ប្រែសម្រួលៈវាសនា/សៀងហៃ(BLOOMBERG)៖គម្លាតកាន់តែធំរវាងការចាក់ដូសទី២និងដូសជំរុញទី៣នៃវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនចិនSinovacផ្តល់ការការពារបានច្រើនប្រឆាំងនឹងវីរុសកូរ៉ូណា ជាងការចាក់វ៉ាក់សាំងប្រភេទដូចគ្នាតែក្នុងចន្លោះពេលខ្លី នេះបើតាមការសិក្សាមួយចេញផ្សាយក្នុងទស្សនាវដ្តីពេទ្យThe Lancet។
យោងតាមអ្នកសិក្សាស្រាវជ្រាវមកពីក្រុមហ៊ុនSinovac Biotech សកលវិទ្យាល័យFudanនិងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺក្នុងស្រុកជាច្រើន កំរិតអង្គបដិបក្ខប្រាណនៅក្នុងខ្លួនមនុស្សដែលទទួលដូសទី៣នៅរយៈពេល៨ខែក្រោយចាក់ដូសទី២ បានកើនឡើងទ្វេដង ធៀបនឹងមនុស្សចាក់ដូសទី៣នៅ២ខែក្រោយការចាក់ដូសទី២។
ការសិក្សាបានរកឃើញថា កំរិតការពាររបស់វ៉ាក់សាំងSinovacដែលគេស្គាល់ផងដែរថា CoronaVacប្រឆាំងកូវីដ១៩«ធ្លាក់ចុះខ្លាំង»ក្រោយចាក់២ដូសបាន៦ខែ តែការចាក់ដូសទី៣នៅរយៈពេល៨ខែក្រោយចាក់សដូសទី២ បង្ហាញកំណើនកំរិតអង្គបដិបក្ខប្រាណកើនឡើងគួរអោយកត់សំគាល់។
ការរកឃើញនេះកើតឡើងនៅពេលប្រទេសជាច្រើនជុំវិញពិភពលោក បង្កើនការចាក់ដូសជំរុញចំពេលប្រឈមនឹងការមកដល់វីរុសបំប្លែងខ្លួនថ្មី អូមីក្រុង។
នៅពេលកន្លែងខ្លះ ដូចជាកូរ៉េខាងត្បូងកាត់បន្ថយគន្លាតចាក់ដូសទី២និងទី៣ពីប្រាំខែមកបីខែ ជាយុទ្ធសាស្ត្រមួយដែលបានការយល់ព្រមពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុនវ៉ាក់សាំងBioNTech ការសិក្សារបស់ទស្សនាវដ្តីLancetនិយាយថាការប្រញាប់ប្រញាល់ចាក់ដូសទី៣មិនជាមធ្យោបាយល្អបំផុតទេសំរាប់អ្នកចាក់វ៉ាក់សាំងអសកម្មដូចជាSinovac។
វ៉ាក់សាំងចិនដែលមានមូលដ្ឋាននៅក្រុងប៉េកាំងនេះ ជាវ៉ាក់សាំងត្រូវបានប្រើច្រើនជាងគេនៅក្នុងលោក គឺ២,៣ពាន់លានដូសត្រូវបានដឹកចេញទៅកាន់កន្លែងផ្សេងៗនៅក្នុងលោក ភាគច្រើនទៅកាន់ពិភពកំពុងអភិវឌ្ឍន៍។
Sinovac កំពុងសិក្សាថាតើវ៉ាក់សាំងខ្លួនអាចតតាំងជាមួយនឹងអូមីក្រុងបានកំរិតណា។
នៅចិនមនុស្សប្រមាណ៣៨លាននាក់បានចាក់ដូសជំរុញនៅពេលហុងកុងក៏បានចាប់ផ្តើមចាក់ដូសជំរុញដោយប្រើវ៉ាក់សាំងSinovac ។
ការសិក្សាក៏បានបង្ហាញថា មនុស្សអាយុ៦០ឆ្នាំឡើងមានបណ្តុំអង្គបដិបក្ខប្រាណ(antibody)ខ្ពស់ជាងក្រុមមនុស្សអាយុ១៨ដល់៥៩ឆ្នាំ ក្រោយការចាក់ដូសទី៣៕