​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆា​នែ​ល​ញូ​វ​អេ​ស៊ា​) ៖ អ្នកបង្កើត​វ៉ាក់សាំង​ម្នាក់​នៃ​ក្រុមហ៊ុន Oxford-AstraZeneca បាន​និយាយថា ជំងឺ​រាតត្បាត​នាពេល​អនាគត​អាច​មាន​គ្រោះថ្នាក់​ខ្លាំង​ជាងកូ​វីដ​១៩ ដូច្នេះ​មេរៀន​ដែល​បាន​រៀន​ពី​ការផ្ទុះ​មេ​រោគកូ​វីដ​មិនត្រូវ​បំភ្លេចចោល​នោះទេ ហើយ​ពិភពលោក​គួរតែ​ធានាថា​ខ្លួន​បាន​ត្រៀម​ជាស្រេច​សម្រាប់​ការវាយលុក​នៃ​មេរោគ​បន្ទាប់​។

​យោង​តាម​សាកលវិទ្យាល័យ​ច​ន​ហប់​ឃី​ន​បាន​ឱ្យដឹងថា មេរោគ​នេះ​បាន​សម្លាប់​មនុស្ស​ចំនួន ៥,២៦ លាន​នាក់​នៅ​ទូទាំង​ពិភពលោក ដោយ​បាន​បំផ្លាញ​ទិន្នផល​សេដ្ឋកិច្ច​រាប់​ទ្រី​លាន​ដុល្លារ​ហើយ​បាន​​ធ្វើឱ្យ​ជីវិត​មនុស្ស​រាប់ពាន់​លាន​នាក់​ក្រឡាប់ចាក់​។​

​ទូរទស្សន៍ BBC បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ទី ៦ ធ្នូ​ថា លោកស្រី សា​រ៉ា ហ្គីល​បឺត បាន​និយាយ​នៅក្នុង​កម្មវិធី Richard Dimbleby Lecture ថា​”​ការពិត​គឺ​ថា​ជំងឺ​រាតត្បាត​បន្ទាប់​អាច​​កាន់តែ​អាក្រក់​ទៅ​។ វា​អាច​នឹង​កាន់តែ​ឆ្លង​ខ្លាំង​ឬ​សាហាវ​ខ្លាំង​ឬ​អាច​ទាំងពីរ​។ នេះ​នឹង​ក្លាយ​ជា​លើក​ចុងក្រោយ​ដែល​មេរោគ​គំរាមកំហែង​ជីវិត​និង​ជីវភាព​របស់​យើង​”​។​

​លោកស្រី​ហ្គីល​បឺត ជា​សាស្ត្រាចារ្យ​ផ្នែក​វ៉ាក់សាំង​នៅ​សាកលវិទ្យាល័យ​អក់​ស្វត បាន​និយាយថា ពិភពលោក​គួរតែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ខ្លួន​ត្រូវតែ​ត្រៀមខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​មេរោគ​បន្ទាប់​។​

​លោកស្រី​បាន​និយាយថា “​ភាពទំនើប​ជឿនលឿន​ដែល​យើង​បាន​បង្កើត​និង​ចំណេះដឹង​ដែល​យើង​បាន​ទទួល​មិន​ត្រូវ​បាត់បង់​នោះឡើយ​”​។​

​អ្នកជំនាញ​សុខភាព​រូបនេះ​បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​កូវី​ដ​១៩ មាន​ភាព​មិន​ស្មើគ្នា​និង​បែកខ្ញែក ដែល​ត្រូវ​បាន​សម្គាល់​ដោយ​ការទទួលបាន​វ៉ាក់សាំង​នៅមានកម្រិត​នៅក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប ខណៈ​ប្រទេស​អ្នកមាន​បាន​ចាក់ដូស​ជំរុញ​រួចទៅហើយ​៕

ស្ត្រី​ម្នាក់​កំពុង​ទទួល​វ៉ាក់សាំង AstraZeneca នៅ​អង់គ្លេស​កាលពី​ថ្ងៃទី​១៧​ខែ​កុម្ភៈ​ឆ្នាំ​២០២១​