ដោយៈ​សុផល / ភ្នំពេញៈ នា​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង លោក ប៉ាល់ ចន្ទ​តារា រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ និង​ពិភាក្សា លើ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង លើ​កិច្ចការ​ប្រើប្រាស់ ដី​ចំណីផ្លូវ នៅតាម​បណ្តោយ​ផ្លូវថ្នល់ ដោយមាន​ការអញ្ជើញ ចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទទួលបន្ទុក និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ ក្រោម​ឱវាទ​ក្រសួង​។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ពិនិត្យ​ពិភាក្សា កែសម្រួល និង​បំពេញបន្ថែម ចំណុច​ខ្វះខាត សំដៅ​ធ្វើយ៉ាងណា ឱ្យ​ការរៀបចំ​សេចក្ដីព្រាង​អនុក្រឹត្យ​នេះ មាន​ខ្លឹមសារ កាន់តែ​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ ជៀសវាង​ការភាន់ច្រឡំ នៅពេល​អនុវត្ត​។​

​ថ្លែង​ទៅកាន់​អង្គប្រជុំ នាឱកាស​នោះ លោក​រដ្ឋលេខាធិការ បាន​ជំរុញ​ឱ្យ​សមាជិក អង្គប្រជុំ​ទាំងអស់ ខិតខំ​ប្រឹងប្រែង ផ្ដល់​មតិយោបល់ និង​ធាតុ​ចូល​ឱ្យបាន​ផុលផុស ​ដើម្បី​ព​ន្លឿ​ន​សេចក្តីព្រាង​អនុក្រឹត្យ​នេះ ឱ្យបាន​ចប់សព្វគ្រប់ ដោយ​អនុលោម​ទៅតាម​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត ដែលមាន​ស្រាប់​។​

​ជា​លទ្ធផល ក្រោយពី​បាន​ពិភាក្សា ក្នុង​កិច្ចប្រជុំ​ជាច្រើនលើក ច្រើនសារ កន្លងមក ក្រុមការងារ​ទទួលបន្ទុក បានបញ្ចប់​ការពិនិត្យ ពិភាក្សា និង​កែសម្រួល​ខ្លឹមសារ នៃ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ ប្រកបដោយ​លទ្ធផល​ផ្លែផ្កា និង​ជោគជ័យ តាម​ការគ្រោងទុក​។​

 

​ជាទី​បញ្ចប់ លោក​ប្រធាន​អង្គ​ប្រជុំបាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​ក្រុមការងារ ទទួលបន្ទុក ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ កែសម្រួល សេចក្តី​អនុក្រឹត្យ​នេះ ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ យោងតាម​អនុសាសន៍ ណែនាំ ដ៏​ខ្ពង់ខ្ពស់​របស់លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​សូម​ជម្រាបជូន​ថា សេចក្តីព្រាង​អនុក្រឹត្យ ស្ដីពី​ការគ្រប់គ្រង លើ​ការប្រើប្រាស់ ដី​ចំណីផ្លូវ នៅតាម​បណ្ដាញ​ផ្លូវថ្នល់ ដែល​ទើបបាន​បញ្ចប់ ការកែសម្រួល​ថ្មី​នេះ មាន ៧ ជំពូក និង ៤៦ មាត្រា គ្រោង​នឹងដាក់​ជូន​លោក ទេសរដ្ឋមន្ត្រី ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​បន្ត នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ​៕/V​