ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្មី និង ប្រសិទ្ធនាមព្រលានយន្តហោះថ្មីជា«អាកាសយានដ្ឋានអន្តរជាតិតេជោ»នៅព្រឹកថ្ងៃទី៩ឆ្នូឆ្នាំ ២០២១នេះ។ នេះបើតាមការឲ្យដឹងរបស់លោកគង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្តាល ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញដឹកនាំក្រុមការងារចម្រុះចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខ សុវត្ថិភាព ជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៅរសៀលថ្ងៃទី៦ ខែ ឆ្នូ ២០២១ ស្តិតនៅឃុំព្រែកស្លែង និងឃុំបឹងខ្យាងស្រុកកណ្តាលស្ទឹង ។

គំរោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីបាននិងកំពុងសាងសង់នៅក្នុងទឹកដីខេត្តកណ្តាលនិងខេត្តតាកែវ គម្រោងនេះមានវិសាលភាពលើផ្ទៃដី ២.៦០០ហិកតានិងវិនិយោគទឹកប្រាក់១.៥០០លានដុល្លារដោយក្រុមហ៊ុន OCIC រហូតមកដល់ពេលនេះសំរេចការសាងសង់បានប្រមាណជាង៣០% ហើយ ។

សូមបញ្ជាក់ថាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាលស្ថិតនៅចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញមានផ្ទៃដីសរុបចំនួន ២៦០០ហិចតាដែលគម្រោង សាងសង់នេះមាន ៣ដំណាក់កាលគឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៣ ខាងមុខអាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំដំណាក់កាល ទី២នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយនឹងបញ្ចប់នៅឆ្នាំ ២០៥០អាចនឹងទទួលបាន អ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំដែលវិនិយោគក្នុងទឹកប្រាក់ប្រមាណ១,៥០០ លានដុល្លារអាមេរិក ។ជាមួយការសាងសង់ព្រលានយន្តហោះថ្មីនេះក្រុមហ៊ុនOCICកំពុងសិក្សាលំអិតដើម្បីសាងសង់ស្ពានអាកាសតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីមកកាន់រាជធានីភ្នំពេញលើប្រវែងផ្លូវជាង២០គីឡូម៉ែត្រ,គម្រោងសាងសង់ផ្លូវអាកាស នេះគ្រោងវិនិយោគទឹកប្រាក់ប្រមាណ ៤០០លានដុល្លារអាមេរិក៕