ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា (FAO) បានផ្តល់ជំនួយ (មិនរួមបញ្ចូលជំនួយបច្ចេកទេស) ដែលមានចំនួនទឹកប្រាក់ ប្រមាណ ២ លាន ១៩ ម៉ឺនដុល្លារអាមេរិក ដល់ក្រសួងផែនការ សម្រាប់ការងារអង្កេតកសិកម្ម នៅកម្ពុជា ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ ដើម្បីបំពេញនូវ ភាពកង្វះទិន្នន័យស្ថិតិ កសិកម្មកម្រិតប្រទេស ដែលផ្តល់នូវទិន្នន័យ កសិកម្មពេញលេញ ទាំងទិន្នន័យគ្រួសារកសិកម្ម និងសហគ្រាសកសិកម្មខ្នាតធំ ជាពិសេសសម្រាប់គាំទ្រ និងវាយតម្លៃលើសូចនាការសំខាន់ៗ ក្នុងក្របខណ្ឌគោលដៅ អភិវឌ្ឍប្រកបដោយ ចីរភាពកម្ពុជា(CSDGs) ផងដែរ។
លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងលោក អែនតូនីញ៉ូ ស្យ៉ែវ៉ន តំណាងស្តីទី នៃអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា (FAO) កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានចុះកិច្ចព្រមព្រៀង ផ្តល់ជំនួយ (មិនរួមបញ្ចូលជំនួយបច្ចេកទេស) ចំនួនទឹកប្រាក់ប្រមាណ ២ លាន ១៩ ម៉ឺនដុល្លារអាមេរិក ដល់ក្រសួងផែនការ សម្រាប់ការងារអង្កេតកសិកម្ម នៅកម្ពុជា ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។
ការចុះកិច្ចព្រមព្រៀងគ្នា នាពេលនេះ សមភាគី អង្គការ FAO បានផ្តល់ជំនួយជាថវិកា ចំនួន ២ ១៩១ ៥៦៦ ដុល្លារអាមេរិក (មិនគិតបញ្ចូលប្រាក់ជំនួយបច្ចេកទេស) ថវិកាបដិភាគ ពីរាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ៣.០០៦.៤២៣ ដុល្លារអាមេរិក (ក្នុងនោះ គិតជាសាច់ប្រាក់ ចំនួន ១.៨៣២.១៥១ ដុល្លារអាមេរិក និងគិតជាវត្ថុសម្ភារ (In-kind) មានចំនួន ១.៣៥៨.១២៥ ដុល្លារអាមេរិក) ដែលមានការគាំទ្រ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងចំណាយថវិកាសរុប ចំនួន ៥.១៩៧.៩៨៩ ដុល្លារអាមេរិក និងគម្រោងការងារ ត្រូវអនុវត្តចាប់ផ្តើមពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។
លោកកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជាទីបំផុត ចំពោះលោក អែនតូនីញ៉ូ ស្យ៉ែវ៉ន ដែលបានអញ្ជើញមក ទីស្តីការក្រសួងផែនការ តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងភាពជាដៃគូអភិវឌ្ឍន៍ ផ្តល់ជំនួយបដិភាគ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដល់ក្រសួងផែនការ នាពេលនេះ គឺបានចូលរួមចំណែក អភិវឌ្ឍន៍ទិន្នន័យកសិកម្ម នៅកម្ពុជា សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ បំពេញនូវ ភាពកង្វះទិន្នន័យ ស្ថិតិកសិកម្មកម្រិតប្រទេស ដែលផ្តល់នូវទិន្នន័យ កសិកម្មពេញលេញ ទាំងទិន្នន័យគ្រួសារកសិកម្ម និងសហគ្រាសកសិកម្មខ្នាតធំ ជាពិសេសសម្រាប់គាំទ្រ និងវាយតម្លៃ លើសូចនាការសំខាន់ៗ ក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព កម្ពុជា(CSDGs) ផងដែរ ហើយលោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងអំណរគុណ ដល់អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ដែលបានផ្តួចផ្តើម ឱ្យមានគម្រោងកម្មវិធីការងារ អង្កេតកសិកម្ម ៥០X២០៥០ ដែលអនុញ្ញាតឱ្យកម្ពុជា ទទួលបានជាសមាជិក មួយផងដែរ។
លោក អែនតូនីញ៉ូ ស្យ៉ែវ៉ន បានមានប្រសាសន៍ថាៈ ក្នុងនាមភាពជាដៃគូអភិវឌ្ឍដ៏ល្អ ជាមួយកម្ពុជា និងដោយមើលឃើញ ពីភាពកង្វះទិន្នន័យកសិកម្ម អង្គការ FAO បានរៀបចំគម្រោង កម្មវិធីការងារអង្កេតកសិកម្ម ៥០X២០៥០ ដើម្បីគាំទ្រផ្តល់ជំនួយ ថវិកា ដល់ប្រទេស ក្នុងតំបន់ទាំង ៥០ ក្នុងនោះក៏មានប្រទេសកម្ពុជា មួយផងដែរ។
លោកបានបន្តថាៈ តាមរយៈកិច្ចសហប្រតិបត្តិការងារ រវាងក្រុមការងារបច្ចេកទេស នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការគ្នាជាមួយនឹងក្រុមការងារបច្ចេកទេស នៃអង្គការ FAO ខ្ញុំជឿជាក់ថា យើងនឹងទទួលបានទិន្នន័យកសិកម្ម នៅកម្ពុជា មានគុណភាព ដែលអាចទុកចិត្តបាន និងទទួលបានលទ្ធផលល្អប្រសើរ ជាក់មិនខាន។ អង្គការ FAO រីករាយ ក្នុងការធ្វើ សហប្រតិបត្តិការ ក្នុងភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយ ក្រសួងផែនការ។
សូមបញ្ជាក់ថា អង្គការ FAO ប្រចាំកម្ពុជា បានធ្វើសហប្រតិបត្តិការ ជាដៃគូអភិវឌ្ឍន៍ ដ៏សំខាន់ ជាមួយក្រសួងផែនការ ចាប់ពីឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន ដើម្បីអភិវឌ្ឍន៍ ទិន្នន័យស្ថិតិកសិកម្ម នៅកម្ពុជា គាំទ្រជាថវិកាបដិភាគ, ជំនួយបច្ចេកទេស, ជំនួយសម្ភារៈ, ការបណ្តុះបណ្តាល សមត្ថភាពមន្ត្រីរាជការ ផ្នែកវិភាគទិន្នន័យ និងសរសេររបាយការណ៍ ដើម្បីឆ្លើយតបតម្រូវការទិន្នន័យ ក្នុងសម័យបច្ចុប្បន្ន ក្នុងបរិបទនៃគោលដៅ និងចំណុចដៅ នៃការអភិវឌ្ឍ ប្រកបដោយចីរភាព ឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយ ចីរភាព ឆ្នាំ២០៣០ (SDG)៕/V