ដោយៈសុខ ចន្ទ្រា អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តស្វាយរៀង/ភ្នំពេញៈនៅវេលាម៉ោង ២ រសៀល ថ្ងៃពុធ ទី៨ខែធ្នូឆ្នាំ២០២១ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តស្វាយរៀង ចំនួន១៤ នាក់ មកប្រជុំជាមួយលោក សោម ប៊ុនថន ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ស្ថិតនៅក្នុងភូមិព្រៃបាសាក់ ឃុំព្រៃបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តស្វាយរៀងបាននាំកម្រងសំណួរស្ទាប់ស្ទង់មតិទាក់ទងនឹងគម្រោងលើកកម្ពស់សិទ្ធ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលខ្លួនបានបំពេញរួច និងបានពិភាក្សាលើបញ្ហាដែលខ្លួនបានចុះទៅសម្ភាសន៍ ឪពុក, ម្តាយ, យាយ, តា អ៊ំ, ពូ, មីង នៅក្នុងភូមិឃុំនាពេលកន្លងមក ព្រមទាំងចែករំលែកចំណេះដឹងទាក់ទងនឹងការងារក្នុងគម្រោង និងការពង្រឹងគុណភាពការងារ។ ក្នុងឱកាសនេះ សោម ប៊ុនថន បានផ្តល់ជា ថង់យាម, អាវយឺត, កញ្ចប់អនុស្សាវរីយ៍ចំនួន១៧០ ប្រអប់ ដែលរួមមាន ១) ព្រឹត្តិបត្រព័ត៌មានណែនាំអំពីសុខភាព, ២) ជែល, ៣) សាប៊ូលាងដៃ, ៤) ម៉ាស់, ៥) នំ, ៦) សៀវភៅណែនាំគ្រូបង្រៀន ទាក់ទងនឹងប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥-១៩៧៩), ៧) ឧបករណ៍សង្គ្រោះបឋម, ៨) សេវាកម្មពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យឯកជនក្នុងសហគមន៍ដោយឥតគិតថ្លៃ, និង ៩) សម្ភារជំនួយដល់ជនពិការសម្រាប់ចែកជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមព្រមទាំងប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរជូនដល់អ្នកស្ម័គ្រចិត្តកម្ពុជាចំនួន៣២នាក់ ក្នុងខេត្តស្វាយរៀង។
នៅចុងបញ្ចប់កម្មវិធីប្រជុំ សោម ប៊ុនថន ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាសម្តែងការអរគុណដល់ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តស្វាយរៀង ដែលបានខិតខំប្រឹងប្រែងជួយដល់ចាស់ទុំនៅតាមមូលដ្ឋានដែលខ្លួនកំពុងរស់នៅ៕សរន
រូបថត៖ ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តស្វាយរៀង ចំនួន១៤ នាក់ មកប្រជុំជាមួយ សោម ប៊ុនថន ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅក្នុងភូមិព្រៃបាសាក់ ឃុំព្រៃបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១។ (អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តស្វាយរៀង/មជ្ឈមណ្ឌលឯកសារកម្ពុជា)