​ប្រែ​សម្រួលៈ​វាសនា​/​ញូវដេល្លី​៖ ឧទ្ធម្ភាគចក្រ​ដឹក​មេទ័ព​ឥណ្ឌា ឧត្តមសេនីយ៍ ប៊ី​ពីន រ៉ា​វ៉ាត បាន​ធ្លាក់​នៅ​រដ្ឋ​តាមឹ​ល ណា​ឌូ កាលពី​ថ្ងៃ​ពុធ ដោយ​អ្នក​ជួយសង្គ្រោះ​បាន​និយាយថា យ៉ាងហោច​ណាស់​មនុស្ស​៣​នាក់​បាន​ស្លាប់​។​

ឧត្តមសេនីយ៍ ប៊ី​ពីន រ៉ា​វ៉ាត

​លោក​រ៉ា​វ៉ាត ជា​ប្រមុខកងកម្លាំងប្រដាប់អាវុធនិង​ជា​មនុស្ស​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី ណា​រ៉េ​នដ្រា ម៉ូ​ឌី​។​លោក​ធ្លាប់​ដឹកនាំ​កម្លាំង​បង្ក្រាប​ការបះបោរ​នៅ​កា​ស្មៀនិង​ប្រតិបត្តិការ​ល្បាត​ព្រំដែន​នៅ​​តំបន់​ហេមពាន្ត​ជាប់​ចិន​អស់​ពេល​រាប់​ទសវត្សរ៍​។​លោក​ធ្លាប់​ជា​ប្រធាន​កងកម្លាំង​ទ័ព​១,៣​លាន​នាក់​មុន​ឡើង​មក​ជា​ប្រធាន​សេវា​ការពារជាតិ​។​

​កងទ័ពអាកាស​ឥណ្ឌា​បាន​សរសេរ​បង្ហោះ​ថា «​ឧត្តមសេនីយ៍វ័យ​៦៣​ឆ្នាំ​រូប​នេះ​បាន​ធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ​Mi-17​ដែល​បាន​ជួប​ឧបទ្ទវហេតុ​នៅថ្ងៃនេះ​។​មនុស្ស​៣​ទៅ​៤​នាក់​បាន​ស្លាប់​នៅ​កន្លែង​ធ្លាក់​​តែ​យើង​នៅ​មិនទាន់​ដឹង​អត្តសញ្ញាណ​ជនរងគ្រោះ​ដល់​ជីវិត​នៅ​ឡើយ​ទេ​។​អ្នករងរបួស​ខ្លះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​»​។​

​នាយទាហានជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា លោក​រ៉ា​វ៉ា​ត់​និង​ប្រពន្ធ​បាន​ស្ថិតក្នុង​ឧទ្ធម្ភាគចក្រ​ជាមួយ​នាយទាហាន​ដទៃទៀត និង​បាន​ធ្វើដំណើរ​ទៅកាន់​សាលា​យោធា​មួយ​៕

​រូបភាព​ពី​កន្លែង​ធ្លាក់​បង្ហាញ​ខ្មោច​ឧទ្ធម្ភាគចក្រ​ក្នុង​អណ្តាតភ្លើង​នៅ​ក្នុងព្រៃ​ក្រាស់​មួយ​ក្បែរ​សាលា​ទាហាន​នៅ​ស្រុក​មួយ​ក្នុង​រដ្ឋ​តាមឹ​ល​ណា​ឌូ​