ដោយៈប.ខុន/ភ្នំពេញៈព្រះរាជាណាចក្រកម្ពុជានៅក្នុងសប្តាហ៍នេះបន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់រុញមកពីប្រទេសចិន ជាមួយខ្យល់មូសុងឦសានបក់មកក្នុងល្បឿន ពីមធ្យមទៅបង្គួរ ធ្វើឱ្យសីតុណ្ហភាពអប្បបរមានៅខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ស្ថិតក្នុងរង្វង់កម្រិត១៧អង្សាសេ

ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី៧ខែធ្នូបានជូនដំណឹងស្តីពីការព្យាករណ៍ស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១ថាព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់រុញមកពីប្រទេសចិន ជាមួយខ្យល់មូសុងឦសានបក់មកក្នុងល្បឿន ពីមធ្យមទៅបង្គួរដែលស្ថានភាពបែបនេះធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី១៩ទៅ២២អង្សាសេ  សីតុណ្ហភាពអតិបរមាមានពី២៨ទៅ៣០អង្សាសេ។
សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានមាន សីតុណ្ហភាពអប្បបរមាពី១៧ទៅ២០អង្សាសេ សីតុណ្ហភាពអតិបរមាមានពី២៧ទៅ២៩អង្សាសេ។សម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារនិងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមាស្ថិតនៅក្នុងរង្វង់១៧អង្សាសេ។

សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២១ទៅ២៣អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣០ទៅ៣២អង្សាសេ៕srn