ដោយៈ ប.ខុន / ភ្នំពេញៈ សីតុណ្ហភាព អប្បបរមា ក្នុងរង្វង់ ១៧ អង្សាសេ ពីពេលនេះ ដល់ចុងខែធ្នូ អាចមាននៅតែតំបន់ខ្ពង់រាប ភាគឦសាន និងតំបន់ខ្នងភ្នំ ក្រៅពីនេះ គឺស្ថិតក្នុងរង្វង់លើសពី ២០ អង្សាសេទាំងអស់ រហូតដល់ចុងខែធ្នូ ឬដើមខែមករា បន្ទាប់ពីបាតុភូត (ព្យុះ២២) នៅក្នងសមុទ្រចិនខាងត្បូង អស់ឥទ្ធិពល ទើបសីតុណ្ហភាព អប្បបរមា ចាប់ផ្តើមចុះសារជាថ្មីម្តងទៀត។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ថាៈ សីតុណ្ហភាព អប្បបរមា ក្នុងរង្វង់កម្រិត ១៧ អង្សាសេ ពីថ្ងៃនេះ រហូតដល់ចុងខែធ្នូ អាចមាននៅតែតំបន់ខ្ពង់រាប ភាគឦសាន និងតំបន់ខ្នងភ្នំទេ ក្រៅពីនេះ គឺកើនឡើងលើសពី ២០ អង្សាសេហើយ ។ តែវាអាចនឹងចុះមកវិញម្តងទៀត នៅចុងខែធ្នូ ឬដើមខែមករា បន្ទាប់ពីអស់ឥទ្ធិពល បាតុភូតមួយ ដែលនឹងកើតមានឡើង នៅពាក់កណ្តាលខែនេះ។
អ្នកនាំពាក្យ ក្រសួងជំនាញ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ នៅពាក់កណ្តាលខែធ្នូ នេះ អាចនឹងមានព្យុះទី២២ កើតឡើង ដើរចូលមកក្នុង សមុទ្រចិនខាងត្បូង រួចរំកិល ឡើងទៅលើ (ជើង) រកកោះហៃណាំ ហើយបានថយឥទ្ធិពល ធ្លាក់ចុះមកក្រោមវិញ អាចធ្វើឱ្យមានភ្លៀង ដល់ប្រទេសកម្ពុជា តែសម្រាប់រយៈពេល ៤ ទៅ ៥ ថ្ងៃនេះ មិនមាន ភ្លៀង កើតឡើងទេ សីតុណ្ហភាពក៏កើនឡើងជាលំដាប់ដែរ។ តែវានឹងចុះវិញ ពេលព្យុះថ្មី អស់ឥទ្ធិពល និងមូសុងឦសាន រុញខ្លាំងមកជាថ្មី។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៧ ខែធ្នូ បានជូនដំណឹង ស្តីពីការព្យាករណ៍ ស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ថាៈ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់ រុញមកពីប្រទេសចិន ជាមួយខ្យល់មូសុងឦសាន បក់មកក្នុងល្បឿន ពីមធ្យម ទៅបង្គួរ ដែលស្ថានភាពបែបនេះ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមា ពី ១៩ ទៅ ២២ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៨ ទៅ ៣០ អង្សាសេ។
សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានមាន សីតុណ្ហភាព អប្បបរមា ពី ១៧ ទៅ ២០ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៧ ទៅ ២៩ អង្សាសេ។ សម្រាប់ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមា ស្ថិតនៅក្នុងរង្វង់ ១៧ អង្សាសេ។ សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២១ ទៅ ២៣ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។
ស្ថានភាពអាកាសធាតុ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តៈ
-មណ្ឌលគិរី សីតុណ្ហភាព អប្បបរមា ១៧,៥ អង្សាសេ សីតុណ្ហភាព អតិបរមា ២៦ អង្សាសេ ,
-រតនគិរី សីតុណ្ហភាព អប្បបរមា ១៧,៥ អង្សាសេ សីតុណ្ហភាព អតិបរមា ២៤ អង្សាសេ, -ស្ទឹងត្រែង សីតុណ្ហភាព អប្បបរមា ១៨ អង្សាសេ សីតុណ្ហភាព អតិបរមា ៣១ អង្សាសេ, -ក្រចេះ សីតុណ្ហភាព អប្បបរមា ២២ អង្សាសេ សីតុណ្ហភាព អតិបរមា ២៩ អង្សាសេ, -សៀមរាប សីតុណ្ហភាព អប្បបរមា ១៩ អង្សាសេ សីតុណ្ហភាព អតិបរមា ៣២ អង្សាសេ, -កំពង់ធំ សីតុណ្ហភាព អប្បបរមា ២១ អង្សាសេ សីតុណ្ហភាព អតិបរមា ៣០ អង្សាសេ, -កណ្តាល សីតុណ្ហភាព អប្បបរមា ២២ អង្សាសេ សីតុណ្ហភាព អតិបរមា ៣១ អង្សាសេ , -ពោធិសាត់ សីតុណ្ហភាព អប្បបរមា ២២ អង្សាសេ សីតុណ្ហភាព អតិបរមា ៣១ អង្សាសេ, -កោះកុង សីតុណ្ហភាព អប្បបរមា ២២ អង្សាសេ សីតុណ្ហភាព អតិបរមា ៣៣ អង្សាសេ, -ព្រះសីហនុ សីតុណ្ហភាព អប្បបរមា ២២ អង្សាសេ សីតុណ្ហភាព អតិបរមា ៣០ អង្សាសេ, -កំពង់ចាម សីតុណ្ហភាព អប្បបរមា ២២,៥ អង្សាសេ សីតុណ្ហភាព អតិបរមា ២៩,៥ អង្សាសេ,
-ត្បូងឃ្មុំ សីតុណ្ហភាព អប្បបរមា ២៣,៥ អង្សាសេ សីតុណ្ហភាព អតិបរមា ៣១ អង្សាសេ, -តាកែវ សីតុណ្ហភាព អប្បបរមា ២៤ អង្សាសេ សីតុណ្ហភាព អតិបរមា ៣១ អង្សាសេ ,
-កំពត សីតុណ្ហភាព អប្បបរមា ២៤ អង្សាសេ សីតុណ្ហភាព អតិបរមា ៣៥,៧ អង្សាសេ, -កែប សីតុណ្ហភាព អប្បបរមា ២៣,៥ អង្សាសេ សីតុណ្ហភាព អតិបរមា ៣១ អង្សាសេ, -ប៉ៃលិន សីតុណ្ហភាព អប្បបរមា ២២,៦ អង្សាសេ សីតុណ្ហភាព អតិបរមា ២៨,៩ អង្សាសេ,
-ព្រះវិហា សីតុណ្ហភាព អប្បបរមា ២២ អង្សាសេ សីតុណ្ហភាព អតិបរមា ៣១ អង្សាសេ, -ឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមា ២១,៥ អង្សាសេ សីតុណ្ហភាព អតិបរមា ៣២ អង្សាសេ,
-កំពង់ស្ពឺ សីតុណ្ហភាព អប្បបរមា ២១ អង្សាសេ សីតុណ្ហភាព អតិបរមា ៣១ អង្សាសេ, -ព្រៃវែង សីតុណ្ហភាព អប្បបរមា ១៩,៨ អង្សាសេ សីតុណ្ហភាព អតិបរមា ៣១,៥ អង្សាសេ,
-បាត់ដំបង សីតុណ្ហភាព អប្បបរមា ២៣ អង្សាសេ សីតុណ្ហភាព អតិបរមា ៣០,៥ អង្សាសេ,
-ស្វាយរៀង សីតុណ្ហភាព អប្បបរមា ២១,៨ អង្សាសេ សីតុណ្ហភាព អតិបរមា ៣១,៨ អង្សាសេ៕/V