ដោយ: បូកគោ / កំពត: អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជា ការកងទ័ពជើងគោក បានរំលឹកថា ទម្រាំពង្រឹង និងផ្លាស់ប្តូរផ្នត់គំនិតកងទ័ពបានរហូតមកដល់បច្ចុប្បន្ន យោធិនរៀមច្បង បានលះបង់ ក៏ដូចជាបូជាសាច់ស្រស់ឈាមស្រស់ដ៏ច្រើនមហិមា។ ដូច្នេះទ័ពជំនាន់ក្រោយ ត្រូវរក្សាការពារតម្លៃ នៃការលះបង់របស់យោធិនរៀមច្បង ពិសេសរួមគ្នាប្រែក្លាយអង្គភាពទ័ព ឱ្យទៅជាមជ្ឈមណ្ឌលផលិតធនធានមនុស្ស ប្រកបដោយសមត្ថភាព និងប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ឯក ហ៑ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានមាន ប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅតំបន់ប្រតិបត្តិការសឹករងកំពត ក្នុងពិធីប្រកាសបង្កើតផ្នែកសឹករងក្រុងបូកគោ និងតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរស័ក្តិ ព្រមទាំងបញ្ចូលក្របខ័ណ្ឌពលទាហាន ចំណុះក្រសួងការពារជាតិ។

ថ្លែងក្នុងពិធីខាងលើ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា: កងទ័ពត្រូវរក្សាភាពស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឱ្យបានម៉ឺងម៉ាត់ ចំពោះរដ្ឋធមនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនេះ ក៏ត្រូវគោរពច្បាប់ លក្ខន្តិក: វិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ក៏ដូចជាអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោកផងដែរ។

លោកអគ្គមេបញ្ជាការរង បានបន្តថា: កងទ័ព ត្រូវយកចិត្តទុកដាក់ ជាប់ជាប្រចាំ លើការអប់រំចិត្តសាស្ត្រ និងស្វែងយល់ អំពីសភាពការណ៍ថ្មីៗដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ សំដៅធានាប្រសិទ្ធភាព ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់កងទ័ព ដែលជាខឿនការពារជាតិ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ លើសពីនោះ កងទ័ពជំនាន់ក្រោយ ត្រូវថែរក្សការពារ និងពង្រឹងគុណតម្លៃនៃការលះបង់របស់យោធិនជារៀមច្បងឱ្យបានគង់វង្ស ពិសេសរក្សាការពារសន្តិភាព ឱ្យស្ថិតស្ថេរ ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសជាតិទៅមុខ។

លោក ហ៊ុន ម៉ាណែត បានក្រើនរំលឹកថា: កងទ័ពត្រូវខិតខំបង្កើនចំណេះជំនាញ គុណធម៌ គោរព វិន័យ គោរពស្រឡាញ់ និងបម្រើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ។ ម្យ៉ាងទៀត ត្រូវប្រែក្លាយអង្គភាពទ័ព ឱ្យទៅជាមជ្ឈមណ្ឌលផលិតធនធានមនុស្ស ពោរពេញ ដោយសមត្ថភាព និងប្រសិទ្ធភាពខ្ពស់៕/V