ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ មេដឹកនាំ​ដែល​ត្រូវ​បាន​បណ្តេញចេញ​តំណែង​របស់​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​ធ្នូ បន្ទាប់​ពី​ត្រូវបាន​រកឃើញ​ថា​មាន​ពិរុទ្ធ​ពីបទ​ញុះញង់​ប្រឆាំងនឹង​យោធា និង​បំពាន​ច្បាប់​កូ​វីដ​នៅក្នុង​សេចក្តីសម្រេច​ដែល​ទាក់ទាញ​ការ​ថ្កោលទោស​ជា​អន្តរជាតិ​យ៉ាង​ឆាប់រហ័ស​។​

​ដំបូង​ឡើយ តុលាការ​ពិសេស​បាន​កាត់ទោស​ម្ចាស់​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​អាយុ ៧៦ ឆ្នាំ​រូប​នេះ​ឱ្យ​ជាប់គុក​បួន​ឆ្នាំ ប៉ុន្តែ​លោកស្រី​ត្រូវបាន “​លើកលែងទោស​” មួយ​ផ្នែក​នៅ​ប៉ុន្មាន​ម៉ោង​​ក្រោយមក​ដោយ​ប្រមុខ​របប​យោធា ដែល​បាន​បន្ថយទោស​ពាក់កណ្តាល​មក​ត្រឹម​ពីរ​ឆ្នាំ​។​

​លោកស្រី​ស៊ូ​ជី​ត្រូវបាន​ឃុំខ្លួន ចាប់តាំងពី​ពួក​មេទ័ព​បាន​ធ្វើ​រដ្ឋប្រហា​រ​និង​ទម្លាក់​រដ្ឋាភិបាល​របស់​លោកស្រី​កាលពី​ថ្ងៃទី ១ ខែ​កុម្ភៈ ដោយ​បញ្ចប់​លទ្ធិប្រជាធិបតេយ្យ​មួយ​ដង្ហើមចង្រិត​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​

​ចាប់តាំងពី​ពេលនោះ​មក​លោក​ស្រី​ត្រូវបាន​ចោទប្រកាន់​ជា​បន្តបន្ទាប់ រួម​ទាំង​បទ​រំលោភ​លើ​ច្បាប់​ការណ៍​សម្ងាត់​ជាតិ ការនាំ​ចូល​ដោយ​ខុស​ច្បាប់​នូវ​វិទ្យុទាក់ទង និង​ការ​ក្លែងបន្លំ​ការបោះឆ្នោត ហើយ​ប្រឈមមុខ​នឹង​ការ​ជាប់ពន្ធនាគារ​រាប់​ទសវត្សរ៍ ប្រសិនបើ​ត្រូវបាន​ផ្តន្ទាទោស​លើ​គ្រប់​ករណី​ទាំងអស់​។​

​អតីត​ប្រធានាធិបតី វីន មីន ក៏​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បួន​ឆ្នាំ​ផង​ដែរ​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​ក៏​ត្រូវបាន “​លើកលែងទោស​” ដោយ​មេដឹកនាំ​របប​យោធា មីន អ៊ុង​ហ្លាំង​ផងដែរ និង​បន្ថយទោស​មក​នៅត្រឹម​ជាប់គុក​ពី​រ​ឆ្នាំ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​ដែល​បាន​អាន​នៅលើ​ទូរទស្សន៍​រដ្ឋ​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា ពួកគាត់​នឹង​បំពេញ​ការកាត់ទោស​ដោយ​ការ​ជាប់​ឃុំ​ក្នុងផ្ទះ​នៅក្នុង​រដ្ឋធានី​ណៃពី​ដោ ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ​។​

​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ អ្នកស្រុក​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ពាណិជ្ជកម្ម​យ៉ាងហ្គោន​បានគោះ​ប៉ោត​គោះ​ឆ្នាំង ដែល​ជា​ប្រពៃណី​មួយ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការបណ្តេញ​វិញ្ញាណ​អាក្រក់​ប៉ុន្តែ​ត្រូវបាន​ប្រើប្រាស់​​តាំងពី​ខែ​កុម្ភៈ​ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត​ប្រឆាំង​នឹង​ពួកយោធា​។​

​សហរដ្ឋ​អាម៉េរិក​បាន​ដឹកនាំ​ការ​ថ្កោលទោស​ជា​អន្តរជាតិ​ចំពោះ​ការកាត់ទោស​នេះ ដោយ​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​ខិន បាន​ហៅ​ការកាត់ទោស​នេះ​ថា “​អយុត្តិធម៌​” និង “​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​និង​យុត្តិធម៌​”​។​

​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​ជំរុញ​ឱ្យ​របប​នេះ​ដោះលែង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​និង​អ្នក​ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌​ទាំងអស់​”​។​

​ប្រមុខ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ លោកស្រី មី​សែ​ល បា​ឆេ​ឡេត បាន​និយាយថា ការកាត់ទោស​”​បន្ទាប់ពី​សវនាការ​ឥត​អៀនខ្មាស់​នៅក្នុង​ដំណើរការ​ជា​សម្ងាត់​នៅ​ចំពោះមុខ​តុលាការ​​ដែល​គ្រប់គ្រង​ដោយ​យោធា​គឺ​គ្មានអ្វី​ក្រៅ​ពី​ហេតុផល​នយោបាយ​នោះទេ​”​។​

​គណៈកម្មាធិការ​ណូបែល​បាន​និយាយថា​ខ្លួន​មាន “​ការព្រួយបារម្ភ​” សម្រាប់​ម្ចាស់​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ ១៩៨១ រូបនេះ ដោយ​និយាយថា​ខ្លួន​បារម្ភ​អំពី​ផលវិបាក​”​សម្រាប់​អនាគត​នៃ​​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​” ប៉ុន្តែ​ក៏​បារម្ភ​អំពី “​ផល​ប៉ះពាល់​នៃ​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​វែង​ទៅលើ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ផ្ទាល់​” ផងដែរ​។​

​លោក រី​ឆាត ហ័​រស៊ី ជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អង្គការ​ក្រុម​វិបត្តិ​អន្តរជាតិ​នៃ​មី​យ៉ាន់​ម៉ា បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា ការលើកលែងទោស​នេះ​”​មាន​ចរិត​ជា​ការរៀបចំ​ឡើង​ច្រើន​ជាង​ការ​​កាត់ទោស​ខ្លួនឯង​ទៅទៀត​។ ប្រសិនបើ​វា​ជា​ការប៉ុនប៉ង​បង្ហាញ​ចិត្តមេត្តា វា​គ្មាន​ពី​ណា​ជឿ​ទេ​”៕

លោកស្រី​ស៊ូ​ជីនិងអតីតប្រធានាធិបតីមីយ៉ាន់ម៉ា​ត្រូវបាន​កាត់ទោស​ជាប់គុក​២​ឆ្នាំ​ដូចគ្នាកាល​ពី​ថ្ងៃ​ចន្ទ