ដោយៈមុនីរ័ត្ន / ភ្នំពេញៈ លោក ស សុខា អនុប្រធាន សហភាព សហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុក ខេត្តព្រៃវែង បាត់ដំបង និង ខេត្តបន្ទាយមានជ័យ និងជាតំណាង ដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងលោក សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង ចូលរួមជាគណៈអធិបតី ពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ របស់ ស.ស.យ.ក. ខេត្តបាត់ដំបង នៅស្នាក់ការ ស.ស.យ.ក. ខេត្ត នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នេះ ។
លោក ស សុខា បានថ្លែងថាៈ ក្នុងនាមលោកប្រធាន ហ៊ុន ម៉ានី និងខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ក្រុមការងារចុះជួយ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងទ្រព្យធនផ្ទាល់ខ្លួន ក្នុងកិច្ចការងារសង្គម ស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរខេត្ត ស្រុក ក្រុង ពិសេសក្នុងកាលៈទេសៈ ដែលប្រទេសជាតិ បាននិងកំពុងប្រឈមនឹងជំងឺកូវីដ-១៩ អស់រយៈពេលជិត ២ ឆ្នាំមកនេះ ។ ក្នុងនោះ ស្នើថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ក្រុមការងារចុះជួយ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ទាំងអស់ សូមបន្តជួយឧបត្ថម្ភគាំទ្រ និងចូលរួម ក្នុងយុទ្ធនាការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីឲ្យប្រទេសជាតិយើង ឆាប់បានឆ្លងផុត ពីជំងឺដ៏កាចសាហាវនេះ ។ សូមបន្តចូលរួម ផ្សព្វផ្សាយសារអប់រំនានា របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក៏ដូចជា វីរុសបំប្លែងថ្មីផ្សេងទៀត បើទោះបីកម្ពុជាយើង បានចាក់វ៉ាក់សាំង ហើយក៏ដោយ ។ សូមរួមគ្នាអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ពីជំងឺកូវីដ-១៩ ៕/V