ដោយៈសុផល/ទីក្រុងបាងកក, ប្រទេសថៃ ៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការ ក្រសួងទេសចរណ៍បានអញ្ជើញផ្តល់បទសំភាសន៍ក្នុងកម្មវិធី ”រឿងល្បីក្រោយព័ត៌មាន” របស់ទូរទស្សន៍ជាតិថៃ។
បទសម្ភាសន៍ធ្វើការចាក់ផ្សាយនៅទូរទស្សន៍ល្បីប៉ុស្តិលេខ ២ថៃ (NBT) កាលពីពេលថ្មីៗកន្លងមកនេះរៀបចំឡើងសម្រាប់ពលរដ្ឋថៃចង់ធ្វើដំណើរទេសចរណ៍ឬធ្វើការវិនិយោគទុននៅប្រទេសជិតខាងជាពិសេសព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍ចំពោះអ្នកចង់មកវិនិយោគ ឬប្រកបរបរជំនួញ ឬសូម្បីតែធ្វើដំណើរទេសចរណ៍នៅកម្ពុជា។
ខាងក្រោមនេះជាខ្លឹមសារនៃបទសម្ភាសន៍លោកបណ្ឌិត សុខ សុក្រឹត្យានិងទូរទស្សន៍ថៃ៖
-ពិធីករ, លោក ប៉ាតិផាត់ ខេមធីត៖ យើងមានកិត្តិយសនិងក៏ជាឱកាសពិសេសណាស់ដែលឯកឧត្តមមកផ្តល់បទសម្ភាសន៍ថ្ងៃនេះ ខ្ញុំសង្ឃឹមថាពលរដ្ឋថៃមិនថាជាអ្នកធ្វើជំនួញ អ្នកទេសចរដែលធ្វើដំណើរទៅកម្ពុជាពួកគាត់នឹងទទួលបានព័ត៌មានល្អៗតាមរយៈការទស្សនាកម្មវិធីមួយនេះ។ឯកឧត្តមអញ្ជើញមកកាន់ប្រទេសថៃលើកនេះតើមានគំរោងជួបពិភាក្សាការងារជាមួយគណៈរដ្ឋមន្ត្រីថៃលើប្រធានបទអ្វីខ្លះ? តើមានគម្រោងដើម្បីធ្វើការពិភាក្សាទៅលើវិស័យទេសចរណ៍ វិស័យកីឡា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ថៃយ៉ាងដូចម្តេចខ្លះ?
-លោកបណ្ឌិត សុខ សុក្រឹត្យា៖ ខ្ញុំសូមជំរាបថាការបំពេញទស្សនកិច្ចរបស់ខ្ញុំលើកនេះគឺដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់ប្រទេសថៃដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។ ខ្ញុំមកលើកនេះក៏ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនផងដែរ។ ខ្ញុំសូមបញ្ជាក់ថាក្នុងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំថៃយើងបានលើកយកចំណុចសំខាន់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃក្នុងនោះមានទៅលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ និងការធ្វេីពាណិ្ជកម្ម ដោះដូរទំនិញតាមព្រំដែនរវាងប្រទេសទាំងពីរ។
-ពិធីករ, លោក ប៉ាតិផាត់ ខេមធីត៖ ថៃបានបើកប្រទេសកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១រួចហើយ។ ចុះចំណែកកម្ពុជាបានបើកប្រទេសឡើងវិញក្រោយជំងឺកូវីដ-១៩ បានធូរស្បើយពេលណា តើឯកឧត្តមអាចបញ្ជាក់ជុំវិញបញ្ហានេះដូចម្តេច ខ្លះ?
-លោកបណ្ឌិត សុខ សុក្រឹត្យា៖ បើនិយាយពីបញ្ហាជំងឺកូវីដ-១៩នៅកម្ពុជា ពេល នេះបានធូរស្បើយវិញហើយ ។ ក្នុងមួយថ្ងៃមានអ្នកឆ្លងជំងឺកូវីដ-១៩ មិនដល់ ៣០នាក់ទេហើយអ្នកបាត់បង់ជីវិតក្នុងមួយថ្ងៃប្រមាណ២-៣នាក់។ចំពោះអ្នកបាត់បង់ ជីវិតដោយជំងឺកូវីដ-១៩ ភាគច្រើនកើតចេញមកពីអ្នកដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ខ្ញុំសូមជំរាបដែរថាកម្ពុជាបានបើកប្រទេសកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ហេតុនេះមិនថាអ្នកទេសចរបរទេស ឬ អ្នកទេសចរមកពីប្រទេសថៃដែលបានចាក់វាក់សាំងកូវីដ១៩ដូសទី២រួចនិងមុនមកដល់កម្ពុជាមានការពិនិត្យ(PCR)លើជំងឺកូវីដ-១៩ រយៈពេល៧២ម៉ោងរួចហើយ នៅពេលមកដល់កម្ពុជា គេឱ្យពិនិត្យតាមរយៈ ATK (តេស្តរហ័ស) ម្តងទៀតបើមិនជាអ្វីអាចចូលបានតែម្តង។ សម្រាប់អ្នកទេសចរ ឬអ្នកវិនិយោគណាដែលមិនបានចាក់វាក់សាំង២លើក នៅពេលដែលមកដល់កម្ពុជានឹងតម្រូវឱ្យធ្វើចតាឡីស័កចំនួន១៤ថ្ងៃដូចកាលពីមុន។ ដោយឡែកចំពោះប្រភេទវាក់សាំងដែលអ្នកទេសចរបានចាក់មិនថាជាស៊ីណូវ៉ាក់ ឬសូម្បីតែវាក់សាំងអ្វីក៏អាចចូលកម្ពុជាបានទាំងអស់ដោយកម្ពុជាមិនបានកំណត់ឈ្មោះវ៉ាក់សាំងនោះទេ។ សំខាន់គឺចាក់បាន ២ដូសគឺអាចចូលកម្ពុជាបានហើយ។ ខ្ញុំសុំបញ្ជាក់ថានៅកម្ពុជាមានសុវត្ថិភាពជុំវិញបញ្ហាជំងឺកូវីដ-១៩ ពីព្រោះថាគិតមកដល់ពេលនេះមានពលរដ្ឋច្រើនជាង១៤លាននាក់ក្នុងចំណោមពលរដ្ឋមានប្រមាណជាង១៦លាននាក់បានចាក់វ៉ាក់សាំងរួចហើយ។ កាលពីម្សិលម៉ិញនេះគឺមានទិន្នន័យអ្នកចាក់វាក់សាំងរួចហើយចំនួនជាង ១៤លាននាក់ដែលបានចាក់វាក់សាំង២ដូសរួចហើយ និងពេលនេះកំពុងដំណើរការចាក់វាក់សាំងដូសទី៣បន្ថែមទៀត។
-ពិធីករ, លោក ប៉ាតិផាត់ ខេមធីត៖ ពេលនេះយើងងាកមកនិយាយពីវិស័យទេសចរណ៌វិញពីព្រោះថា ឯកឧត្តមក៏ជាមន្ត្រីជាន់ខ្ពស់នៅក្រសួងទេសចរណ៍ដែរ។ ខ្ញុំសុំសួរទៅកាន់ឯកឧត្តមថា នៅពេលពលរដ្ឋកម្ពុជាមកដើរកម្សាន្តប្រទេសថៃភាគច្រើនគាត់ចូលចិត្តមកកាន់ទីណា ហើយចំណែកពលរដ្ឋថៃដែលធ្វើដំណើរកម្សាន្តនៅកម្ពុជា វិញភាគច្រើនពួកគាត់ចាប់អារម្មណ៍ទស្សនាទីណាដែរ?
-លោកបណ្ឌិត សុខ សុក្រឹត្យា៖កន្លងមកពលរដ្ឋកម្ពុជាដែលធ្វើដំណើរទៅកម្សាន្តប្រទេសថៃគឺគាត់មកពិនិត្យសុខភាព គឺមានន័យថាទេសចរណ៍បែបថែរក្សាសុខភាព និងកំសាន្តលក្ខណៈគ្រួសារ។ ដោយឡែកសម្រាប់អ្នកទេសចរថៃទៅកម្ពុជាភាគច្រើនពួកគាត់ចាប់អារម្មណ៍ទៅកាន់អង្គរវត្តខេត្តសៀមរាប ។ខ្ញុំសុំជំរាបដែរថាពេលនេះកម្ពុជាមានគម្រោងនាំចូលអ្នកទេសចរថៃតាមផ្លូវអាកាសផ្លូវគោកនិងផ្លូវទឹក។យើងកំពុងធ្វើការជាមួយវិស័យឯកជនថៃដែលបានបណ្តាក់ទុនលើវិស័យទេសចរណ៍និងសេវាកម្មផ្នែកទេសចរណ៍ក្នុងការរៀបចំកញ្ចប់សំរាប់ភ្ញៀវ។ចំពោះគម្រោងការនេះយើងនឹងអាចចាប់ផ្តើមបញ្ជូនភ្ញៀវនៅខែកុម្ភៈឆ្នាំ២០២២។សម្រាប់ខែមករាយើងមានការរៀបចំវេទិកាទេសចរណ៍អាស៊ាន (ATF 2022) នៅទីក្រុងព្រះសីហនុខាងមុខ។ នៅថ្ងៃនោះដែរថ្នាក់ដឹកនាំលើវិស័យទេសចរណ៍ថៃក៏នឹងចូលរួមសម្ពោធផលិតផលទេសចរណ៍ដែលក្រុមហ៊ុនទេសចរណ៍ថៃមួយចំនួនដាក់បង្ហាញនៅថ្ងៃនោះផង។
-ពិធីករ, លោក ប៉ាតិផាត់ ខេមធីត៖ នៅខែមករាខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះនៃការរៀបចំវេទិកាទេសចរណ៍អាស៊ាន(ATF 2022) តើបានត្រៀមជជែកនិងបានរៀបចំគម្រោងអ្វីខ្លះនៅថ្ងៃនោះ?
-លោកបណ្ឌិត សុខ សុក្រឹត្យា៖ ខ្ញុំសុំជំរាបថានៅថ្ងៃនោះរដ្ឋមន្ត្រីនៃក្រសួងទេស ចរណ៍អាស៊ាននឹងជួបគ្នានៅកម្ពុជា យើងនឹងដាក់គម្រោងផែនការគោលនយោ បាយថានឹងត្រូវធ្វើដូចម្តេចបន្តទៅទៀតលើវិស័យទេសចរណ៍។ ក្រៅពីនេះយើងក៏នឹងមានរៀបចំបង្ហាញពីឈុតឆាកសម្តែងវិស័យសិល្បៈលើវេទិកាតាមប្រទេសនីមួយៗដោយបង្ហាញឱ្យគេឃើញពីវប្បធម៌សិល្បៈដើម្បីទាក់ទាញវិស័យទេសច រណ៍នាឱកាសនោះផង។ ប្រទេសនីមួយៗនឹងបង្ហាញពីវិស័យទេសចរណ៍របស់ ខ្លួនក្នុងវេទិកានេះដើម្បីទាក់ទាញវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ។ សម្រាប់កម្ពុជាខ្ញុំសុំអះអាងថាយើងបានត្រៀមរួចរាល់និងមិនព្រួយបារម្ភលើការរីករាលដាលឆ្លងជំងឺកូវីដ-១៩ឡើយ ពីព្រោះថាពលរដ្ឋរបស់យើងបានចាក់វ៉ាក់សាំងការពារជំងឺនេះស្ទើររួចរាល់ទាំងស្រុងអស់ហើយ។ ខ្ញុំចង់ឃើញអ្នកទេសចរថៃ ក៏ដូចជាអ្នកទេសចរបរទេសដទៃទៀតដែលចូលមកកម្សាន្តនៅប្រទេសថៃ ហើយបន្តចូលមកកម្សាន្តនៅប្រទេសកម្ពុជាផងដែរ។
ពិធីករ, លោក ប៉ាតិផាត់ ខេមធីត ៖ នាពេលកន្លងមកយើងធ្លាប់ឮតែប្រាសាទអង្គរវត្តដែលជាកន្លែងអច្ឆរិយៈល្បីល្បាញលើលោក ហើយអ្នកទេសចរតែងចូលកម្សាន្ត។ ក្រៅពីតំបន់ពិសេសនេះតើនៅកម្ពុជាមានកន្លែងល្បីឈ្មោះដែលអ្នកទេសចរគួរចូលកម្សាន្តទៀតឬទេ? ឯកឧត្តមសូមជួយណែនាំផងបាទ?
– លោកបណ្ឌិត សុខ សុក្រឹត្យា៖ បើនិយាយពីសក្តានុពលវិស័យទេសចរណ៍នៅខេត្តសៀមរាបយើងតែងតែនឹកដល់ប្រាសាទអង្គរវត្ត ប៉ុន្តែនៅតំបន់នេះមិនមែនមានតែប្រាសាទនេះតែមួយនោះទេគឺនៅតំបន់ខេត្តនេះក៏មានទីកន្លែងកម្សាន្តរាប់មិនអស់ជាច្រើនទៀត។អ្នកទេសចរដែលចូលកម្សាន្តប្រាសាទអង្គរវត្តកន្លងមកភាគច្រើនបានត្រឹមតែមើលប្រាសាទមិនបានស្គាល់អ្វីដែលស៊ីជម្រៅជាងនេះនៅឡើយទេ ។ ខ្ញុំសូមបញ្ជាក់ថាវិស័យទេសចរដែលយើងកំពុងនិយាយដល់នេះ ក៏មានវិស័យទេសចរណ៍បែបជំនឿ សាសនា ហើយក្រសួងទេសចររបស់យើងខ្ញុំកំពុងលើកគម្រោងនេះឡើងមក។ បន្ទាប់ពីនេះទៅយើងនឹងដាក់នូវគោលការណ៍ពីការដែលអ្នកទេសចរចូលមកកម្សាន្តនៅប្រាសាទអង្គរវត្តតើពួកគាត់មកដើម្បីអ្វី ?យើងនឹងបន្ថែមសកម្មភាពនៅកន្លែងអោយបានច្រេីន ហេីយណែនាំដល់អ្នកទេសចរឱ្យបានដឹងពីការដែលចូលមកកម្សាន្តនៅខេត្តនេះហើយបានទៅកាន់ទីនោះឱ្យបានច្បាស់លាស់និងពីអ្វីដែលគេចង់បាន។ប្រាសាទអង្គវត្តមានប្រវត្តិយូរលង់ហេតុនេះមានរឿងរ៉ាវជាច្រេីនដែលអ្នកទេសចរចូលមកហើយគួរមានការសិក្សាស្វែងយល់ពីគម្រោងការដើរកម្សាន្តអោយបានច្បាស់លាស់។
-ពិធីករ, លោក ប៉ាតិផាត់ ខេមធីត៖ បើអ្នកទេសចរទៅកាន់ប្រទេសកម្ពុជាក្រៅពីទីកន្លែងកម្សាន្តហើយបើនិយាយពីអាហារវិញតើមានអ្វីដែលពួកគាត់គួរជ្រើស រើសបរិភោគ?
-លោកបណ្ឌិត សុខ សុក្រឹត្យា៖ ជាការពិតអាហាររបស់កម្ពុជាក៏មិនខុសពីអាហាររបស់ប្រទសថៃប៉ុន្មានដែរគឺខុសគ្នាតែត្រង់ថាអាហារកម្ពុជាមិនសូវហិរ។ ក្នុងនោះដូចជាថៃមានមាន់អាំង កម្ពុជាក៏មានមាន់អាំងជាដើម។
-ពិធីករ, លោក ប៉ាតិផាត់ ខេមធីត៖ ឯកឧត្តមបើអ្នកទេសចរធ្វើដំណើរកម្សាន្តទៅកម្ពុជាតើពួកគេអាចធ្វើដំណើរតាមមធ្យោបាយណាល្អជាងគេក្នុងនេះដូចជា តាម ផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាស?
-លោកបណ្ឌិត សុខ សុក្រឹត្យា៖ ខ្ញុំសុំបញ្ជាក់ថាអ្នកទេសចរអាចចូលទៅកម្សាន្តនៅកម្ពុជាតាមមធ្យោបាយណាក៏មានលក្ខណៈងាយស្រួលទាំងអស់ មិនថាតាម ផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាស បានសេចក្តីថា បើយើងធ្វើដំណើរតាមផ្លូវគោកការ ចាយវាយអាចធូរថ្លៃ។ បើតាមផ្លូវគោកមានទៅតាមខេត្តសុរិន្ទ ស៊ីសាកេត ជាដើម ចំណែកផ្លូវថ្នល់ក៏ល្អស្ទើរគ្រប់កន្លែង។រាជរដ្ឋាភិបាលកម្ពុជាកំពុងមានគោលនយោបាយរៀបចំទេសចរបែបធុរៈកិច្ចដែលតភ្ជាប់ពីខេត្តសៀមរាបមកកាន់ខេត្ត ភាគឦសាន្តខាងត្បូងប្រទេសថៃ។ ក្នុងនេះពលរដ្ឋកម្ពុជាអាចធ្វើដំណើរទៅកាន់ប្រទេសថៃតាមរយៈរថយន្តបាន ព្រោះថាពលរដ្ឋកម្ពុជាចូលចិត្តធ្វើដំណើរមកពិនិត្យព្យាបាលសុខភាពនៅខេត្តសុរិន្ទ ហេតុនេះយើងអាចធ្វើការផ្លាស់ប្តូរគ្នាបាន។ ចំណែកខាងផ្លូវទឹកក៏ដូចគ្នាគឺយើងទៅតាមខេត្តត្រាត ហើយបើយើងនិយាយដល់ខេត្តត្រាតយើងក៏នឹងនឹកដល់កោះឆាង ព្រោះថាកោះឆាងយើងនឹងអាចភ្ជាប់ទៅដល់ខេត្តកោះកុងខេត្តព្រះសីហនុបានតែម្តង។នាពេលកន្លងមកខ្ញុំមានឱកាសបានជជែកពិភាក្សាជាមួយអភិបាលក្រុង ហួហ៊ីន ហើយយើងបានឯកភាពគ្នាថា នៅថ្ងៃអនាគតយើងនឹងធ្វើការផ្លាស់ប្តូរអ្នកទេសចរពីហួហ៊ីនទៅប៉ាតាយ៉ា ពីប៉ាតាយ៉ាចូលទៅខេត្តកោះកុង កោះរ៉ុង ឬក្រុងព្រះសីហនុរបស់កម្ពុជាបានតែម្តង។
– ពិធីករ, លោក ប៉ាតិផាត់ ខេមធីត៖ ទាក់ទិនទៅនឹងគម្រោងផ្លូវរថភ្លើងដែលមាននាយករដ្ឋមន្ត្រីថៃប្រាយុទ្ធចាន់អូឆា និង នាយករដ្ឋមន្ត្រីកម្ពុជា គឺ សម្តេចតេជោហ៊ុនសែនបានធ្វើការសម្អោធដាក់ឱ្យដំណើរការផ្លូវរថភ្លើងរវាងប្រទេសទាំងពីរ តើគិតមកដល់ពេលនេះពលរដ្ឋរវាងប្រទេសទាំង២អាចជិះរថភ្លើងនេះបានហើយឬនៅ?
-លោកបណ្ឌិត សុខ សុក្រឹត្យា៖ តាមការពិតផ្លូវដែករវាងប្រទេសទាំងពីរគឺមានមុនសង្គ្រាមស៊ីវិលកើតឡើងនៅកម្ពុជាយូរមកហើយ។ យើងគ្រាន់តែធ្វើការកែលម្អហើយអាចប្រើការបានតែម្តង។ ការធ្វើដំណើរទេសចរណ៍តាមរថភ្លើងអាចប្រើពេលវេលាបន្តិច ទោះវាលំបាកខ្លះៗក្តីតែក៏មានសុវត្តិភាពល្អដូចគ្នា។ បើគេមកតាមផ្លូវដែកគឺឆ្លងកាត់ខេត្តជាច្រើនដូចជា៖ បន្ទាយមានជ័យ បាត់ដំបង ដែលខេត្តបាត់ដំបងដូចយើងដឹងហើយជាខេត្តមានប្រវត្តិដ៏យូរលង់ ហេតុនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងស្នើសុំបញ្ចូលក្នុងបញ្ជីបេតិភណ្ឌពិភពលោកផងដែរ។
-ពិធីករ, លោក ប៉ាតិផាត់ ខេមធីត៖ យើងបានឃើញហើយថាវិស័យទេសចរណ៍រវាងថៃ-កម្ពុជាគឺមានភាពរលូននិងងាយស្រួល។ ពេលនេះយើងងាកមកមើលលើវិស័យពាណិជ្ជកម្មវិញម្តង។តើអ្នកវិនិយោគទុនដែលចង់ចូលទៅរកស៊ីនៅកម្ពុជាគេគួរវិនិយោគទៅលើអ្វីដែលពលរដ្ឋកម្ពុជាចូលចិត្ត? ឯកឧត្តមជួយណែនាំក្នុងរឿងនេះផងបាទ។
-លោកបណ្ឌិត សុខ សុក្រឹត្យា៖ បើនិយាយពីរឿងបណ្តាក់ទុននេះគឺវិស័យ SME អាចទទួលជោគជ័យបានយូរអង្វែង ក្នុងនោះមានដូចជា គ្រឿងសម្អាង អាហារជំនួយសុខភាព គ្រឿងឧបភោគបរិភោគ ជាទំនិញដែលទីផ្សារកម្ពុជាស្គាល់និងមានតម្រូវការខ្ពស់ ពលរដ្ឋកម្ពុជាទទួលស្គាល់ថា ទំនិញថៃមានគុណភាពនិងចូលចិត្តទំនិញថៃ។
-ពិធីករ, លោក ប៉ាតិផាត់ ខេមធីត៖ បើនាំទំនិញទៅកម្ពុជាធ្វើវិនិយោគតើគេត្រូវ ដាក់ភាសាណាល្អងាយស្រួលទំនាក់ទំនងដូចជា ភាសាកម្ពុជា ភាសាថៃ ឬភាសាអង់គ្លេស?
-លោកបណ្ឌិត សុខ សុក្រឹត្យា៖ ភាសាថៃល្អជាង បើជាផលិតផលថ្មី ខ្ញុំសូមអះ អាងថាទំនិញ SME របស់ថៃជាទំនិញមានគុណភាព សោភ័ណ្ឌភាព យើងអាចសង្កេតឃើញពីការរីកចំរើន ក្នុងការដោះដូរជំនួញតាមព្រំដែនកម្ពុជា-ថៃ យើងនឹងដឹងហើយថា ទំនិញ SME គឺជាទំនិញបង្គោលដែលទីផ្សារកម្ពុជាត្រូវការ។
-ពិធីករ, លោក ប៉ាតិផាត់ ខេមធីត៖ មានគេសួរថាបើមានការវិនិយោគតើការប្តូរលុយនៅកម្ពុជាជួបឧបសគ្គទេលំបាកទេ?
-លោកបណ្ឌិត សុខ សុក្រឹត្យា៖ ការពិតមិនលំបាកទេ មានភាពងាយស្រួល យើងគ្រាន់តែមើលពីអត្រាប្តូរលុយប្រចាំថ្ងៃទៅយើងអាចប្តូរកន្លែងណាក៏បាន។លុយបាតអាចប្តូរជាលុយដុល្លារ ប្តូរជាលុយរៀល ការប្តូរលុយមិនពិបាកនោះឡើយ ធានាគារក៏បាន ហាងប្តូរប្រាក់ក៏បាន។ ពេលនេះយើងអាចប្តូរលុយតាមប្រព័ន្ធឌីជីថលក៏អាចប្តូរបានតែម្តងគឺតាមណាក៏បានដែរ។
-ពិធីករ, លោក ប៉ាតិផាត់ ខេមធីត៖ យើងឃើញថាទាំងវិស័យទេសចនិងវិស័យពាណិជ្ជកម្មគឺយើងមានលក្ខណៈងាយស្រួលរវាងពលរដ្ឋទាំង២គឺថៃ-កម្ពុជា។ប៉ុន្តែបើយើងងាកទៅមើលកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាននៅខែមករា ឆ្នាំ២០២២( ATF 2022)ទាំងវិស័យទេសចរណ៍និងពាណិជ្ជកម្មតើប្រទេសទាំង២នឹងទទួលបានប្រយោជន៍អ្វីខ្លះ?
-លោកបណ្ឌិត សុខ សុក្រឹត្យា៖ ត្រង់ចំណុចនេះខ្ញុំសុំបញ្ជាក់ថាប្រទេសកម្ពុជាទើ ប តែចេញច្បាប់លើការវិនិយោគថ្មី។ច្បាប់នេះផ្តល់ភាពងាយស្រួលនិងប្រយោជ ន៍ដល់អ្នកវិនិយោគ។ គេអាចបណ្តាក់ទុនដោយមានលំនឹងនិងយូរអង្វែងដែលមិនដូចកាលពីមុននោះទេកម្ពុជាមានសុខសន្តិភាពពេញលេញ និង មានស្ថិរភាពនយោបាយ យើងមិនត្រូវរំលឹកពីការវិនិយោគកាលពី ២០ឆ្នាំមុន ដែលវិនិយោគិនមានការខូចខាតឬបាត់បង់ដោយសារដៃគូខិលខូចមួយចំនួនពីព្រោះថាយុគសម័ យនេះគឺយុគសម័យបច្ចេកវិទ្យា ឧស្សាហកម្ម៤.០ហើយច្បាប់វិនិយោគនៅកម្ពុជាមានធ្វើវិសោធនកម្ម គាំពារវិនិយោគិនគ្រប់រូប។ យើងមានអ្នកនយោបាយ និងមន្ត្រីដែលជាធនធានមនុស្សមកពីបរទេស មានតួនាទីក្នុងនយោបាយនៅកម្ពុជាច្រើន។បើយើងធ្វើការប្រៀបធៀបពីច្បាប់និងរបៀបធ្វើការរបស់កម្ពុជាក្នុងកំឡុងពេល ២០ឆ្នាំមុនគឺខុសគ្នាដូចមេឃនិងដីអញ្ចឹង។ ខ្ញុំសុំធានាថាការវិនិយោគទុនក្នុងពេលបច្ចុប្បន្ននេះមានការរីកលូតលាស់ និង បានយូរអង្វែង ហើយមានសុវត្ថិភាព។
ពិធីករ, លោក ប៉ាតិផាត់ ខេមធីត៖ យើងបានស្តាប់ និងយើងបានលឺគឹពេលនេះពលរដ្ឋថៃគួរធ្វើដំណើរទៅទេសចរណ៍និងវិនិយោគនៅកម្ពុជា សូមឯកឧត្តមបញ្ជាក់បន្ថែម?
-លោកបណ្ឌិត សុខ សុក្រឹត្យា៖ ខ្ញុំសុំបញ្ជាក់ថា ចំពោះសក្តានុពលវិនិយោគវិស័យទេសចរណ៌នៅកម្ពុជា ខ្ញុំសូមអះអាងជាថ្មីថាមានឱកាស និងអទិភាពខ្ពស់ណាស់ ពីព្រោះថានយោបាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា មានការផ្តោតលើវិស័យទេសចរណ៍ យើងរំពឹងថានឹងធ្វើឱ្យផ្នែកទេសចរណ៍រីកចំរេីនឡេីងក្នុងកំរិតមួយដែលអាចធ្វើឱ្យជីវភាពពលរដ្ឋប្រសើរឡើង។ បើវិស័យទេសចរណ៍ហក់លឿន ទន្ទឹមនិងនេះដែរធ្វើឱ្យក្រុមហ៊ុនផ្សេងៗដែលរកសុីពាក់ព័ន្ធវិស័យនេះក៏មានការរីកដុះដាលតាមមកជាមួយដែរ។ខ្ញុំគិតថាប្រទេសថៃមានទាំងធនធាន មានទាំងបទពិសោធន៍ និងអ្នកវិនិយោគ អាចធ្វើការបណ្តាក់ទុននៅកម្ពុជាបានហើយ។ ខ្ញុំសុំណែនាំថាការទៅវិនិយោគពេលនេះគឺល្អខ្លាំងណាស់។
-ពិធីករ, លោក ប៉ាតិផាត់ ខេមធីត៖ បើគាត់ចង់សាកល្បងទីផ្សារ មុននឹងទៅបណ្តាក់ទុនតែម្តង តើឯកឧត្តមយល់ថាមួយណាល្អជាង?
-លោកបណ្ឌិត សុខ សុក្រឹត្យា៖ គឺពួកគាត់បណ្តាក់ទុនតែម្តងល្អជាង។ យើងដឹងហើយថាទំនិញថៃ វិស័យសេវាកម្មនានាគឺពលរដ្ឋកម្ពុជា អតិថិជនកម្ពុជា មានការជឿជាក់លើថៃទៅហើយ យើងមិនចាំបាច់សាកល្បងទេ ព្រោះថាបើយើងសាក ល្បងគឺយើងនឹងបាត់បង់ឱកាសច្រើនជាងការទទួលបានផលចំណេញ។
-ពិធីករ, លោក ប៉ាតិផាត់ ខេមធីត៖ យើងឃើញថាទាំងវិស័យទេសចរណ៍ ការវិនិយោគទុននានានៅកម្ពុជាគឺយើងគួរទៅបណ្តាក់ទុនណាស់។ ដោយឡែកបើយើងក្រឡេកមកមើលទៅថ្ងៃអនាគតប្រទេសកម្ពុជានឹងបានទទួលរៀបចំវេទិកាអន្តរជាតិ ទាំងផ្នែកកីឡា ទាំងវេទិកាទេសចរណ៍ សម័យប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានជាដើម។ បើយើងក្រឡេកមកមើលពីការដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខ តើកម្ពុជាបានត្រៀមរួចរាល់ហើយឬនៅ?
-លោកបណ្ឌិត សុខ សុក្រឹត្យា៖ យើងបានត្រៀមរួចរាល់អស់ហើយ។ យើងទើបតែសាងសង់ពហុកីឡាដ្ឋានជាតិមួយរួចរាល់ បើសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី ១៨ ខែធ្នូ ខាងមុខនេះក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ពហុកីឡាដ្ឋាននេះត្រៀមទទួលការរៀបចំបើកកីឡាស៊ីហ្គេមនេះ។ សម្រាប់ទីកន្លែងអ្នកកីឡាស្នាក់នៅនិងហាត់គឺយើងបានត្រៀមរួចរាល់អស់ហើយដែរ។
-ពិធីករ, លោក ប៉ាតិផាត់ ខេមធីត៖ កីឡាដែលប្រទេសកម្ពុជានឹងដាក់ចូលរួមប្រកួតតើលោកសង្ឃឹមថាកីឡាផ្នែកណាមួយនឹងទទួលជោគជ័យជាងគេ?
-លោកបណ្ឌិត សុខ សុក្រឹត្យា៖ យើងបានត្រៀមគ្រប់វិញ្ញាសារកីឡាទាំងអស់ក្នុងនេះដូចជាប្រដាល់ ប៉េតង់ តៃក្វាន់ដូ ខ្ញុំគិតថាគួរបានមេដាយ។ ទោះបីយ៉ាងណាយើងបានត្រៀមគ្រប់វិញ្ញាសារកីឡាដើម្បីប្រកួតប្រជែង។
-ពិធីករ, លោក ប៉ាតិផាត់ ខេមធីត៖ ខ្ញុំគិតថានៅពេលដែលកម្ពុជាជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមពេលនោះពលរដ្ឋថៃក៏មានឱកាសចូលទៅទស្សនា ចូលទៅកម្សាន្តច្រើន តើកម្ពុជាបានរៀបចំសម្រាប់រឿងនេះហើយដែរឬនៅ?
-លោកបណ្ឌិត សុខ សុក្រឹត្យា៖ កម្ពុជាបានបើកប្រទេសចាប់តាំងតែពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ហេតុនេះបើអ្នកទេសចរថៃ និងបរទេសមកពេលនេះគេអាច ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ខេត្ពព្រះសីហនុ និងរាជធានីភ្នំពេញ។ បើទោះបីក្នុងអំឡុងកូវីដ-១៩នេះក្តីកម្ពុជាបានយកឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងតំបន់ទេសចរណ៍ជាច្រើនគួរជាទីទាក់ទាញបន្តបន្ទាប់។ យើងមិនចាំបាច់រងចាំដល់ឆ្នាំ២០២៣ទេ គឺសម្រាប់ឆ្លងឆ្នាំថ្មីនេះយើងអាចមកកម្សាន្តបានហើយ។ ខ្ញុំធានាលើសុវត្តិភាពកូវីដ-១៩ មិនចាំបាច់ព្រួយបារម្ភ។ កម្ពុជាមានរៀបចំនូវវិធានសុវត្ថិភាព ការពារជំងឺកូវីដ-១៩យ៉ាងល្អ តាមបទដ្ឋានអង្គការសុខភាពពិភពលោក (WHO)។
-ពិធីករ, លោក ប៉ាតិផាត់ ខេមធីត៖ បើសរុបទាំងលើវិស័យទេសចរណ៍ វិស័យវិនិយោគទុន គឺកម្ពុជាមានសក្តានុពល មានសុវត្តិភាព ទាំងសុវត្តិភាពសន្តិសុខ សុវត្ថិភាពជំងឺកូវីដ-១៩ ដែលយើងគប្បីធ្វើដំណើរទៅកម្ពុជា។យើងអាចមានទំនុកចិត្តបានតាមរយៈការលើកឡើងរបស់ឯកឧត្តមដែលជាទីប្រឹក្សាផ្ទាល់របស់សម្តេច តេជោ ហ៊ុន សែននិងជារដ្ឋលេខាធិការក្រសួងទេសចរណ៍។ ជាទីបញ្ចប់ខ្ញុំបាទ ប៉ាតិផាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលឯកឧត្តមបានមកបំភ្លឺគ្រប់រឿង ជូនពលរដ្ឋថៃបានជ្រាបថ្ងៃនេះ៕Ph
សូមទស្សនាវីដេអូសម្ភាសន៍តាមរយៈតំណនេះ៖