ភ្នំពេញ ៖ មេដឹកនាំគណបក្សនយោបាយ និងសង្គមស៊ីវិល មានជំនឿជឿជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងអាណត្តិធ្វើជាប្រធានប្តូរវេនអាស៊ាននាឆ្នាំ២០២២ ខាងមុខនេះ នឹងអាចសម្របសម្រួលដោះស្រាយបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាបាន ពីព្រោះសម្តេចតេជោ ហ៊ុន សែន មានបទពិសោធន៍គ្រប់គ្រាន់ ជាពិសេសគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេច។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍នៅថ្ងៃទី០៨ ខែធ្នូនេះថា លោកមានសង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិធ្វើជាប្រធានប្តូរវេនអាស៊ាននាឆ្នាំ២០២២ នឹងអាចសម្របសម្រួលដោះស្រាយបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាបាន គឺនឹងត្រូវបានដោះស្រាយបញ្ចប់។ ដោយសារលោកសង្កេតឃើញបទពិសោធន៍កន្លងមករបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចមាន បទពិសោធន៍គ្រប់គ្រាន់នៅក្នុងការដោះស្រាយបញ្ហាជម្លោះវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាបាន ជាពិសេសគោល នយោបាយឈ្នះ-ឈ្នះរបស់សម្តេច គឺជាគោលន យោបាយគំរូមួយល្អដែលអាចធ្វើឱ្យភូមាយកទៅពិចារណា ពោលគឺមិនមានអ្នកណាចាញ់ អ្នកណាឈ្នះ ដើម្បីដោះស្រាយបញ្ហាអាចនឹងធ្វើការជាមួយគ្នាឡើងវិញបាន។ លោក ញឹក ប៊ុនឆៃ សង្ឃឹមនិងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ជួយសម្របសម្រួលនឹងដោះស្រាយវិបត្តិបញ្ហានៅមីយ៉ាន់ម៉ាបានល្អប្រសើរឡើងវិញ។

ចំណែកលោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្ដិភាពកម្ពុជា និងជាអ្នកវិភាគ បានឱ្យដឹងនៅថ្ងៃទី០៨ ខែធ្នូនេះថា ជាការជឿជាក់ដ៏មុតមាំរបស់លោកជាសុទិដ្ឋិនិយមរបស់លោក! ជាការវិភាគយ៉ាងមានទំនុកចិត្តបំផុតរបស់លោក! គឺបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា នឹងត្រូវបានដោះស្រាយបញ្ចប់១០០% ក្រោមការសម្រុះសម្រួល ប្រកបដោយថាមពល និងបទពិសោធន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិសម្តេចតេជោ ធ្វើជាប្រធានប្តូរវេនអាស៊ាន នាឆ្នាំ២០២២នេះ។ ជាមួយគ្នានេះ លោក សួន សេរីរដ្ឋា បានសូមឱ្យប្រជាពលរដ្ឋជួយកត់ចំណាំ ជួយតាមដាន ដើម្បីមោទនភាពរបស់កម្ពុជា ដែលមានមេដឹកនាំប្រកបដោយសិល្បៈនយោបាយចរចាខ្ពង់ខ្ពស់ ក្នុងឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ គឺសម្តេច ហ៊ុន សែន នៃកម្ពុជា!

លោក សួន សេរីរដ្ឋា
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលយកការអញ្ជើញរបស់លោកប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅសហភាពមីយ៉ាន់ម៉ានៅថ្ងៃទី០៧ និង០៨ ខែមករា ឆ្នាំ២០២២ខាងមុខ។ សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី កាលពីថ្ងៃ០៧ ខែធ្នូ ឆ្នាំ២០២១។

នៅក្នុងជំនួបប្រមាណ៣ម៉ោង សម្ដេចតេជោនាយករដ្ឋមន្រ្តី និងលោក វុនណា ម៉ោងល្វីន បានពិភាក្សាអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងមីយ៉ាន់ម៉ាផងនិងពិភាក្សាអំពីបញ្ហាអាស៊ានផងដែរ ដើម្បីស្វែងរកមធ្យោបាយធ្វើយ៉ាងណាឱ្យអាស៊ានមានកិច្ចសហប្រតិបត្តិការល្អ និងសាមគ្គីភាពល្អឡើងវិញ។

រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ក៏បានគោរពជូនសម្ដេចតេជោនូវលិខិតរបស់លោកប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជូនសម្ដេចតេជោដើម្បីអញ្ជើញសម្ដេចតេជោទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី០៧-០៨ខែមករា ឆ្នាំ២០២២ខាងមុខ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្ដេចនឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាម៉ានៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ ២០២២ខាងមុខតបតាមការអញ្ជើញរបស់លោកប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា៕(ប្រភព AMS)