ដោយៈ រិ​ទ្ធិ​សែន / ពោធិ៍សាត់ៈ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ នេះ បាន​ជំរុញ​ដល់​ប្រធាន អនុសាខា​កាកបាទក្រហម កម្ពុជា ក្រុង​ពោធិ៍សាត់ និង​ស្រុក​តា​លោ​សែន​ជ័យ ដែល​បច្ចុប្បន្ន ពុំទាន់​មាន​ទីស្នាក់ការ​ធ្វើការ ត្រឹមត្រូវ​នោះ សូម​ជ្រើសរើស​រក​ទីតាំង ឱ្យបាន​សមរម្យ ដើម្បី​រៀបចំ​សាងសង់ ទីស្នាក់ការ ឱ្យបាន ក្នុង​ឆ្នាំ​២០២២ ខាងមុខ​។​

​លោក​បាន​ជំរុញ​បែបនេះ នៅ​សាលប្រជុំ​ស្នាក់ការ សាខា​កាកបាទក្រហម​ខេត្ត ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ ប្រចាំខែ​វិច្ឆិកា និង​លើក​ទិសដៅ អនុវត្ត​បន្ត សម្រាប់​ខែធ្នូ ឆ្នាំ​២០២១ របស់​សាខា​កាកបាទក្រហម​ខេត្ត តាមរបៀប​វារៈ​សំខាន់ៗ ចំនួន​ប្រាំពីរ នៃ​កិច្ចប្រជុំ​នោះ​។​

​ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​សាខា ដែល​ទើប​ទទួលបាន​តំណែង​ថ្មី លោក ជាវ តា​យ បា​នស​ម្រ​ច​រៀបចំ​ទីស្នាក់ការ អនុសាខា​ក្រុង ស្រុក ដែល​ពុំទាន់​មាន រួមមាន អនុសាខា កាកបាទក្រហមកម្ពុជា ក្រុង​ពោធិ៍សាត់ និង​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​តា​លោ​សែន​ជ័យ ឱ្យបាន​រួចរាល់ ក្នុង​ឆ្នាំ​២០២២ ខាងមុខ ដើម្បីឱ្យ​ការអនុវត្តន៍ សកម្មភាព​មនុស្សធម៌ ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ជាង​មុន​។​

​ចំពោះ​ការ​ប្រារព្ធ​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ដើម្បី​គៀងគរ​រក​ថវិកា សម្រាប់​ជួយ​ទ្រទ្រង់ មូលនិធិ សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ក្នុង​កិច្ចការងារ​មនុស្សធម៌ ជួយ​ដល់​ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ លោក​បានកំណត់​យក​ប​ឋ​ម នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២២ ខាងមុខ ក្នុងករណី​កែប្រែ នឹងត្រូវ​ជូនដំណឹង ឱ្យបាន​ដឹង នាពេល​ក្រោយ​៕/V​