​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ បញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាល ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អគារ​រដ្ឋបាល​មូលដ្ឋាន កង រាជអាវុធហត្ថ ក្រុង​បាវិត អគារ​រដ្ឋបាល​សង្កាត់ និង​អគារ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង។

​មានប្រសាសន៍​ទៅកាន់​ពិធី​នេះ លោក ម៉ែន វិបុល បាន​ថ្លែង​នូវ​ការ​អរគុណ យ៉ាង​ជ្រាល ជ្រៅ ចំពោះ​លោកនាយ​ឧត្ដមសេនីយ៍ មេបញ្ជាការ កង​រាជ​អាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​កន្លងមក លោក​តែងតែ​ជួយឧបត្ថម្ភ​គាំទ្រ ដល់​ដំណើរ​ការកសាង សមិទ្ធ ផល​នានា ក្នុង​ខេត្តស្វាយរៀង រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ កងរាជអាវុធហត្ថ​នៅក្នុង ខេត្ត​។ ទាំងនេះ គឺ​ពិតជា​ការ​សរ​បញ្ជាក់​ឲ្យ​ឃើញ ពី​ការគិតគូរ​យកចិត្តទុកដាក់​បំផុត​របស់ លោក​ក្នុងការ គាំទ្រ និង​លើកទឹកចិត្ត​ចំពោះ កងកម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន ឲ្យ​កាន់តែ​ខិតខំ ប្រតិបត្តិការ រក្សា​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ល្អ ប្រសើរ​ថែមទៀត​។

​លោក​សង្ឃឹមថា អគារ​ធ្វើការ​ថ្មី​នេះ ក៏​នឹង​ផ្ដល់នូវ​កម្លាំង​ជំរុញ​ទឹកចិត្ត ដល់​កងកម្លាំង និង ក្រុមប្រឹក្សា​សង្កាត់ ឲ្យ​បន្ត​កសាងបាន នូវ​ស្នាដៃ​ថ្មីៗ ល្អៗ ថែមទៀត ក្នុងការ​បំពេញ​តួនាទី ភារកិច្ច បម្រើ​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន និង​ក៏​សូម​ឲ្យ​ខិតខំ​ចូលរួម​ថែរក្សា​សមិទ្ធផល​នេះ ដើម្បី​ធានា​ឲ្យ​ការប្រើប្រាស់ បាន​គង់វង្ស​យូរអង្វែង ។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ថ្លែងប្រាប់​កងកម្លាំង​ទាំងអស់ នៅក្នុង​ខេត្ត​ស្វាយ រៀង ឲ្យ​ពង្រឹង​សន្តិសុខ នៅតាម​បន្ទាត់​ព្រំដែន ឈរលើ​មូលដ្ឋាន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអនុវត្ត​ច្បាប់ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក្សាបាន​សន្តិសុខ​ជាតិ កាន់តែ​ល្អប្រសើរ ។ ជាមួយគ្នានេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ថ្លែង​កោតសរសើរ ដល់​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង ដែល​បាន​បំពេញភារកិច្ច និង​តួនាទី​បានល្អ​ប្រសើរ ឈរលើ​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ការអនុវត្ត​ច្បាប់ យ៉ាង​ត្រឹមត្រូវ ជាពិសេស​បាន​កសាង​អាគារ​ទីបញ្ជាការ​មូលដ្ឋាន នៅតាម​បណ្ដា​ស្រុក ក្រុង មាន​កន្លែងធ្វើការ​សម​រម្យ ដែល​បានផ្ដល់​ទំនុកចិត្ត ដល់​ប្រជាពលរដ្ឋ ក្នុងការ​ពឹងពាក់​ឱ្យ សមត្ថកិច្ច កងរាជអាវុធហត្ថ ចុះ​អន្តរាគមន៍​ពាក់ព័ន្ធ ទៅនឹង​ការបង្ក្រាប​បទល្មើស​ផ្សេងៗ ។

​លោក​បាន​បន្តថាៈ គ្មាន​ការលំបាក​ណា ដែល​យើង​មិនអាច​ធ្វើបាន​នោះទេ ព្រោះ​ពួកយើង បាន​ឆ្លងកាត់ នូវ​បទពិសោធន៍ និង​ការដឹកនាំ​បានល្អ​គ្រប់​ថ្នាក់ ជាពិសេស​យើង​មាន មគ្គុទេសក៍ ដ៏​ឆ្នើម​គឺ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ស្វែងរក​សន្តិភាព ជូន​ជាតិ មាតុភូមិ និង​ប្រែក្លាយ​ប្រទេស​កម្ពុជា ពី​ចំណុចសូន្យ ឲ្យ​មានការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ​៕/V​