ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល​នៃ គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន កំពុង​ជួយ​កសាង​ផ្លូវ​បេតុង ប្រវែង ៤៥០ ម៉ែត្រ លើ​កំណាត់​ផ្លូវជាតិ លេខ​៥២ ជូន​ប្រជាពលរដ្ឋ ស្ថិតនៅ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​

​លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ ថាៈ ផ្លូវជាតិ​លេខ​៥២ ត​ភ្ជាប់​ពី​ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ មក​ឃុំ​ឆ្នុកទ្រូ មាន​ប្រវែង​សរុប ៩ គីឡូម៉ែត្រ ។ ផ្លូវជាតិ​មួយ​ខ្សែ​នេះ ពីមុនមក ជា​ផ្លូវលំ ធម្មតា ពិបាកធ្វើ​ដំណើរ ដែល​នៅ ខែវស្សា ត្រូវ​លិច​ទឹកទន្លេ អស់​ពាក់កណ្ដាល​។ ប៉ុន្តែ​ចាប់ តាំងពី​ឆ្នាំ​២០១៦ រហូតមកដល់ ពេលនេះ ផ្លូវ​នេះ បាន​ត្រូវ​កសាង ខ្ពស់​ផុតពី​ទឹកទន្លេ​ឡើង ដើម្បី​ជួយ​សម្រួល​ដល់ ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​។

​លោក​មេឃុំ​ឆ្នុកទ្រូ បានឱ្យដឹង​ទៀតថាៈ​ដោយឡែក នៅ​អំឡុង​ដើមខែ​ធ្នូ​នេះ តាមរយៈ លោក​អភិបាលខេត្ត មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ជួយ​កសាង​ផ្លូវ​បេតុង ប្រវែង ៤៥០ ម៉ែត្រ មាន​ទទឹង ៣ ម៉ែត្រ និង កម្រាស់ ២​តឹក ៣​ហ៊ុន នៅ​ចំណុច​កំពង់ផែ ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ដើ ម្បី​ជួយ​សម្រួល ដល់​ការដឹកចេញ នូវ​កសិផល និង​ផល​នេសាទ របស់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន ទៅកាន់​ទីផ្សារ​នានា ក្នុងប្រទេស​។​

​លោក​មេឃុំ បានបញ្ជាក់​ថាៈ មកដល់​ថ្ងៃនេះ ផ្លូវ​បេតុង​ខាងលើនេះ កសាងបាន​ប្រវែង​ជាង ២០០ ម៉ែត្រ​ហើយ គឺ​កសាង​ដោយ​ថវិកាជាតិ​។ អាជ្ញាធរ និង​ប្រជាពលរដ្ឋ សង្ឃឹមថា នៅក្នុង​រយៈពេល​មួយខែ ទៅ​ពីរ​ខែ ខាងមុខនេះ ផ្លូវ​បេតុង​នេះ នឹង​កសាង​រួចរាល់​ជា ស្ថាពរ​ហើយ ដែល​អាច​ឲ្យ​ប្រជាកសិករ និង​ប្រជា​នេសាទ អាច​ដឹកជញ្ជូន​កសិផល និង​ផល​នេសាទ ដឹក​តាម​រថយន្ត បាន​ដោយ​ងាយស្រួល មិន​ខាន​នោះឡើយ​៕/V​