ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ សិស្សស្រី ២ នាក់ ដែល​មក​រៀន​គួរ ពេលយប់ ត្រៀមប្រឡង​សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ នាពេល​ដ៏​ខ្លី​ខាងមុខនេះ ក្នុងនោះ សិស្សស្រី​ម្នាក់ បាន​ស្លាប់ ក្រោយ​កើតហេតុ​ភ្លាមៗ ចំណែក​ម្នាក់ទៀត របួសធ្ងន់​នោះ ឥឡូវ នៅ​ថ្ងៃទី​៨ ខែធ្នូ​នេះ ក៏​ស្លាប់​ដែរ បើទោះបីជា​ខំតស៊ូ​នឹង​របួស ហើយ​គ្រូពេទ្យ ខិតខំ​ជួយ សង្គ្រោះ​ព្យាបាល ក៏ដោយ ដោយសារ​រថយន្ត បុក​ម៉ូតូ នាពេល​កន្លងទៅនេះ​។​

​សូម​រំលឹកថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៧​និង​១៥​នាទី យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​ផ្សារ​អូរ​អំបិល ហៅ​ផ្សារ​ដើម​គរ ស្ថិតនៅ​ភូមិ​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយរង​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមាន ជ័យ បាន​ឲ្យ​ដឹងថាៈ សិស្សស្រី​ទាំង​២​នាក់​នោះ ១.​ឈ្មោះ អោម ឆៃ​លីន អាយុ​១៨​ឆ្នាំ អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1M-0566 បន្ទាយមានជ័យ បាន​ស្លាប់ នៅពេល​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ក្រុង​សិរីសោ ភ័ណ និង​២.​អ្នករួមដំណើរ ឈ្មោះ ឡា​ម ឡាំ​ផៃ អាយុ ១៨ ឆ្នាំ រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន ទៅ​មន្ទីរពេទ្យ ព​.២ ខេត្តបាត់ដំបង​។​

​នារី​រងគ្រោះ​ទាំង ២ នាក់ រស់នៅ​ភូមិ​កំពីងពួយ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយ​បានមក​ស្នាក់នៅ​រៀន​គួរ ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​អូរ​អំបិល ក្រុង​សិរីសោភ័ណ​។​

​មុនពេល​កើតហេតុ យុវ​សិស្ស​ទាំង ២ នាក់ បាន​ជិះ​ម៉ូតូ​មកពី​រៀន​គួរ ដើម្បី​ត្រៀមប្រឡង​បាក់​ឌុប ខាងមុខ ក្នុងទិសដៅ​ពី​ខាងត្បូង ទៅខាង​ជើង ហើយ​បាន​កំពុងបើក​ម៉ូតូ​ឆ្លងផ្លូវ​ជាតិ ស្របពេលនោះ ក៏មាន​រថយន្ត ១ គ្រឿង ម៉ាក​ឡុ​ច​សីស 330 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​.2AP-5305 បើកបរ​ក្នុងទិសដៅ​ពី​ខាងកើត ទៅខាង​លិច ក្នុង​ល្បឿន​លឿន ពេលមកដល់​កន្លែងកើតហេតុ បាន​បុក​ប៉ះ​ម៉ូតូ​របស់​យុវ​សិស្ស កំពុង​ជិះ​ឌុប​គ្នា បណ្តាល​ឲ្យ អ្នកបើក​ម៉ូតូ ស្លាប់ និង​អ្នករួមដំណើរ រងរបួស​ធ្ងន់​។ អ្នកបើករថយន្ត​បង្ក​គ្រោះថ្នាក់​នោះ បាន​បើក​រត់​គេចខ្លួនបាត់ ។ ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ ក្តាប់​ភិនភាគ និង​លេខ​ឡាន​បាន កម្លាំង​នគរបាល​ជំនាញ កំពុង​ស្រាវជ្រាវ ដើម្បី​ចាប់​អ្នកបើកបរ កសាង​សំណុំរឿង តាម​នីតិវិធី​។ ប៉ុន្តែ​មកទល់ពេលនេះ ក៏​មិនទាន់​ចាប់បាន​នៅឡើយ ។​

​យោង​ក្រុមគ្រួសារ បានអោយដឹង នៅ​ថ្ងៃទី​៨​ខែធ្នូ​ថា ម​កក​ទល់​ពេលនេះ សិស្សស្រី ឈ្មោះ​ឡា​ម ឡាំ​ផៃ បាន​ស្លាប់​ហើយ ហើយ​សព​ត្រូវ​ហែ​ទៅ​បូជា នៅ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ នៅ​កំពីងពួយ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ៕/V​