ដោយៈប្ញទ្ធីស័ក/ភ្នំពេញៈ ព្រះសង្ឃ និង ពុទ្ធបរិស័ទមួយចំនួនបាននាំគ្នាទៅតវ៉ានៅមុខភូមិគ្រឹះលោកស្រីឧកញ៉ា សៀង ចាន់ហេង នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០២១ នេះ។ នៅក្នុងការតវ៉ានេះ ព្រះសង្ឃបានលើកបដា “យុទ្ធនាការទាមទារយុត្តិធម៌ពីជំទាវ សៀង ចាន់ហេង អំពីបញ្ហាជម្លោះវត្តខ្មែរនៅប្រទេសជប៉ុន”។តវ៉ារបស់ព្រះសង្ឃ គឺត្រឹមម៉ោង៧យប់នេះ នៅមិនទាន់រំសាយនៅឡើយទេ ដោយព្រះសង្ឃនិមន្តគង់នៅលើផ្លូវមុខភូមិគ្រឹះលោកឧកញ៉ា សៀង ចាន់ហេង។
ចំណែកលោកស្រី សៀង ចាន់ហេង បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនាព្រលប់ថ្ងៃទី៩ ខែធ្នូនេះថា វត្តនៅក្នុងប្រទេសជប៉ុននោះមិនបានជាប់ពាក់ព័ន្ធជាមួយលោកស្រីទេដោយលោកស្រីបានជាវដីមួយកន្លែងនៅប្រទេសជប៉ុនដើម្បីកសាងវត្តព្រះពុទ្ធសាសនាហើយប្រគេនចំពោះគណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០១៧កន្លងទៅ។
លោកស្រី សៀង ចាន់ហេង បានសរសេរយ៉ាងដូច្នេះថា “ព្រះករុណានាងខ្ញុំ ជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៌កិត្តិបណ្ឌិត សៀង ចាន់ហេង សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ សូមក្រាបថ្វាយបង្គំសម្តេច ព្រះឋេរានុឋេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សូមគោរពសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី និងមហាពុទ្ធបរិស័ទ្ទគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា ៖ ខ្ញុំព្រះករុណានាងខ្ញុំ មានសទ្ធាជ្រះថ្លា ជាវដីមួយកន្លែងនៅប្រទេសជប៉ុន ដើម្បីកសាងវត្តព្រះពុទ្ធសាសនាហើយប្រគេនចំពោះគណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០១៧កន្លងទៅ មិនមែនសម្រាប់បុគ្គលណាមួយនោះទេ។ អាស្រ័យដូចបានទូលថ្វាយ ប្រគេនជម្រាបជូនខាងលើ វត្តនៅក្នុងប្រទេសជប៉ុននោះមិនបានជាប់ពាក់ព័ន្ធជាមួយខ្ញុំព្រះករុណានាងខ្ញុំនោះឡើយ សូមសាធារណៈជនទាំងអស់មេត្តាជ្រាបដោយអនុគ្រោះ សូមអរព្រះគុណ និងអរគុណ”៕សរន