​ប្រែ​សម្រួលៈ​វាសនា​(​បាងកក​ប៉ុស្តិ៍​)៖​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូវី​ដ​១៩​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៨​ធ្នូ​ថា ថៃ​បាន​រកឃើញ​មនុស្ស​២​នាក់​ដែល​ទំនង​ជា​ឆ្លង​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​ប្រភេទ​អូ​មី​ក្រុង​​។​ជនសង្ស័យ​ជា​ស្ត្រី​ថៃ​២​នាក់​ដែល​បាន​វិល​មក​ពី​ប្រទេស នី​ហ្សេ​រី​យ៉ា​។​

​មជ្ឈមណ្ឌល​បាន​និយាយថា ស្ត្រី​អាយុ​៤៦​ឆ្នាំ និង​៣៦​ឆ្នាំ​បាន​វិល​មក​ដល់​ក្រុង​បាងកក​កាលពី​ថ្ងៃ​២៤​វិច្ឆិកា តាម​យន្តហោះ​មក​ពី​នី​ហ្សេ​រី​យ៉ា ដោយ​ឆ្លងកាត់​ក្រុង​ដូ​ហា​តាម​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​Qatar Airways​។​ពួកគេ​កំពុង​ធ្វើ​ចត្តា​ឡីស័​ក​ក្រោយ​ការធ្វើ​តេស្តិ៍​កាលពី​ថ្ងៃ​២៤​វិច្ឆិកា​បង្ហាញ​វិជ្ជមាន​វីរុស​កូរ៉ូណា​។​

​ស៊ូ​ម៉ា​នី វ៉ា​ចា​រ៉ា​ស៊ីន នៅ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​បាន​ប្រាប់​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូវី​ដ​១៩​ថៃ​ថា ស្ត្រី​ទាំង​ពីរ​អាច​ឆ្លង​អូ​មី​ក្រុង​នៅពេល​សំណាក់​កំពុង​បញ្ជូន​ទៅ​វិភាគ​ហើយ​លទ្ធផល​នឹង​ចេញ​នៅ​​ប៉ុន្មាន​ថ្ងៃ​ទៀត​។​

​ប្រភព​ព័ត៌មាន​បាន​និយាយថា ស្ត្រី​ទាំង​ពីរ​មិន​បាន​ពាក់​ម៉ាស់​ការពារ​ទេ​ក្នុងពេល​ចូលរួម​ប្រជុំ​នៅ​នី​ហ្សេ​រី​យ៉ា​។​

​ថៃ​កាលពី​ថ្ងៃអាទិត្យ​ក៏​បាន​ប្រកាស​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​អូ​មី​ក្រុង​ម្នាក់ លើ​ពលរដ្ឋ​អាម៉េរិក​ដើមកំណើត​ថៃ​ម្នាក់​។​បុរស​នេះ​បាន​ចូល​មក​ថៃ​ក្នុង​ដំណើរ​មក​ពី​អេ​ស្ប៉ា​ញ​។​

​ពាក់ព័ន្ធ​នឹង​កូវី​ដ​១៩​នេះដែរ ថៃ​កាលពី​ថ្ងៃ​ពុធ​បានប្រកាស​អ្នកស្លាប់​ថែម​៣៨​នាក់ និង​ឆ្លងកូវី​ដ​១៩​ថ្មី​៣.៦១៨​នាក់​នៅ​២៤​ម៉ោង​កន្លងទៅ​។​

​វា​ជា​ថ្ងៃទី​២​ជាប់​គ្នា ដែល​ថៃ​មាន​អ្នក​ឆ្លង​ក្រោម​៤.០០០​នាក់​។​

​សូមបញ្ជាក់​ថា​ចាបតាំងពី​កូវី​ដ​១៩​បង្ហាញ​ខ្លួន​នៅ​ថៃ​កាលពី​ឆ្នាំមុន មាន​អ្នក​ឆ្លង​សរុប​២.១៥២.៣៨៤​នាក់និង​២១.០៣៥​នាក់​ស្លាប់ ក្នុងនេះ ២០.៩៤១​នាក់​ស្លាប់​នៅក្នុង​ការផ្ទុះកូ​វីដ​១៩​នៅ​រលក​ទី​៣​ចាប់​​តាំងពី​ខែ​មេសា​ឆ្នាំ​២០២១​មក​៕

២១.០៣៥​នាក់​ស្លាប់ ដោយកូវី​ដ​១៩​នៅ​ថៃ​ចាប់តាំងពី​ឆ្នាំ​មុន​មក​