​ដោយៈ គង់​ហេង​/ កំពង់ចាមៈ លោក អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែង​សុន្ទរកថា ថាៈ សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​សុខភាព ជន​ទេសន្តរប្រវេសន៍ ក្នុង​មូលដ្ឋាន​ព្យាបាល និង​ថែទាំ​សុខភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ ២០២១-២០៣០ គឺ​ពិត​ជាមាន​សារៈសំខាន់ សម្រាប់​ជន​ទេសន្តរប្រវេសន៍​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែង​សុន្ទរកថា នៅក្នុង​ការបិទ​កិច្ចប្រជុំ សេចក្ដីព្រាង​ផែនការ យុទ្ធសាស្ត្រ​ជាតិ ស្តីពី​សុខភាព​ជន​ទេសន្តរប្រវេសន៍ ២០២១-២០៣០ នៅក្នុង​សណ្ឋាគារ LBN ក្រុង​កំពង់ចាម ដែលមាន​ការចូលរួម ពី​សំណាក់ មន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ​, ក្រសួង​សុខា ភិ​បាល​, ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​តំណាង​អង្គការ​អន្តរជាតិ សម្រាប់​ជន​អន្តោ ប្រវេសន៍ ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី ១០ ធ្នូ ម្សិលមិញ​នេះ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម បានបញ្ជាក់​ថាៈ យុទ្ធសាស្ត្រ​ទាំងនោះ រួមមាន ១. ការលើកកម្ពស់​សិទ្ធិ ទទួលបាន​សេវា​សុខភាព ប្រកបដោយ​គុណភាព និង​សមធម៌ សម្រាប់​ជន​ទេសន្តរប្រវេសន៍​, ២. ការផ្តល់សេវា​សុខភាព ជា​សារ​វ័​ន្ត ប្រកបដោយ​សមធម៌ និង​ទូលំ​ទ​លាយ ដល់​ជន​ទេសន្តរប្រវេសន៍​គ្រប់រូប ទាំង​សេវា​ពិនិត្យ​សុខភាព ព្យាបាល​ថែទាំ បង្ការ និង​ទប់ស្កាត់​លើកកម្ពស់​សុខភាព ស្តារនីតិសម្បទា និង​ដំណាក់កាល​ចុងក្រោយ​, ៣. ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល ផ្តោតលើ​ជន​ទេសន្តរប្រវេសន៍ និង​ឆ្លើយតប​ទៅនឹង​អាយុ តម្រូវការ​ផ្នែក​ភាសា វប្បធម៌ ប្រពៃណី និង​យេនឌ័រ​, ៤. ការធានា ការ​គាំពារ​សុខភាព ឬ​ការបង់ថ្លៃ​សេវា​សមស្រប ដល់​ជន​ទេសន្តរប្រវេសន៍ និង​ក្រុមគ្រួសារ​ពួកគាត់​, ៥. ការលើកកម្ពស់​អភិបាលកិច្ច​ល្អ នៅ​ទូទាំង​ប្រព័ន្ធ​សុខាភិបាល ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សម្រាប់​សុខភាព​ពួកគាត់​, ៦. ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ភាពជា​ដៃគូ​សកល ស្តីពី​សុខភាព​ជន​ទេសន្តរប្រវេសន៍ និង ៧. បង្កើត​យន្តការ​ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ នៃ​ការអនុវត្ត​គោលនយោបាយ​។​

​សូមបញ្ជាក់ថា ខេត្តកំពង់ចាម គិត​ត្រឹម​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ ចំនួន​ប្រជាពលរដ្ឋ ធ្វើ​ចំណាកស្រុក ទៅ​ក្រៅប្រទេស សរុប ១៦.០៩០ នាក់ ស្រី​ចំនួន ៧.៨៥១ នាក់ ក្នុងនោះ ចំណាកស្រុក ដោយ​ស្របច្បាប់ ចំនួន ១៣.៤៣៨ នាក់ ស្រី​ចំនួន ៦.៤៣៧ នាក់ និង​មិន​ស្របច្បាប់ ចំនួន ២.៦៥២ នាក់ ស្រី​ចំនួន ១.៤១៤ នាក់​៕/V​