ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ជនអនាថា ជន​ចាស់ជរា ជន​វិបល្លាស​ស្មារតី ស្រី្ដ​រកស៊ី​ផ្លូវភេទ អ្នក​ផ្ទុកមេរោគ​អេដស៍ និង​អ្នក​កើត​ជំងឺរបេង រស់នៅក្នុង​មជ្ឈមណ្ឌល សំចត​សង្គមកិច្ច រាជធានី​ភ្នំពេញ ចំនួន​ជាង ៤០០ នាក់ នៅ​ព្រឹក​ថ្ងៃទី​១០ ធ្នូ​២០២១ ត្រូវបាន​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច និង យុវនីតិសម្បទា រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានដូចជា អាវ​រងា ក្រមា និង​ភួយ មក​ប្រគល់ជូន ខណៈដែល​រដូវរងា បានមក​ដល់​។​

​ចំណែក​លោកស្រី សោម សេង​ហ៊ាង ប្រធាន​មជ្ឈមណ្ឌល សំចត​សង្គមកិច្ច​រាជធានី ភ្នំពេញ បាន​មានប្រសាសន៍ថាៈ ជនរងគ្រោះ និង​ងាយ​រងគ្រោះ ដែល​ស្នាក់​នៅក្នុង មជ្ឈមណ្ឌល សំចត​សង្គមកិច្ច រាជធានី​ភ្នំពេញ ដែល​ទទួលបាន​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​អគ្គ​មហា សេនាបតី តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា មាន​ចំនួន ៤០៨ នាក់ (​ស្រី ១៨២ នាក់​) ក្នុងនោះ​មានៈ ជនអនាថា ចំនួន ២៥២ នាក់ (​ស្រី​៨៦​នាក់​) ជន​ចាស់ជរា ចំនួន ៣១ នាក់ (​ស្រី ១៨ នាក់​) ជន​វិបល្លាស​សារ​តី ចំនួន ៨៧ នាក់ (​ស្រី ៤៨ នាក់​) ស្រី្ដ​រកស៊ី​ផ្លូវភេទ មាន​ចំនួន ១៤ នាក់ អ្នក​ផ្ទុកមេរោគ អេដស៍ មាន​ចំនួន ១៥ នាក់ (​ស្រី ១២ នាក់​) និង​អ្នក​កើត​ជំងឺរបេង ចំនួន ៩ នាក់ (​ស្រី ៤ នាក់​) ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន អាវ​រងា​មួយ ក្រមា​មួយ និង​ភួយ មួយ​។​

​ក្នុងឱកាស​នោះ លោកស្រី ប្រធាន​មន្ទីរ​សង្គមកិច្ច​និង យុវនីតិសម្បទា រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថាៈ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​យកចិត្តទុកដាក់​ណាស់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ នៅក្នុង​មណ្ឌល សំចត​សង្គមកិច្ច ។ ជាក់ស្តែង​សម្រាប់​ពេល សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ លោកស្រី​នាំយក អំណោយ​របស់​សម្ដេច​ទាំងពីរ មក​ប្រគល់ជូន​ពួកគាត់ នៅក្នុង​មណ្ឌល សំចត​សង្គម កិច្ច រាជធានី​ភ្នំពេញ (​ព្រៃ​ស្ពឺ​) នេះ ។​

​លោកស្រី បានបញ្ជាក់​ថាៈ សម្ដេច​តេ​ជោ ហ៊ុន សែន តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ បងប្អូន ជនអនាថា ជន​ចាស់ជរា ជន​វិបល្លាស​សារ​តី ស្រី្ដ​រកស៊ី​ផ្លូវភេទ អ្នក​ផ្ទុក មេរោគ​អេដស៍ និង​អ្នក​កើត​ជំងឺរបេង រស់នៅ​ទីនេះ ត្រូវបាន​យកចិត្តទុកដាក់ ទាំង​ការហូបចុក ការ​ស្លៀកពាក់ ការរស់នៅ​និង​យកចិត្ត ទុកដាក់ ទៅលើ​បញ្ហា​សុខមាលភាព របស់​ពួកគាត់​ផងដែរ ដោយ​ពួកគាត់​ទាំងអស់ ត្រូវបាន​ចាក់​សាក់​វ៉ាក់សាំង ការពារ​កូ​វីដ​-១៩ ដូ​ស​ទី​៣ រួចរាល់​អស់ ហើយ​។ គិត​មកដល់​ថ្ងៃនេះ គឺ​មិនមាន​បងប្អូន​ណា​ម្នាក់ បាន​ឆ្លង ឬ​ស្លាប់ ដោយ​ជំងឺ​កូ​វីដ​-១៩ នោះទេ​។

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី លោកស្រី នៅតែ​អំពាវនាវ​អោយ​បងប្អូន​រងគ្រោះ និង​ងាយ​រងគ្រោះ រស់នៅក្នុង​មណ្ឌល​សំចត​សង្គមកិច្ច រាជធានី​ភ្នំពេញ (​ព្រៃ​ស្ពឺ​) នេះ ត្រូវ​យកចិត្តទុកដាក់ ក្នុង ការបង្ការ និង​ទប់ស្កាត់ ជំងឺ​កូ​វីដ​-១៩​ទាំង​គ្នា ពោលគឺ​ត្រូវ អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន ៣​កុំ និង ៣​ការពារ របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​។​

​លោកស្រី មុំ ចាន់​ដា​នី ក៏បាន​បញ្ជាក់​ផងដែរ​ថាៈ បងប្អូន​រងគ្រោះ និង​ងាយ​រងគ្រោះ ទាំង​ជាង ៤០០ នាក់​នេះ ភាគច្រើន ពួកគាត់​ត្រូវបាន​ក្រុមគ្រួសារ សាច់ញាតិ បោះបង់ចោល ហើយ​ត្រូវបាន អាជ្ញាធរ តាម​បណ្ដា​ខណ្ឌ បញ្ជូនមក​មណ្ឌល សំចត​សង្គមកិច្ច រាជធានី​ភ្នំពេញ (​ព្រៃ​ស្ពឺ​) នេះ ហើយ​ខាង​មណ្ឌល​ក្រោម​ការណែនាំ ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ពួកគាត់​ត្រូវ បាន​យកចិត្តទុកដាក់ និង​ថែទាំ​បាន​យ៉ាង​ល្អ​។ ទីនេះ​ហើយ គឺជា​កន្លែង​សុខដុមរមនា របស់​ពួកគាត់ មុន​ត្រូវបញ្ជូន ទៅ​លំនៅដ្ឋាន​វិញ​៕/V​-PC