​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ប៉ាន សូរ​ស័​ក្ត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​បើក​កម្មវិធី​ជំនួប​សេដ្ឋកិច្ច​ហ្វ្រ​ង់​កូ​ហ្វូ​ន ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២១ ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​អង្គការ​ក្រុម​ប្រទេស​និយាយ​ភាសារ​បារាំង (OIF)​។

​កម្មវិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តំណាង​អន្តរក្រសួង​ស្ថាប័ន ដៃគូរ​អភិវឌ្ឍន៍ និង​តំណាង​វិស័យ​ឯកជន​ជាច្រើនរូប​។​

​លោក រដ្ឋមន្ត្រី​បាន​ស្វាគមន៍ និង​គាំទ្រ​ដល់​បេសកកម្ម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ហ្វ្រ​ង់​កូ​ហ្វូ​នី ដែល​ត្រូវបាន​ផ្តួចផ្តើម​ដោយ​អង្គការ OIF ក្នុង​គោលបំណង​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច រវាង​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង និង​ប្រទេស​ក្នុង​តំបន់​។​

​ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី​បានបញ្ជាក់​ពី​ឆន្ទៈ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ចំណង​ការទូត ជាមួយ​ប្រទេស​ជា​សមាជិក​អង្គការ OIF ដែល​កត្តា​ទាំងនេះ​នឹង​ផ្តល់​សារៈសំខាន់​ដល់​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់ ជាពិសេស​ចំណង​សហប្រតិបត្តិការ​លើ​ពហុ​វិស័យ រួមមាន វប្ប​ធ៌​ម ទេសចរណ៍ សង្គមកិច្ច និង​ចូលរួមចំណែក​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​ទទួលផល​ប៉ះពាល់​ដោយ​ជម្ងឺ​រាតត្បាត​សកល កូ​វីដ​-១៩​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច និង​វិនិយោគិន OIF មកពី​គ្រប់​ទ្វីប​ទាំងអស់ ឱ្យ​ពិនិត្យ​ពី​សក្តានុពល​ពាណិជ្ជកម្ម​ដែល​កម្ពុ​ជាមាន និង​កាលានុវត្តភាព​ថ្មីៗ ហើយ​អាច​ជ្រើសរើស​កម្ពុជា​ជាទី​តាំង​សម្រាប់​ពង្រីក​សហប្រតិបត្តិ​ការ​ថ្មី​ក្នុង​តំបន់ និង​ចូលរួម​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​តំលៃ​ដែល​កំពុងមាន​ឧត្តមភាព​រីកចម្រើន​។​

​គួរបញ្ជាក់​ផងដែរ​ថា ប្រទេស​ជា​សមាជិក និង​ប្រទេស​អង្កេត​ការ​ទាំងអស់​របស់​អង្ក​ការ OIF មាន​សរុប​ចំនួន ៨៨ ប្រទេស ហើយ​នៅ​ឆ្នាំ​២០២០ កម្ពុជា​សម្រេចបាន​ទំហំ​ពាណិជ​កម្ម​សរុប ៩,6 ប៊ី​លាន​ដុល្លា​អាមេរិក​ជាមួយ​ប្រទេស OIF ដោយ​ក្នុងនោះ​កម្ពុជា​បាន​នាំចេញ ៦,៥ ប៊ី​លាន​ដុល្លា​អាមេរិក កើនឡើង​ប្រមាណ ៤% ធៀប​នឹង​ឆ្នាំ​២០១៩៕​