​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆា​នែ​ល​ញូ​វ​អេ​ស៊ា​) ៖ ប្រធាន​មន្ទីរពិសោធន៍​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​អាហ្វ្រិក​ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី ៧ ខែ​ធ្នូ​ថា​មេរោគ​អូ​មី​ក្រុង​​អាច​គេចផុត​ពី​ការការពារ​មួយផ្នែក​ពី​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ក្រុមហ៊ុន Pfizer​និង​ដៃគូ BioNTech ។​

​លោក អា​ឡិច ស៊ី​ហ្គាល់ ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​អាហ្វ្រិក​បាន​និយាយ​នៅលើ Twitter ថា​មាន “​ការធ្លាក់​ចុះ​យ៉ាងខ្លាំង​”​ក្នុងការ​បន្សាប​មេរោគ​អូ​មី​ក្រុង​ធៀប​នឹង​មេរោគ​បំប្លែង​​មុនៗ​នៃ​កូវី​ដ​។​

​យោង​តាម​ឯកសារ​សិក្សា​ស្រាវជ្រាវ​ដែល​បាន​បង្ហោះ​នៅលើ​វេបសាយ​របស់​មន្ទីរ​ពិសោធន៍​គាត់​បានឱ្យដឹងថា មន្ទីរពិសោធន៍​បាន​ធ្វើតេស្តិ៍​ឈាម​ពី​មនុស្ស ១២ នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង Pfizer-BioNTech​។ ទិន្នន័យ​បឋម​នៅ​ក្នុង​ឯកសារ​ស្រាវជ្រាវ​នោះ​មិន​ទាន់​ត្រូវ​បាន​ពិនិត្យ​ដោយ​អ្នកស្រាវជ្រាវ​គ្នា​ឯង​នៅ​ឡើយ​ទេ​។​

​ឯកសារ​សិក្សា​នោះ​បាន​និយាយថា ឈាម​ពី​មនុស្ស​ប្រាំ​នាក់​ក្នុងចំណោម​ប្រាំមួយ​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​ក៏ដូចជា​បាន​ឆ្លងកូវី​ដ​១៩​កាលពីមុន នៅតែ​អាច​បន្សាប​មេរោគ​អូ​មី​ក្រុង​តែ​ក្នុង​កម្រិត​ទាប​។​

​យោង​តាម​ឯកសារ​នេះ ពួកគេ​បាន​សង្កេតឃើញ​ការថយចុះ ៤១ ដង​នៃ​កម្រិត​អង្គ​បដិ​ប្រាណ​បន្សាប​លើ​មេ​រោគអូ​មី​ក្រុង ដូច្នេះ​ដូស​ជំរុញ​គឺ​ត្រូវការ​ចាំបាច់​។​

​លោក​ស៊ី​ហ្គាល់​បាន​និយាយ​នៅ​លើ Twitter ថា​តួលេខ​ទំនងជា​ត្រូវបាន​កែសម្រួល​បន្ទាប់ពី​មន្ទីរពិសោធន៍​របស់គាត់​ធ្វើ​ការពិសោធន៍​បន្ថែមទៀត​៕

​មេរោគ​អូ​មី​ក្រុង​នៅតែ​អាច​គេចផុត​ពី​ខែល​ការពារ​ពី​វ៉ាក់សាំង Pfizer