​ដោយៈ ដេប៉ូ / បន្ទាយ​មាន​ជ័​យៈ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​សំណល់​ប្លា​ស្ទិ​ក នៅ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន ក្នុងនេះ​បានដាក់ ឧ​ប ករ​ណ៍​ចម្រោះ​ទឹកស្អាត សម្រាប់​ពិសា នៅតាម​ទីតាំង​នានា ទាំង​ក្នុង​សហគមន៍ និង​ស្ថាប័ន​រដ្ឋបាល​សាធារណៈ​នានា គឺ​បាន​ដើរតួនាទី យ៉ាងសំខាន់ ក្នុងការ​កាត់បន្ថយ ការប្រើ​ប្រាស់​ដប​ប្លា​ស្ទិ​ក​។ នេះ​គឺជា​ការ​ថ្លែង​ឡើង របស់​មន្ត្រីជាន់ខ្ពស់ ក្រសួងបរិស្ថាន ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់ ឧបករណ៍​ចម្រោះ​ទឹក នៅ​ទីតាំង ចំនួន ក្នុង​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២១ នេះ ។​

​លោក នេត្រ ភក្ត្រា រដ្ឋ​លេ​ធិ​ការ​ក្រសួងបរិស្ថាន ដែល​បាន​ចូលរួម ជា​អធិបតី ប្រគល់ ឧបករណ៍​ចម្រោះ​ទឹក ដល់​សាកល​វិទ្យា​ល័យ​ជាតិ​មានជ័យ ក្នុង​ខេត្តបន្ទាយមានជ័យ និង​ជូន​ដល់​រដ្ឋបាល ក្រុង​បាត់ដំបង បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តបាត់​ដំបង និង​មន្ទីរ​បរិស្ថាន ខេត្តបាត់ដំបង បាន​ថ្លែងថាៈ លទ្ធផល​នៃ​ការសិក្សា​បឋម ក្រោយពី​បាន បំពាក់​ប្រព័ន្ធ ឧបករណ៍​ចម្រោះ​ទឹក បង្ហាញថា ក្នុង​រយៈពេល ៦ ខែ​កន្លងទៅនេះ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ បុគ្គលិក និស្សិត និង​ប្រជា​សហគមន៍ បានទទួល​ស្គាល់ គុណភាព​ទឹក និង​ទទួលទាន​ទឹក​ចម្រោះ ដោយមាន​ភាពជឿជាក់​។ ឧបករណ៍​ចម្រោះ ទឹកស្អាត សម្រាប់​ពិសា​នេះ បាន​ចូលរួម​កាត់បន្ថយ ជា​អតិបរមា នូវ​ការប្រើ​ដប​ទឹក​ប្លា​ស្ទិ​ក កាត់បន្ថយ​ចំណាយ ជា​អតិបរមា​នូវ​ការទិញ​ទឹកដប ។​

​លោក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ នៅមុន​ពេល​មាន​ឧបករណ៍ ចម្រោះ​ទឹក មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន ខេត្តបាត់ដំបង ចំនួន ២១ នាក់ រួម​នឹង​ក្រុមគ្រួសារ ក្នុង​រយៈពេល ៦ ខែ ត្រូវ​ចំណាយ​ថវិកា ចំនួន ៩.៤៧២ ដុល្លារ​អាម៉េរិក ដើម្បី​ទិញ​ទឹក​ពិសា ហើយ​បន្សល់​នូវ​សំណល់ ដប​ប្លា​ស្ទិ​ក ចំនួន ៣៦.០៨៤ ដប ខណៈ​មន្ត្រីរដ្ឋបាល ក្រុង​បាត់ដំបង ចំនួន ១០២ រូប​រួម​នឹង​ក្រុមគ្រួសារ​ពួកគាត់ ត្រូវ​ចំណាយ​ថវិកា ចំនួន ១៩.៣២៦ ដុល្លារ និង​បន្សល់​ដប​ទឹក​ប្លា​ស្ទិ​ក ចំនួន ៦០.២១៦ ដប​។ ប៉ុន្តែ​ក្រោយពេល ដំឡើង​ឧបករណ៍​ចម្រោះ​ទឹក មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន និង​រដ្ឋបាល​ក្រុង​បាត់ដំបង បាន​កាត់បន្ថយ ទាំង​ថវិកា ក្នុងការ​ចំណាយ​ទិញ​ទឹក សម្រាប់​ខ្លួន និង​ក្រុមគ្រួសារ ដោយ​ក្នុងនោះ រយៈពេល ៦ ខែ​ដូចគ្នា មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន និង​ក្រុមគ្រួសារ ចំណាយ​ថវិកា​ត្រឹម ១.៩៤៥ ដុល្លារ ដើម្បី​ទិញ​ទឹក​ពិសា ហើយ​សំណល់​ដប​ប្លា​ស្ទិ​ក ចុះមក​ត្រឹម ៨.១០០ ដប ចំណែក​រដ្ឋបាល​ខេត្ត បាន​កាត់បន្ថយ ការចំណាយ​មក​នៅត្រឹម ៩.៦១៦ ដុល្លារ​អាម៉េរិក និង​សំណល់​ដប​ប្លា​ស្ទិ​ក ត្រូវបាន​កាត់បន្ថយ​ម​ក​នៅត្រឹម ២៩.០០៧ ដប​ប៉ុណ្ណោះ​។​

​ជាមួយនឹង​ការប្រើប្រាស់ ឧបករណ៍​ចម្រោះ​ទឹក និង​ធុង​ទឹក​ក្តៅ​ត្រជាក់​នេះដែរ ត្រូវបាន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ឧបករណ៍​ចម្រោះ​ទឹក សម្រាប់​ពិសា ដែល​បានជ្រើសរើស យកមក​បំពាក់​នេះ ជា​ឧបករណ៍ នាំចូល​ពី​តៃវ៉ាន់ ប្រើប្រាស់​បច្ចេក វិទ្យា Ultrafilter (UF) Reverse Osmosis (RO) និង Ultra Violet (UV)​។ ដោយ​ផ្អែក​តាម​ស្ថានភាព នៃ​ប្រភពទឹក​ដែល​ត្រូវ​ត​ភ្ជាប់ ចូលក្នុង​ប្រព័ន្ធ ចម្រោះ​ទឹក​ហូប មាន​៤​ទីតាំង ប្រើប្រាស់​ប្រភពទឹក ពី​បណ្តាញទឹក​រដ្ឋ​/​ឯកជន ត្រូវ​បំពាក់ តម្រង UF និង​កាំរស្មី​UV​។ នៅ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ សាលាក្រុង​បាត់ដំបង និង​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង មាន​បំពាក់​ជូន ធុង​ទឹក​ក្តៅ​ត្រជាក់​ផងដែរ​។

ចំណែក​ស្ថានីយ៍​ផលិត​ទឹក​ហូប សហគមន៍​ព្រែក​ទាល់ ដែល​ប្រើប្រាស់​ប្រភពទឹក ពី​ស្ទឹង​សង្កែ គឺ​ត្រូវបាន​បំពាក់​តម្រង ទាំងបី​ប្រភេទ​រួមគ្នា និង​ដំណើរការ​ដោយ​ប្រើប្រាស់ ថាមពល​ពី​ប្រព័ន្ធ​សូ​ឡា និង​ម៉ាស៊ីនភ្លើង​រួមគ្នា ដើម្បី​ផលិត​ទឹក​ហូប ប្រកបដោយ​សុវត្ថិ ភាព​។ ក្រោយ​បំពាក់​ប្រព័ន្ធ​ចម្រោះ​ទឹក​ហូប​ថ្មី តម្រូវការ​ទឹក​ហូប នៅ​សហគមន៍ ព្រែក​ទាល់ មានការ​កើនឡើង​។​

​ឆ្លើយតប​ចំពោះ​តម្រូវការ​នេះ ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ ក្រុមហ៊ុន​ផលិត ឧបករណ៍​ចម្រោះ​ទឹក ជួយ​ដោះស្រាយ ដោយ​ផ្តល់​ឧបករណ៍ សម្ភារ​សម្រាប់​ដំឡើង សមត្ថភាព​ផលិត​ទឹក ពី ២.០០០ លីត្រ​/​ថ្ងៃ ឱ្យដល់ ៤.០០០ លីត្រ​/​ថ្ងៃ ជា​បន្តបន្ទាប់ ដោយ​មិន​គិតថ្លៃ​។​

​លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ ពី​សារៈប្រយោជន៍ នៃ​ឧបករណ៍​ចម្រោះ​ទឹក សម្រាប់​ពិសា​នេះ ដោយ​លើកឡើងថាៈ «​ឧបករណ៍​ចម្រោះ​ទឹក​នេះ បាន​ដើរតួនាទី​ជា ទី​១-​អ្នក​ផលិត​ទឹក និង​ផ្តល់​ទឹកស្អាត​គ្រប់គ្រាន់ សម្រាប់​ពិសា នៅក្នុង​សហគមន៍ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ មាន​ជីវភាព​ក្រីក្រ ឱ្យ​ពួកគាត់​មានទឹក​ពិសា ប្រកបដោយ អនាម័យ​។ ទី​២-​ជួយ​សន្សំសំចៃ​ថវិកា របស់​ពលរដ្ឋ ក្នុងការ​ចំណាយ ទិញ​ទឹកដប សម្រាប់​ពិសា​។ ទី​៣-​គិតគូរ​ពី​សុខភាព របស់​ប្រជាពលរដ្ឋ និង​ជំរុញ​លើកកម្ពស់ លើ​ការរស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត អនាម័យ​។ ទី​៤-​លើកកម្ពស់​តម្លៃ​បរិស្ថាន សហគមន៍ សាលារៀន​ស្អាត ភូមិឋាន​ស្អាត និង​ជាពិសេស កាត់បន្ថយ​ការប្រើប្រាស់ ប្លា​ស្ទិ​ក និង​ការបំពុល​ដោយ​ប្លា​ស្ទិ​ក នៅក្នុង​បឹង​ទន្លេសាប ដោយ សារ​តែ​ការ​ទុកដាក់ គ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក មិនបាន​ត្រឹមត្រូវ​»​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថាៈ សំណល់ ប្លា​ស្ទិ​ក ជា​ក្តីកង្វល់​រួម​របស់​ពិភពលោក ដោយសារតែ​ការ ប្រើប្រាស់​ផលិតផល ពី​ប្លា​ស្ទិ​កប​ន្ត​មាន​និន្នាការ​កើនឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយសារតែ​វា​មាន​ភាពងាយស្រួល​ប្រើ តម្រូវការ​ប្រើប្រាស់ វេច​ខ្ចប់​ខ្ពស់ និង​មាន​តម្លៃថោក​។​

​ដោយ​ទទួលបាន​នូវ​ភាពជោគជ័យ លើ​ការអនុវត្ត​គម្រោង កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក នៅតាម​សហគមន៍ និង​នៅតាម​ទីប្រជុំជន ដោយ​ផ្តល់​ឧបករណ៍ ចម្រោះ​ទឹកស្អាត សម្រាប់​ពិសារ​នេះ ក្រសួងបរិស្ថាន បាន​បន្ត​គាំទ្រ​សំណើ គម្រោង​តំឡើង​ឧបករណ៍ ចម្រោះ​ទឹក​ហូប ចំនួន ៦ ទីតាំង​បន្ថែមទៀត នៅក្នុង​ខេត្តបាត់ដំបង រួមមាន (១) មន្ទីរ​ផែនការ មន្ទីរ​មុខងារ និង​មន្ទីរ​ទំនាក់ទំនង​សភា (២) វិទ្យាល័យ និង​អនុវិទ្យាល័យ នេ​ត យ៉ង់ (៣) សាលាខេត្ត​បាត់ដំបង (៤) ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង (៥) អនុវិទ្យាល័យ​ស្រែ​អណ្តូង​-​មន្ទីរពេទ្យបង្អែក​-​សាលាឃុំ​ស្រែ​អណ្តូង និង (៦) អនុវិទ្យាល័យ មានជ័យ​-​មន្ទីរពេទ្យបង្អែក​-​សាលាឃុំ​មានជ័យ​។ ក្រៅពី​គម្រោង​នេះ ក្រសួងបរិស្ថាន បាន​ដំឡើង​ម៉ាស៊ីន​ចម្រោះ​ទឹក​នៅតាម​សាលារៀន វត្ត​អារាម​នានា នៅក្នុង​បណ្តា​ខេត្ត មួយចំនួន​នៅ​កម្ពុជា​។​

​លោក​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់​បន្ថែមថាៈ ក្រៅពីនេះ ក្រសួងបរិស្ថាន បាន​បំពាក់​សម្ភារ​ផ្សេងៗ​ទៀត ដល់​រដ្ឋបាលខេត្ត រួមមាន រថយន្ត​ដឹក​សំរាម ម៉ូតូ​ដឹក​សំរាម ឡ​ដុត​សំណល់​រឹង​សំរាម រួម​នឹង​បច្ចេកទេស ដើម្បី​បង្កើត​សមត្ថភាព រដ្ឋបាល​ថ្នាក់ក្រោម ជាតិ លើ​ការគ្រប់គ្រង​សំណល់​រឹង​សំរាម តាម​ទីប្រជុំជន ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ ក្នុងនោះ ក៏បាន​សហការ​ជាមួយ ស្ថាប័ន​ពាក់ព័ន្ធ​និង​ដៃគូ​អភិវឌ្ឍន៍ លើ​ការសាងសង់ ទីលាន ចាក់សំរាម មាន​ស្តង់ដារ​បច្ចេកទេស ត្រឹមត្រូវ ដើម្បី​ទុកដាក់​សំណល់​រឹង សំរាម តាម​បច្ចេកទេស​៕/V