ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​”​។​

​លោក​ប្លីង​ខិន ដែល​ប្រទេស​របស់​គាត់​បាន​ដកទ័ព​ចេញពី​អា​ហ្វ​ហ្គានី​ស្ថានក្នុង​រដូវក្តៅ​នេះ​យ៉ាង​តក់ក្រហល់​បន្ទាប់​ពី​សង្គ្រាម​រយៈពេល ២០ ឆ្នាំ បាន​លើក​សរសើរ​នាង​យូ​សាហ្វ​ហ្សៃ​ថា​ជា​”​ការ​បំផុសគំនិត​​ដល់​ក្មេង​ស្រី​និង​ស្ត្រី​ជុំវិញ​ពិភពលោក​” ហើយ​ជា​មនុស្ស​ដែល “​តាមរយៈ​ស្នាដៃ​ការងារ​របស់​នាង តាមរយៈ​ការខិតខំ​ប្រឹងប្រែង​របស់​នាង កំពុង​ធ្វើឱ្យមាន​ការផ្លាស់ប្តូ​រយ៉ា​ង​ពិតប្រាកដ​”៕

នាង​យូ​សាហ្វ​ហ្សៃ​បង្ហាញ​លិខិត​របស់​កុមារី​សូ​តូ​ដា​ដល់​លោក​ប្លីង​ខិន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ចន្ទ​