ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: ក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន បានកើត​ឡើង​។ ក្នុងនោះ មានការ​ប្រកាស​ពី​បេក្ខភាព​លោក ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នាពេល​អនាគត ការថ្វាយ​ព្រះ​ភ្លើង​បូជាព្រះសព​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ នៅ​ខេត្តព្រៃវែង ជាដើម​។​

១- សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​១១ សាងសង់​អស់​ទឹកប្រាក់​ជិត ១០០​លាន​ដុល្លារ

​កាលពី​ថ្ងៃទី​៦ ខែធ្នូ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង ជិត ១០០​គីឡូម៉ែត្រ ចំណាយ​ថវិកា​ជិត ១០០ លាន​ដុល្លារ​អាមេរិក​។ ផ្លូវជាតិ​លេខ​១១ ត​ភ្ជាប់​ពី​អ្នក​លឿង ទៅកាន់​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ក្នុងនោះ ផ្លូវ​ឆ្លងកាត់​ខេត្តព្រៃវែង មាន​ប្រវែង​ជាង ៦៥​គីឡូម៉ែត្រ និង​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ មាន​ប្រវែង​ជាង ២១ គីឡូម៉ែត្រ​។​

២- សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់បន្ថែម​ពី​បេក្ខភាព​លោក ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី នាពេល​អនាគត
​ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង កាលពី​ថ្ងៃទី​៦ ខែធ្នូ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​លម្អិត​ពី​ការសម្រេចចិត្ត​ជ្រើសរើស​បេក្ខភាព លោក ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បង្ហាញ​ប្រតិកម្ម​ខ្លាំងៗ ដោយ​មិន​ទទួលយក​បានទេ ចំពោះ​សម្តី​អនុរដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម ដែល​បានធ្វើការ​សន្និដ្ឋានថា កម្ពុជា​នាំ​ជំងឺឆ្លង​កូ​វីត​១៩ ឆ្លង​ចូលទៅក្នុង​ប្រទេស​វៀតណាម ដូច​ជំនន់​ទន្លេមេគង្គ​។ សម្តេច​តេ​ជោ ហ៊ុន សែន អះអាងថា សំដី​របស់​មន្ត្រីជាន់ខ្ពស់​វៀតណាម​រូបនេះ មិន​ពិត និង​មិនអាច​ទទួលយកបាន ដែល​ត្រូវតែ​សូមទោស​សម្តេច និង​ប្រជាជន​កម្ពុជា​។​

៣-​កម្ពុជា លុបចោល​ការហាមឃាត់​អ្នកដំណើរ​ពី​ប្រទេស​តំបន់​អាហ្វ្រិក​ចំនួន​១០
​កាលពី​ថ្ងៃទី​៥ ខែធ្នូ ក្រសួងសុខាភិបាល​កម្ពុ​ជា បានប្រកាស​លុបចោល បម្រាម​ហាម​អ្នកដំណើរ ឬ​អ្នក​ដែល​ឆ្លងកាត់​ប្រទេស​តំបន់​អាហ្វ្រិក​ចំនួន ១០ ចូល​កម្ពុជា បន្ទាប់ពី​បានចេញ​បម្រាម​រយៈពេល ១​សប្តាហ៍​រួចមក​។ ការ​លុប​បម្រាម​នេះ ក្រសួងសុខាភិបាល ជំនួស​មកវិញ​ដោយ​ការអនុវត្ត​នីតិវិធី​ប​ន្ថែ​ម លើ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​(SOPs) ដើម្បី​គ្រប់គ្រង​អ្នកដំណើរ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​កម្ពុជា អនុលោម​តាម​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​អ្នកដំណើរ ឬ​អ្នក​ដែល​បាន​ឆ្លងកាត់​ប្រទេស​ទាំង​១០​នោះ​។

៤-​សម្ដេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​
​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៧ ខែធ្នូ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក វុន​ណា ម៉ោង​លីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេស និង​ជា​បេសកជន​ពិសេស​របស់​ប្រធាន​ក្រុមប្រឹក្សារដ្ឋ និង​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។ ក្នុង​កិច្ចប្រជុំ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា សម្តេច​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​មី​យ៉ាន់​ម៉ា នា​ថ្ងៃទី​៧-៨ ខែមករា ឆ្នាំ​២០២២​។ នេះ​ជាការ​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​របស់​សម្តេច​តេ​ជោ ក្នុងការ​ដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា ដើម្បី​នាំ​មី​យ៉ាន់​ម៉ា ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឡើងវិញ ដែល​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២​។​

៥- ព្រះមហាក្សត្រ យាង​ប្រទាន​ភ្លើង បូជាសព​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ
​ព្រះមហាក្សត្រ យាង​ប្រទាន​ភ្លើង​បូជាព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ​ថ្ងៃ​ពុធ ទី​៨ ខែធ្នូ នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី ក្នុង​រាជធានី​ភ្នំពេញ​។ សម្តេចម៉ែ រួមទាំង​សម្តេច​តេ​ជោ ហ៊ុន សែន ឥស្សរជន​ថ្នាក់ដឹកនាំ​ជាតិ​កំពូលៗ និង​ព្រះ​ញត្តិ​វង្សានុវង្ស បាន​យាង និង​អញ្ជើញ​ចូលរួម​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង បូជាព្រះសព​សម្ដេចក្រុមព្រះ ផងដែរ​។

៦-​សម្ដេច​ក្រឡាហោម ស ខេង ផ្ញើ​សារ​ជូន​ជនរួមជាតិ ពាក់ព័ន្ធ​នឹង​បេក្ខភាព​នាយករដ្ឋមន្ត្រី នា​ថ្ងៃ​អនាគត
​កាលពី​យប់​ថ្ងៃទី​៧ ខែធ្នូ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ញើ​សារ​ខ្លី​មួយ​ជូន​ជនរួមជាតិ ដើម្បី​ជម្រះ​មន្ទិល ជុំវិញ​បេក្ខភាព​នាយករដ្ឋមន្ត្រី​។ គោរព​ការសម្រេច​របស់​គណបក្ស ដែលមាន​សម្ដេច​តេ​ជោ ជា​ប្រធាន គឺជា​អ្វីដែល​សម្ដេច ស ខេង បាន​គូសបញ្ជាក់​។​

៧-​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ​ថ្មី តម្លៃ​ជាង ១៥០០​លាន​ដុល្លារ នៅ​ខេត្តកណ្តាល
​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​មួយ នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​ចំណាយ​ថវិកា​សាងសង់​ជាង ១៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​មកដល់ពេលនេះ សម្រេចការ​សាងសង់​បាន​ជាង ២៧%​។ អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ក្រុង​តាខ្មៅ​» ជា​ប្រភេទ 4F ដែល​អាច​ទទួល​ការ​ចុះចត​យន្តហោះ ឆ្លង​ទ្វីប ប្រភេទ​យន្តហោះ​យក្ស ដូចជា Airbus A380-800 និង​យន្តហោះ Boeing 747-800 បាន​។ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រុមហ៊ុន ដែល​ទទួល​សិទ្ធិ​វិនិយោគ មាន​ម​ហិ​ច្ឆិ​តា​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ថ្មី​នេះ ឲ្យ​ធំ និង​ទំនើប​ជាងគេ នៅ​តំបន់​អាស៊ី​។​

៨- គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រជុំ ពិនិត្យ​លើ​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្តវេន នៅ​ថ្ងៃទី​២៤​ធ្នូ​ខាងមុខ​
​ក្នុងឱកាស​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ស្ថិតនៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល ដើម្បី​ពិនិត្យ​លើ​បេក្ខភាព​នាយករដ្ឋមន្ត្រី បន្តវេន នៅ​ថ្ងៃទី​២៤​ធ្នូ​ខាងមុខ​។ ជាមួយនេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហើប​ថា គណបក្ស​ប្រជាជន​កម្ពុជា បានរៀបចំ​ក្បាលម៉ាស៊ីន​គណៈរដ្ឋមន្ត្រី​ថ្មី​រួចហើយ សម្រាប់​អ្នកជំនាន់ក្រោយ ហើយ​បញ្ជី​ថ្មី​នេះ សម្តេច រួមទាំង​ថ្នាក់ដឹកនាំ​កំពូលៗ​ទៀត ដូចជា សម្តេច សខេង សម្តេច​សាយឈុំ សម្តេច​ទៀ​បាញ់ និង​លោកជំទាវ ម៉ែន សំអន បានសម្រេច​យល់ព្រម​រួចហើយ​។​

៩- ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក លើកឡើង​ពី​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង​
​ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់​ថ្ងៃទី​១១ ខែធ្នូ នៅ​មិនទាន់មាន​វត្តមាន​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​ទេ បើទោះជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជាមួយ​កម្ពុជា ដូចជា ប្រទេស​សឹង្ហ​បុរី ម៉ាឡេស៊ី និង​ថៃ បាន​រកឃើញ​ជា​បន្តបន្ទាប់​។ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា បើទោះបីជា​ការលេចឡើង​នូវ​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី ប្រភេទ​អូ​មី​ក្រុង ដែល​ចាត់ទុកថា ជា​វីរុស​មួយ បង្កក្តី​ព្រួយបារម្ភ ដែលនាំអោយ​កើតមាន​រលក​នៃ​ការឆ្លង​រាលដាល​ជាថ្មី ប៉ុន្តែ​ការទទួល​ចាក់​វ៉ាក់សាំង​បាន​ពេញលេញ និង​វិធាន​សុខាភិបាល ដែល​កម្ពុជា កំពុង​អនុវត្តន៍​បច្ចុប្បន្ន នៅតែមាន​ប្រសិទ្ធិភាព សម្រាប់​ការពារ​ភាព​ធ្ងន់ធ្ងរ​ពី​ការវាយលុក​របស់​វីរុស​ដ៏​កាច​សាហាវ​នេះ​។​

១០-​សម្តេច​តេ​ជោ ហ៊ុន សែន ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៧៣ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ «១០​ធ្នូ​»
​នៅ​ថ្ងៃទី​១០ ខែធ្នូ គឺជា​ខួប​លើក​ទី​៧៣ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០ ធ្នូ ១៩៤៨-​ថ្ងៃ​១០ ធ្នូ ២០២១​។ ក្នុង​សារ​ជូន​ជនរួមជាតិ អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា បើ​និយាយ​ពី​រឿង​សិទ្ធិមនុស្ស នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត (១៩៧៥-១៩៧៩) គឺ​ប្រជាពលរដ្ឋ មិនមាន​សិទ្ធិសេរីភាព​អ្វី​ទាំងអស់ សូម្បី​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ទទួលទាន​អាហារ សិទ្ធិ​ពិនិត្យ​ព្យាបាល​ជំងឺ សិទ្ធិ​ជំនឿ​សាសនា សិទ្ធិ​សិក្សាអប់រំ សិទ្ធិ​ជ្រើសរើស​តំណាង និង​សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍ និង​សិទ្ធិ​ប្រកបការងារ​ជាដើម​។​ល​។​

១១-​សម្តេច​តេ​ជោ ហ៊ុន សែន ដាក់ចេញ​បទបញ្ជា ដល់​អង្គភាព​ប្រដាប់អាវុធ​ទាំងអស់ ត្រូវ​ប្រមូល​អាវុធ និង​សម្ភារយោធា​អាម៉េរិក យកទៅ​រក្សាទុក​ក្នុង​ឃ្លាំង ឬ​យកទៅ​កម្ទេចចោល
​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ សហរដ្ឋអាមេរិក បានសម្រេច​អំពី​ការ​រឹតត្បិត​ការលក់ដូរ​អាវុធ និង​សម្ភារៈ​យោធា​ដល់​កម្ពុជា​។ ឆ្លើយតប​នឹង​ការសម្រេច​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី​១០ ខែធ្នូ បាន​ដាក់ចេញ​បទបញ្ជា ដល់​អង្គភាព​ប្រដាប់អាវុធ​ទាំងអស់ ត្រូវ​ប្រមូល​អាវុធ និង​សម្ភារៈ​យោធា​អាមេរិក យកទៅ​រក្សាទុក​ក្នុង​ឃ្លាំង ឬ​យកទៅ​កំទេចចោល តាម​ជាក់ស្តែង​។​

១២- សម្ដេច​ក្រឡាហោម ស ខេង បញ្ជា​ឱ្យ​ដោះស្រាយ​ភាពអយុត្តិធម៌​រឿង​ដំឡើង​ស័ក្ដិ
​នៅក្នុង​ពិធី​បញ្ចុះបឋមសិលា សាងសង​អគារសិក្សា នៅ​វិទ្យាល័យ​មុនី​វង្ស ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឱ្យ​ពិនិត្យ​ស្រាវជ្រាវ​លើ​ការងារ​ដំឡើង​ឋានន្ដរស័ក្ដិ​មន្ដ្រី​នគរបាលជាតិ​។ បើតាម​សម្ដេច​ក្រឡាហោម កន្លងមក មន្ដ្រីនគរបាល​ខ្លះ មួយឆ្នាំ ឡើង​ស័ក្ដិ​បាន​ម្ដង ប៉ុន្ដែ​មន្ដ្រី​ខ្លះ បី​ទៅ​បួន​ឆ្នាំ នៅ​មិនទាន់បាន​ឡើង​ស័ក្ដិ​ម្ដង​ផង​។ សម្ដេច​ចាត់ទុក​ករណីនេះ ជា​រឿង​អយុត្តិធម៌​។

១៣- កម្ពុជា ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជិត ៣០​ម៉ឺន​ដូ​ស​ទៀត ពី​អង្គការ​សុខភាព​ពិភពលោក
​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ប្រទេស​កម្ពុជា​យើង បានទទួល​ថ្នាំ​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ​AstraZeneca ចំនួន ២៩០,៤០០​ដូ​ស​ទៀត ពី​អង្គការ​សុខភាព​ពិភពលោក តាមរយៈ​យន្តការ COVAX​។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ ចាប់ពី ៣​ឆ្នាំ ដល់​ក្រោម ៥​ឆ្នាំ​ផងដែរ​។​

១៤-​ក្លឹប​អ្នកកាសែត​កម្ពុជា រៀបចំ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​
​កាលពី​ថ្ងៃទី​១១ ខែធ្នូ ក្លឹប​អ្នកកាសែត​កម្ពុជា បានរៀបចំ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ស្តីពី “​កូ​វីដ​១៩៖ បញ្ហា​ប្រឈម និង​ឱកាស​សម្រាប់​អ្នកសារព័ត៌មាន​»​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារលិខិត​ចូលរួម​ក្នុង​វេទិកា​នេះ ដោយ​សម្តេច បានប្រកាស​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន និង​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់ សូម​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន និង​មាន​សុចរិត​ភាព ក្នុងការ​បំពេញភារកិច្ច ជៀសវាង​ការបំពានច្បាប់ និង​វិជ្ជាជីវៈ ដោយ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ កិត្យានុភាព​ស្ថាប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​អាជីព ដែល​អនុវត្តបាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​៕​សរន