ដោយៈ ប​.​ខុន / ភ្នំពេញៈ ការនាំ​ត្រី​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រកទ្វារព្រំដែន ចំនួន ២ នៅក្នុង​ខេត្តព្រៃវែង មានការ​ថយចុះ​ពាក់កណ្តាល ចាប់តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា បន្ទាប់ពី​បើក​រដូវ​នេសាទ​ឡើងវិញ​។​

​លោក អូន ស៊ី​ណាត នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តព្រៃវែង បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១​ថាៈ ការនាំ​ត្រី​ចូល​ពី​ប្រទេស​វៀតណាម នៅពេលនេះ មានការ​ថយចុះ ប្រហែល​ពាក់កណ្តាល ចាប់តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា​មក ដោយសារ ត្រី តាម​វាល​នៅក្នុង​ស្រុក ចាប់បាន​ចំនួន​ច្រើន ចាប់តាំងពី​បើក​នេសាទ​វិញ​មក​។​

​ត្រី​នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​ក្នុង​ខេត្តព្រៃវែង ឆ្ពោះទៅ​រាជធានី និង​ខេត្ត​ផ្សេងៗ ត្រូវបាន​ប្រភព​ខាងលើ ប្រាប់​ឱ្យដឹងថាៈ មាន​ចំនួន ៧ ក្រុមហ៊ុន ដូចជា ក្រុមហ៊ុន យ៉ុ​ន សុ​ភ័​ក្រ នាំចូល​តាម​ច្រកទ្វារព្រំដែន កោះ​រកា គោលដៅ​ឆ្ពោះ​ទៅដល់ ខេត្ដ​បន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ , ក្រុមហ៊ុន​ចិ​ប សុក​ជា នាំចូល​តាម​ច្រកទ្វារព្រំដែន បន្ទាយ​ចក្រី គោលដៅ​ឆ្ពោះ​ទៅដល់​ខេត្ដ​ព្រៃវែង ខេត្ដ​សៀមរាប និង​ខេត្ដ​ឧត្ដរមានជ័យ , ក្រុមហ៊ុន គង់ គឹម​ស្រេង នាំចូល​តាម​ច្រកទ្វារព្រំដែន បន្ទាយ​ចក្រី គោលដៅ​ឆ្ពោះ​ទៅដល់ ខេត្ដ​ព្រៃវែង ខេត្ដ​បាត់ដំបង និង​ខេត្ដ​សៀមរាប​, ក្រុមហ៊ុន កុល វិ​រៈ នាំចូល​តាម​ច្រកទ្វារព្រំដែន បន្ទាយ​ចក្រី គោលដៅ​ឆ្ពោះ​ទៅដល់​ខេត្ដ​ព្រៃវែង ខេត្ដ​សៀមរាប រាជធានី​ភ្នំពេញ និង​ខេត្ដ​បាត់ដំបង , ក្រុមហ៊ុន កែវ ចន្ថា នាំចូល​បង្កង តាម​ច្រកទ្វារព្រំដែន បន្ទាយ​ចក្រី គោលដៅ​ឆ្ពោះ​ទៅដល់ រាជធានី​ភ្នំពេញ , ក្រុមហ៊ុន ងួន គឹម​សួរ នាំចូល តាម​ច្រកទ្វារព្រំដែន​កោះ​រកា គោលដៅ​ឆ្ពោះ​ទៅដល់​ខេត្ដ​ព្រៃវែង រតនគីរី សៀមរាប បាត់ដំបង និង​បន្ទាយមានជ័យ និង ក្រុមហ៊ុន តាន់ ទីង​តុង នាំចូល​តាម​ច្រកទ្វារព្រំដែន បន្ទាយ​ចក្រី គោលដៅ​ឆ្ពោះ​ទៅដល់​រាជធានី​ភ្នំពេញ​។​

​លោក អូន ស៊ី​ណាត បានឱ្យដឹង​ទៀតថាៈ ផលិតផល​ជលផល​សរុប ដែល​បាន​នាំចូល តាម​ច្រកទ្វារព្រំដែន កោះ​រកា និង​ច្រកទ្វារព្រំដែន​បន្ទាយ​ចក្រី ពេលនេះ ក្នុង​មួយថ្ងៃ នៅសល់​ចំនួន​ជាង ២០ តោន (២២,៨០ តោន ថ្ងៃទី​៨ ធ្នូ​) ក្នុងនេះ​មាន​បង្កង ចំនួន ០,៦៥ តោន ជា​ចំនួន​បាន​ថយចុះ ពាក់កណ្តាល បើ​ធៀប​ទៅមុន​ខែវិច្ឆិកា​។ ប្រភេទ​ត្រី​នាំ ចូល មាន​ដូច ជា​ត្រី​ក្រាញ់ ត្រី​កាហែ ត្រី​រ៉ស់ ត្រី​អណ្តែង ត្រី​កន្ធរ ត្រី​ឆ្ពិន បង្កង ៕/V​