ដោយ៖ សុផល​/​ភ្នំពេញ​៖ ​រដ្ឋបាលខេត្ត​សៀមរាប​និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​(​ចៃ​កា​)​បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​គម្រោង​សហប្រតិបត្តិការ​បច្ចេក​ទេស​ស្តីពី “​គម្រោង​អនុវត្តន៍​វិធីសាស្ត្រ​ទីក្រុង​ឆ្លាត​វៃ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ខេត្តសៀមរាប​” ដែល​គម្រោង​នេះ​មាន​រយៈពេល ៣​ឆ្នាំ ហើយ គ្រោង​នឹង​ចាប់ផ្តើម​អនុវត្ត​នា​ដើម ឆ្នាំ​២០២២ ខាងមុខនេះ​។​

​កិច្ចព្រមព្រៀង​បាន​ត្រូវ​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ ២០២១​នេះ ដោយ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង លោកស្រី កា​មេ​យ ហា​រូ​កុ ប្រធាន​តំណាង​ការិយាល័យ​ចៃ​កា​ប្រចាំ​ប្រទេស​កម្ពុជា​។​

​កន្លងមក ទីភ្នាក់ងារ​ចៃ​កា​បាន​នឹង​កំពុង​អនុវត្ត​នូវ​ការសិក្សា​ប្រមូល​ទិន្ន័យ​មួយ​ស្តីពី “​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិស្ថាន​ទីក្រុង​ក្នុង​ខេត្តសៀមរាប ” ចាប់តាំងពី​ឆ្នាំ​២០២០ ។​ការសិក្សា​ប្រមូល​ទិន្ន័យ​នោះ​បង្ហាញឱ្យឃើញថា​សក្តានុពល​នៃ​ការសម្រេច​ឱ្យបាន​ជាទី​ក្រុង​ឆ្លាត​វៃ ពោលគឺ​ការ​ផ្គុំ​ចូលគ្នា​នូវ​វិធីសាស្ត្រ​ចម្រុះ​ជាច្រើន​រួមមាន​ដូចជា​ការប្រើប្រាស់​បច្ចេកវិទ្យា​ឆ្លាត​វៃ​ជាដើម​នឹង​រួមចំណែក​ក្នុងការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​របស់​ទីក្រុង​។ ផ្អែកលើ​លទ្ធផល​ដែល​បាន​ពី​ការសិក្សា​ខាងលើនេះ បូករួម​នឹង​សំណើ​ផ្លូវការ​ពី​សំណាក់​រដ្ឋបាល​ខេត្តសៀមរាប ទើប​គម្រោង​ជំនួយ​សហប្រតិបត្តិការ​បច្ចេកទេស​មួយ​នេះ​ត្រូវ​ដាក់ឱ្យអនុវត្ត​ឡើង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ទីក្រុង​សៀមរាប តាមរយៈ​ការជំរុញឱ្យ​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​ទីក្រុង​ឆ្លាត​វៃ​។​

​តាមរយៈ​ការអនុវត្ត​នូវ​គម្រោង​នេះ​គេ​រំពឹងថា​សមត្ថភាព​មន្ត្រី​របស់​រដ្ឋបាល​ខេត្តសៀមរាប​នឹង​ត្រូវបាន​ពង្រឹង​ហើយ​បច្ចេកវិទ្យា​ឆ្លាត​វៃ​នានា​នឹងត្រូវ​បានធ្វើការ​ផ្ទៀងផ្ទាត់​តាមរយៈ​ការអនុវត្ត​នូវ​គម្រោង​សាកល្បង​ទាំងឡាយ​ដែល​បានកំណត់​រួច​នៅក្នុង​ការសិក្សា​ប្រមូល​ទិន្ន័យ​មូលដ្ឋាន​របស់​ទីភ្នាក់ងារ​ចៃ​កា​ដែល​បានលើកឡើង​ខាងលើ​។​

​ការអភិវឌ្ឍ​សមត្ថភាព​ប្រកបដោយ​ប្រសិទ្ធភាព​តាមរយៈ​គម្រោង រួម​ជាមួយនឹង​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការគ្រប់គ្រង​បែប​ឆ្លាត​វៃ នឹង​រួមចំណែក​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិស្ថាន​ទីក្រុង​សៀមរាប​៕​