ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក ដឹកនាំ​មន្ត្រីរដ្ឋបាល​ខណ្ឌ ការិយាល័យ​ជំនាញ និង​ចៅសង្កាត់​ទឹកល្អក់​ទី​២ និង​ចៅសង្កាត់​ផ្សារ ដេប៉ូ​ទី​១ បាន​អញ្ជើញ​ចុះ​បើក​ការដ្ឋាន គម្រោង​អភិវឌ្ឍន៍ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ និង សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ព្រមទាំង​មានការ​ចូលរួម​ពី ប្រជាពលរដ្ឋ​សរុប ១១០ នាក់ ។​

​គួរ​បញ្ជាក់ថា សម្រាប់​គម្រោង​ឆ្នាំ​២០២១ នេះ សង្កាត់​ទឹកល្អក់​ទី​២ បាន​លើក​គម្រោង​ដាក់លូ ដោះ​ទឹក​មួយ ប្រវែង​សរុប ៤២២ ម៉ែត្រ ប្រើប្រាស់​មូលនិធិ​សង្កាត់ សរុប​ចំនួន ១០៦.៨៦៥ រៀល នៅ​ផ្លូវ​ចំនួន ២ ខ្សែ រួមមានៈ (១) ដាក់លូ​ដោះ​ទឹក ទំហំ ០,៦ ម៉ែត្រ ប្រវែង ២៤៥ ម៉ែត្រ នៅ​ផ្លូវ​លេខ​១៥០z ចាប់ពី​ផ្លូវ​២០៦ ផ្លូវ​២៦៨ ស្ថិត​ក្នុងភូមិ​១២​។ (២) ដាក់លូ​ដោះ​ទឹក ទំហំ ០,៦ ម៉ែត្រ ប្រវែង ១៧៧ ម៉ែត្រ នៅ​ផ្លូវ​លេខ​១៥១ ចាប់ពី​ផ្លូវ​លេខ​២៦១ ផ្លូវ​លេខ​២៦៥ ស្ថិត​ក្នុងភូមិ​១២​។

សម្រាប់​ឆ្នាំ​២០២១ នេះ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ បាន​លើក​គម្រោង​ដាក់លូ ប្រវែង​សរុប ១៨៧ ម៉ែត្រ ដោយ​ប្រើប្រាស់​មូលនិធិ​សង្កាត់ សរុប​ចំនួន ៦២.១១៩.០០០ រៀល នៅ​ផ្លូវ​ចំនួន ៣ ខ្សែ រួមមានៈ
(១) ដាក់លូ​ដោះ​ទឹក ផ្លូវ​លេខ ២១៩ (១៨២-១៥៦) ស្ថិត​ក្នុងភូមិ​៥ (២) ដាក់លូ​ដោះ​ទឹក ផ្លូវ​លេខ ២៦២ (២២៩-២៣៧) ស្ថិត​ក្នុងភូមិ​៣ (៣) ដាក់លូ​ដោះ​ទឹក​ផ្លូវ​២៣៧ (១៨២-១៥៦) ស្ថិត​ក្នុងភូមិ​៣ និង​ភូមិ​៤​។​

​ក្នុងឱកាស​នេះ លោក​អភិបាលខណ្ឌ បាន​ឧបត្ថម្ភ​អំណោយ ដល់​បងប្អូន​អញ្ជើញ​ចូលរួម ដោយ​ក្នុង​មួយ​នាក់ៗ ទទួលបាន​សារុង​មួយ ដែលជា​អំណោយ​របស់លោក និង​លោកស្រី ផ្ទាល់​៕/V​