ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​របស់លោក កា​ស៊ីត ភិរម្យ អតីតរដ្ឋមន្ត្រី​ការបរទេស​ថៃ​ថា​ជាការ​និយាយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ធំ​មួយ​​។​

លោក ផៃ ស៊ីផាន (រូបថតឯកសារ)
​លោក ផៃ ស៊ី​ផាន​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ ថ្ងៃនេះ ថា ការលើកឡើង​របស់លោក កា​ស៊ីត ភិរម្យ អតីតរដ្ឋមន្ត្រី​កាបរទេស​ថៃ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​របស់​ក្រុម សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ដែលថា សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​ធ្វើឱ្យ​អាស៊ាន​ជួប​ការបែកបាក់​ក្នុង ពេល​ទទួលបាន​ញញួរ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ គឺជា​ការយល់ច្រឡំ​ធំ​មួយ ហើយ​លោក​កា​ស៊ីត ភិរម្យ គួរតែ​តាមដាន​ព័ត៌មាន​ឲ្យ​បានច្បាស់លាស់​។

​លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា បំណង​របស់​សម្តេច​ច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​អញ្ជើញ​ទៅ​ភូមា គឺជា​ការស្វែងយល់​អំពី​ការពិត​នៅ​ភូមា​នៅក្នុងនាម​កម្ពុជា​មិនមែន​ក្នុងនាម​អាស៊ាន​ទេ​។​ពីព្រោះ​សម្តេច​បាន​ចូលរួម​នៅក្នុង​ការកសាង​ប្រាំ​ចំណុច​ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​ភូមា​និង​អាស៊ាន​ក៏ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់មាន​ចំណុច​ណាមួយ​ដែល​ត្រូវបាន​អនុវត្ត ដែលជា​សារៈសំខាន់​មួយ​ដែល​សម្តេច​ចង់ដឹង​។

លោក កាស៊ីត ភិរម្យ(រូបថតឯកសារ)

​លោក​បន្តថា​ចំពោះ​អ្វីដែល​ជាគោលការណ៍​នៃ​ច្បាប់​របស់​អាស៊ាន គឺ​និយាយ​អំពី​គោលនយោបាយ​កុងសង់ស៊ីស ហើយ​ឥឡូវនេះ​អត់​បាន ១០​ទេ គឺ​បានតែ ៩ វា​ជា​រឿង​បញ្ហា​ចោទ​មួយ​។​នៅក្នុង​ការអនុវត្តរ​បស់​អាស៊ាន គឺ​អត់​មាន​ប្រទេស​ណាមួយ​ត្រូវ​បណ្តេញ​សមាជិក​របស់ខ្លួន​ចេញពី​សមាគម​ប្រជាជាតិ​អាស៊ាន​នោះទេ គឺ​អត់​មានច្បាប់​ណា​បណ្តេញ​ទេ​។ បើ​និយាយ​តាមច្បាប់ គឺ​ភូមា​នៅតែ​ជា​សមាជិក​អាស៊ាន ដែល​អាស៊ាន​មិនមែន ៩​ទេ គឺ​១០ ដែល​នេះ​ជាការ​យកចិត្តទុកដាក់​របស់​សម្តេច​។ ដូច្នេះ​សម្តេច​អញ្ជើញ​ទៅ​ប្រទេស​ភូមា គឺ​ចង់ដឹង​ការពិត តើ​រក​ដំណោះស្រាយ​មធ្យោបាយ​បែបណា​? ដើម្បី​នាំ​ភូមា​ត្រឡប់មក​ស្ថេរភាព ចៀស​ជាង​ឲ្យ​ភូមា​ឯកោ​តែឯង ដែល​ស្ថិតនៅក្នុង​សង្គ្រាម នេះ​ជាការ​យកចិត្តទុកដាក់​របស់​សម្តេច​។​

​អ្នកនាំពាក្យ​ដដែល​បាន​បន្តថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា នៅក្នុង​គោលការណ៍​របស់​អាស៊ាន គឺ​មិនមាន​ទិសដៅ​ដាក់ទណ្ឌកម្ម​សមាជិករ​បស់​ផង​ខ្លួន ហើយ​សមាជិក​គ្មាន​សិទ្ធិ​នៃ​ការបណ្តេញ​ចេញពី​សមាជិក​ទេ ហើយ​គោលការណ៍​របស់​អាស៊ាន គឺជា​គោលការណ៍​ផ្ទាល់​ដាច់ដោយឡែក​ពី​អង្គការសហប្រជាជាតិ​។ ដូច្នេះ​អាស៊ាន​ដែលជា​សមាគម​នៃ​ប្រជាជាតិ ១០​នោះ គឺ​មិន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អ្នក​ណាមួយ គឺ​ស្ថិតនៅក្នុង​តែ​ប្រទេស​១០​ដែល​រួមចំណែក​កសាង​អនាគត​នៃ​សហគមន៍​តែមួយ​របស់​អាស៊ាន​នេះឯង​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានកំណត់​យក​ថ្ងៃទី ៧-៨ មករា ឆ្នាំ​២០២២ ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​តប​តាម​ការអញ្ជើញ​របស់លោក​ប្រធាន ក្រុមប្រឹក្សារដ្ឋ​និង​ជា​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​៕