ដោយ: ម៉េងឆៃ / ភ្នំពេញ: រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ កម្ពុជា នៅមិនទាន់មានវត្តមានវីរុសកូវីដ បំប្លែងថ្មី “អូមីក្រុង “នៅឡើយទេ ទោះជាប្រទេសជាច្រើន ពិសេសក្នុងតំបន់អាស៊ាន ដូចជា ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងថៃ បានរកឃើញជាបន្តបន្ទាប់។ តែយ៉ាងណាក៏ដោយ មន្ត្រីជំនាញក្រសួងសុខាភិបាលបានបញ្ជាក់ថាបើទោះបីជា ការលេចឡើង នូវវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ”អូមីក្រុង” ដែលចាត់ទុកថា ជាវីរុសមួយបង្កក្តីព្រួយបារម្ភ ដែលនាំឱ្យកើតមានរលកនៃការឆ្លងរាលដាលជាថ្មី ប៉ុន្តែការទទួលចាក់វ៉ាក់សាំងបានពេញលេញ និងវិធានសុខាភិបាល ដែលកម្ពុជា បាន និងកំពុងអនុវត្តន៍បច្ចុប្បន្ន នៅតែមានប្រសិទ្ធិភាពសម្រាប់ការពារភាពធ្ងន់ធ្ងរពីការវាយលុករបស់ វីរុសឆ្លងដ៏កាចសាហាវនេះ។
ក្នុងបទសម្ភាសន៍រួមគ្នារវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៩ ខែធ្នូ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្ននេះ នៅមិនទាន់មានវត្តមានវីរុសបំប្លែងថ្មី អូមីក្រុង នៅក្នុងប្រទេសកម្ពុជា នៅឡើយក៏ដោយ ប៉ុន្តែបើតាមការសិក្សាពីចរាចរណ៍ និងបទពិសោធន៍ គឺក្រសួងសុខាភិបាល ប្រមើមើលទុកជាមុនថា វត្តមានមកដល់កម្ពុជារបស់អូមីក្រុង នឹងអាចកើតមានឡើង នៅពេលណាមួយជាមិនខាន។
យ៉ាងណាក៏ដោយ ដើម្បីកាត់បន្ថយពេលវេលានៃការមកដល់នៃមេរោគបំប្លែងថ្មី អូមីក្រុង រាជរដ្ឋាភិបាល បានចាត់វិធានការការពារ នៅតាមព្រំដែនអន្តរជាតិ ដោយអនុវត្តយ៉ាងហ្មត់ចត់លើការត្រួតពិនិត្យ រួមទាំងការតម្រូវឲ្យធ្វើចត្តាឡីស័ក ជាដើម។ ចំណែកបុគ្គលម្នាក់ៗ និងក្រុមគ្រួសារនិមួយៗ រួមទាំងសហគមន៍ ក៏ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ ការពារ និង ៣ កុំ។ ក្នុងនោះ ក៏ត្រូវចាក់វ៉ាក់សាំង កូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ចំនួនដូស។ ពោលគឺកុមារ ចាប់ពីអាយុ ៥ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ត្រូវចាក់ ២ដូស និងអ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ម្នាក់ ៣ដូស។
អ្នកជំនាញសុខាភិបាល និងអង្គការសុខភាពពិភពលោក បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងវីរុសបំប្លែងថ្មី អូមីក្រុង ក៏ដូចជា ជៀសវាងនូវការឆ្លងរាលដាលកើនឡើងជាគំហុក ជាថ្មីទៀត នៅកម្ពុជា គឺពលរដ្ឋម្នាក់ៗ ត្រូវតែអនុវត្តន៍នូវវិធានការចាក់វ៉ាក់សាំង អោយពេញលេញ វិធានការសុខភាពសាធារណៈ និងសង្គម ពង្រឹងសមត្ថភាពផ្នែកព្យាបាល និងថែទាំសុខភាព ជាដើម។ ក្នុងនោះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ក៏ត្រូវពង្រឹងប្រព័ន្ធ សម្រាប់រកឃើញកូវីដ អោយទាន់ពេលវេលា និងឆ្លើយតបឆាប់រហ័ស រួមទាំងការត្រួតពិនិត្យតាមព្រំដែន ត្រូវធ្វើដោយហ្មត់ចត់ និងម៉ឺងម៉ាត់បំផុត។
តាមរបាយការណ៍អង្គការសុខភាពពិភពលោក (WHO) គិតត្រឹមថ្ងៃទី៧ ខែធ្នូ អូមីក្រុង បានឆ្លងនៅប្រទេសចំនួន ៥៧ ហើយ នៅលើពិភពលោក។ មេរោគកូវីដ បំប្លែងថ្មីនេះ រកឃើញដំបូង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសអាហ្វ្រិកខាងត្បូង។
យ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពិសេសនៅពេលកូវីដ១៩ ចេញបំប្លែងថ្មី អូមីក្រុង ចូលមកដល់ប្រទេសថៃ ជាប់ព្រំដែនកម្ពុជា គឺចំនួនអ្នកឆ្លងកូវីដ១៩ បានកើនឡើងវិញ ទាំងនៅថៃ វៀតណាម និងនៅប្រទេសឡាវ។ ឆ្លងមួយថ្ងៃៗ ចូលខ្ទង់ជាង ១ម៉ឺន ៥ពាន់នាក់ នៅវៀតណាម។ នៅថៃជាង ៤០០០នាក់ និងនៅឡាវ ជាង ១២០០នាក់។
ដោយឡែក កម្ពុជាយើង បានរក្សាពិន្ទុល្អ ដោយគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ថយចុះ នៅត្រឹមតែជាង ១០នាក់ ក្នុង ១ថ្ងៃ ខណៈអ្នកស្លាប់មានចន្លោះពី ៣នាក់ ទៅ ៤នាក់ប៉ុណ្ណោះ ក្នុង ១ថ្ងៃៗ។
វេបសាយ worldometers.info បង្ហាញថា វៀតណាម កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ មានអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ១៥៣១១នាក់ និងស្លាប់ថ្មី ២៥៦នាក់។ គិតត្រឹមថ្ងៃទី៩ធ្នូ វៀតណាម មានអ្នកឆ្លងកូវីដ សរុប ១ ៣៦៧ ៤៣៣នាក់ និងស្លាប់សរុប ២៧១៨៦នាក់។
ចំណែក នៅប្រទេសថៃ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ថៃមានអ្នកឆ្លងកូវីដថ្មី ៤២០៣នាក់ និងស្លាប់ ៤៩នាក់។ គិតត្រឹមថ្ងៃទី៩ ខែធ្នូ នៅប្រទេសថៃ មានករណីឆ្លងកូវីដ សរុប ២ ១៥៦ ៥៨៧នាក់ និងស្លាប់សរុប ២១ ០៨២នាក់។
ដោយឡែក នៅឡាវ នាថ្ងៃទី៩ ខែធ្នូ មានករណីឆ្លងកូវីដ១៩ ចំនួន ១២១២នាក់ និងស្លាប់ ៥នាក់។ នៅឡាវ សរុបអ្នកឆ្លងកូវីដ មាចំនួន ៨៤ ៥០៣នាក់ និងស្លាប់សរុប ២២៤នាក់។
ងាកមកមើលស្ថានភាពកូវីដ១៩ នៅកម្ពុជាយើងវិញ គឺចាប់តាំងពីខែតុលា ចំនួនអ្នកឆ្លងកូវីដ១៩ បានថយចុះជារៀងរាល់ថ្ងៃ ហើយមកដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅកម្ពុជា មានករណីឆ្លងកូវីដ១៩ នៅទូទាំងប្រទេស តែ ១២នាក់ប៉ុណ្ណោះ និងស្លាប់ ៣នាក់។ គិតត្រឹមថ្ងៃទី៩ ខែធ្នូ នៅទូទាំងប្រទេសកម្ពុជាយើង មានករណីឆ្លងកូវីដ១៩ សរុបចំនួន ១២០ ៣១២នាក់។ ក្នុងនោះ ករណីជាសះស្បើយ សរុបចំនួន ១១៦ ៦៦៨នាក់ និងករណីស្លាប់សរុប មានចំនួន ២៩៧៤នាក់។
យ៉ាងណាក៏ដោយ ទោះជាកម្ពុជាយើង រក្សាបានពិន្ទុល្អជាងប្រទេសជិតខាង ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងកូវីដ១៩ ក៏ពិតមែន តែមិនយូរមិនឆាប់ទេ លទ្ធភាពនៃការឆ្លងរាលដាលកូវីដ ពិសេសអូមីក្រុង ក៏នឹងមកដល់កម្ពុជា បើសិនជាយើងម្នាក់ៗ ភ្លេចខ្លួន ខ្វះវិធានការការពារ និងទប់ស្កាត់។ ចូរកុំភ្លេចថា កូវីដឆ្លងតាមមនុស្ស ហើយមនុស្ស អ្នកធ្វើដំណើរ និងអ្នកជួបជុំ ដោយសារតែប្រទេសយើង បើកដំណើរការឡើងវិញលើគ្រប់វិស័យ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយកាន់តែពេញលេញគ្រប់វិស័យទាំងអស់ នៅថ្ងៃទី៣០វិច្ឆិកា ដោយបើករង្គសាល ខារ៉ាអូខេ និងឌីស្កូតែក។
នាពេលនេះ ការជួបជុំក្រៅផ្ទះ រួមទាំងការជួបជុំផឹកស៊ីតាមហាង តាមទីសាធារណៈ និងទីកន្លែងឯកជន ក៏បន្តគ្រប់ទីកន្លែង នៅទូទាំងប្រទេស ពិសេសក្រុមយុវវ័យ។ តែក៏សូមកុំភ្លេចថា កូវីដ មិនទាន់ទៅណាឆ្ងាយពីយើងទេ។ កូវីដ ពិសេសមេរោគបំប្លែងថ្មី អូមីក្រុង ដែលឆ្លងលឿន ក៏មកដល់ប្រទេសថៃ ដែលជាប់ព្រំដែនកម្ពុជាហើយ។ ប៉ុន្តែកម្ពុជាយើង បើកចំហរព្រំដែន តែអនុវត្តវិធានការទប់ស្កាត់ និងត្រួតពិនិត្យតាមវិធាននានា ដែលបានដាក់ចេញ។ ដូច្នេះក្រៅពីវិធានការរបស់អាជ្ញាធរសមត្ថកិច្ច គឺមានតែយើងម្នាក់ៗ ត្រូវចូលរួមទប់ស្កាត់ និងការពាររៀងៗខ្លួន។ សូមបន្តខ្លាចញញើតកូវីដតទៅទៀត ព្រោះកុំភ្លេចថា ទោះជាចាក់វ៉ាក់សាំង ២ដូស ឬក៏ ៣ដូសហើយក៏ដោយ ក៏នៅតែឆ្លង ហើយក៏នៅតែឈឺ និងស្លាប់ ដោយសារកូវីដរៀងរាល់ថ្ងៃ៕សរន