​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ កីឡា​អូឡាំពិក​គឺជា​ការប្រមូលផ្តុំ​ដ៏​ធំ​នៃ​អត្ត​ពលិ​កនិង​អ្នកគាំទ្រ​ទូទាំង​ពិភពលោ​ក​។ កីឡា​អូឡាំពិក​រដូវរងា​ទីក្រុង​ប៉េកាំង​ក៏​មិន​ខុស​គ្នា​ដែរ ប៉ុន្តែ​ប្រទេស​ខ្លះ​កំពុង​ព្យាយាម​ប្រែក្លាយ​ព្រឹត្តិការណ៍​នេះ​ទៅ​ជា​រឿង​ភ្ញាក់ផ្អើល​ខាង​នយោបាយ​ទៅ​វិញ​។​

​វា​ជា​ការ​បោក​បញ្ឆោត​មួយ​ដែល​ក្រុង​វ៉ាស៊ីនតោន​ប្រកាស​ពហិការ​ការទូត​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​ឆ្នាំ ២០២២ ខណៈ​អះអាង​ថា​ចង់​បាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​ទីក្រុង​ប៉េកាំង​។ ការប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​ធ្នូ​គ្រាន់តែ​បញ្ជាក់​ឱ្យដឹង​ច្បាស់​ថា​ពួក​អ្នកនយោបាយ​អាម៉េរិក​មាន​ចរិត​ក្រអឺតក្រទម​ខ្លាំង​ប៉ុនណា​។

​ការ​ធ្វើ​ពហិការ​នេះ​គ្មានអ្វី​ក្រៅតែពី​កាយវិការ​អួតអាង​នូវ​អ្វី​ដែល​ពួក​គេ​ជឿ​យ៉ាង​មុតមាំ​ថា​ការ​ដែល​ពួកគេ​ជា​ជនជាតិ​អាម៉េរិក ពួកគេ​មាន​សេរីភាព​ពេញទី​ដើម្បី​បង្ខូចឈ្មោះ​ប្រទេស​ដទៃ​។​

​ការ​ធ្វើ​នយោបាយ​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​ក្នុង​គោលបំណង​បង្ហាញ​ថា​សហរដ្ឋ​អាម៉េរិក​ជា “​អ្នកការពារ​សិទ្ធិមនុស្ស​” គឺ​ពិតជា​គួរឱ្យ​អស់សំណើច​ណាស់​។​ពិភពលោក​ទាំងមូល​បានដឹង​ថា​សិទ្ធិ​​មនុស្ស​គឺ​ជា​កូនអុក​ទុក​ប្រើ​ពេល​ណា​ក៏​បាន​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន​។​

​សិទ្ធិមនុស្ស​គ្មានអ្វី​ក្រៅតែពី​ស្លាក​ងាយស្រួល​មួយ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​បិទ​នៅ​លើ​ប្រទេស​ដទៃ​ដែល​មិន​អើពើ​នឹង​សិទ្ធិ​ប្រកាស​ដោយ​ខ្លួនឯង​របស់​អាម៉េរិក​ក្នុង​ការបន្ត​របៀបវារៈ​របស់ខ្លួន​។​វា​គ្មាន​អី​​ចាំបាច់​សោះ​ក្នុងការ​ធ្វើ​ដូច្នេះ​មកលើ​ចិន ហើយ​វា​បង្ក​គ្រោះថ្នាក់​ណាស់​ទោះ​តាម​វិធី​ណា​ក៏​ដោយ​ក្នុងការ​ធ្វើ​នយោបាយ​លើ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដូចជា​កីឡា​អូឡាំពិក​។​

​ប៉ុន្តែ​សម្រាប់​រដ្ឋបាលចូ​បៃ​ដិ​ន វា​គឺជា​ឱកាស​ដ៏​ល្អ​មិន​អាច​ខកខាន​បានឡើយ​។ វា​ជា​ឱកាស​ដ៏​សំខាន់​ដើម្បី​និយាយ​អាក្រក់​អំពី​ចិន​។ ​ការ​ធ្វើ​ពហិការ​ផ្នែក​ការទូត​នេះ​ធ្វើឱ្យ​គេ​មើលឃើញ​ច្បាស់​ក្រឡែត​នូវ​ការចោទប្រកាន់​ប្រឌិត​របស់​អាម៉េរិក​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ដោ​យ​ប្រទេស​ចិន​។​តាមរយៈ​ការ​បំភ្លៃ​ជោគជ័យ​របស់​ចិន​ក្នុងការ​​បង្ក្រាប​អំពើ​ភេរវកម្ម​នៅក្នុង​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​វី​ហ្គួ​របស់​ខ្លួន​ថា​ជា “​អំពើ​ប្រល័យពូជសាសន៍​” និង​ជា “​ការរំលោភ​សិទ្ធិមនុស្ស​”​សហរដ្ឋ​អាម៉េរិក​កំពុង​ធ្វើ​សកម្មភាព​បង្ក​គ្រោះថ្នាក់​ដល់​សង្គ្រាម​ជា​សកល​​ប្រឆាំង​នឹង​ភេរវកម្ម​។​

​ដោយ​ព្រងើយកន្តើយ​ចំពោះ​អ្វី​ដែល​ចិន​សម្រេចបាន​ក្នុង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​ក្រុម​ជនជាតិ​ផ្សេងៗ​គ្នា​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង សហរដ្ឋ​អាម៉េរិក​កំពុង​បដិសេធ​ការរីក​​ចម្រើន​ផ្នែក​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​នេះ​។

​ការ​ធ្វើ​ពហិការ​ការទូត​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង​គ្រាន់តែ​ពង្រឹង​ការពិត​ដែល​ថា​ទីក្រុង​វ៉ាស៊ីនតោន​មិន​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​និយាយ​អំពី​សិទ្ធិ​មនុស្ស​ប៉ុណ្ណោះ​។​

​អាម៉េរិក​គួរ​ឆ្លុះកញ្ចក់​សិន​មុន​នឹង​និយាយ​អំពី​សិទ្ធិមនុស្ស​នៅ​កន្លែង​ផ្សេង​។ អំពើហិង្សា​ដោយ​កាំភ្លើង​ដែល​ឆក់យក​ជីវិត​មនុស្ស​ស្លូតត្រង់​រាប់ពាន់នាក់​ក្នុង​មួយឆ្នាំៗ ការរើសអើង​ជាតិ​សាសន៍​និង​គម្លាត​​ទ្រព្យសម្បត្តិ​ដែល​ចេះតែ​កើន​ឡើង បានធ្វើឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​សហរដ្ឋ​អាម៉េរិក​កាន់តែ​យ៉ាប់យ៉ឺន​។​

​ដោយ​បិទ​ភ្នែក​មិន​មើល​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុងប្រទេស​ខ្លួនឯង ពួក​អ្នកនយោបាយ​អាម៉េរិក​យល់​ថា​ពួកគេ​មាន​សីលធម៌​ខ្ពស់​ក្នុង​ការចង្អុល​ម្រាមដៃ​ចោទប្រកាន់​អ្នក​ដទៃ​នៅ​ពេល​និយាយ​អំពី​​សិទ្ធិមនុស្ស​។ ប៉ុន្តែ​តាម​ទស្សនៈ​អ្នកដទៃ ពាក្យសម្ដី​របស់​ពួកគេ​គ្រាន់តែ​ជា​ការ​លាក់ពុត​ប៉ុណ្ណោះ​។​

​អាម៉េរិក​បានចាប់ផ្តើម​សង្គ្រាម​ជាច្រើន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លងមក​ទៅ នេះ​មិន​និយាយ​អំពី​បដិវត្តន៍​ពណ៌​ដែល​ខ្លួន​បាន​គាំទ្រ​ផង​។​គ្មាន​សង្គ្រាម​ណាមួយ​បាន​នាំមក​នូវ​សន្តិភាព​និង​លទ្ធិ​ប្រជា​ធិប​​តេ​យ្យ​ដល់​ប្រជាជន​ក្នុង​តំបន់​ទេ រាប់​ទាំង​ការឈ្លានពាន​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាននិង​អ៊ីរ៉ាក់​។ ផ្ទុយទៅវិញ​សង្គ្រាម​និង​បដិវត្តន៍​ពណ៌​ដែល​ខ្លួន​បាន​ញុះញង់​បាន​ត្រឹមតែ​ធ្វើឱ្យ​ប្រជាជន​នៅក្នុង​ប្រទេស​​ទាំងនេះ​ធ្លាក់​ក្នុង​ភាព​វេទនា​និង​ភាពក្រីក្រ​ប៉ុណ្ណោះ​។​

​ការ​ធ្វើ​ពហិការ​ដោយ​គ្មាន​ន័យ​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ទីក្រុង​ប៉េកាំង​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​អាក្រក់​ឡើង ដែល​វា​នឹង​ជះ​ស្រមោល​លើ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចពិភពលោក​។ រឿង​នេះ​ចង្អុលបង្ហាញ​ការពិត​ថា ទីក្រុង​វ៉ាស៊ីនតោន​បាន​ក្លាយជា​ឧបសគ្គ​ចំពោះ​អភិបាលកិច្ច​និង​ការអភិវឌ្ឍ​ជា​សកល​៕