ដោយៈ សុផល / ភ្នំពេញ​ៈ សៀវភៅ “ ផែនទី​ផ្នត់គំនិត (Mind Map) ” ត្រូវបាន​ដាក់បញ្ចូល ទៅក្នុង​អេប bookeyond ជា​ផ្លូវការ​។ សៀវភៅ​នេះ បង្ហាញ​ពីបទ​ពិសោធន៍ រកស៊ី និង​អាជីវកម្ម​។​

​សៀវភៅ​មួយ​ក្បាល​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ដ៏​ច្រើន ចំពោះ​អ្នកអាន ដូចជា ការលើក​កម្លាំងចិត្ត ការតស៊ូ​អត់ធ្មត់ ក្នុង​ជីវិត ការវិភាគ លើ​ចំណុចខ្សោយ និង​ចំណុចខ្លាំង ខ្លួនឯង ការ​សេពគប់​មនុស្ស ចំណេះដឹង​អចលនទ្រព្យ វិធីសាស្ត្រ​ប្រែក្លាយ​ខ្លួន ពី​មនុស្ស បរាជ័យ ទៅជា​មនុស្ស​ជោគជ័យ ។​ល​។ និង ។​ល​។ ហើយ​អ្វីដែល​ពិសេស​បំផុត​នោះ គឺ​អ្នកអាន នឹង​ចេះ​បង្កើត​ផែនទី​ផ្នត់គំនិត ដើម្បី​ចាត់ចែង​រៀបចំ​ជីវិត​ខ្លួនឯង ឱ្យ​ក្លាយជា មនុស្ស​ជោគជ័យ ប្រកបដោយ​គុណ​តម្លៃ ម្នាក់​។​

​នៅ​រសៀល ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១ ប៊ុ​ក​ឃី​អន (bookeyond) ដែលជា​អេប សង្ខេប​សៀវភៅ ជា​ភាសា​ខ្មែរ​ដំបូង​គេ នៅ​កម្ពុជា បាន​ចាប់ដៃ​សហការ​ចុះ អនុស្សរណៈ យោគយល់​គ្នា ជាមួយ​ឧកញ៉ា ជា តុង​ហ៊ួ​រ ដែលជា​សហគ្រិន វ័យក្មេង​មួយរូប នៅ​កម្ពុជា និង​មាន​អាជីវកម្ម ជាច្រើន នៅក្នុង​ដៃ​។ កិច្ចសហការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដាក់បញ្ចូល​សៀវភៅ របស់​ឧកញ៉ា ជា តុង​ហ៊ួ​រ ដែលមាន​ចំណងជើង​ថា “ ផែនទី​ផ្នត់គំនិត (Mind Map) ” ទៅក្នុង​អេប bookeyond​។​

“ ផែនទី​ផ្នត់គំនិត (Mind Map) ” ជា​សៀវភៅ​ដ៏​ល្អ ដែល​លើកឡើង ពីបទ​ពិសោធន៍ រកស៊ី​របស់​ឧកញ៉ា ជា តុង​ហ៊ួ​រ រាប់​ចាប់តាំងពី​ការធ្លាក់ ដល់​បាត រហូតដល់​លោក ទទួលបាន​ជោគជ័យ និង​មាន​សមិទ្ធផល ជា​ស្នាដៃ​របស់ខ្លួន គួរឱ្យ​សរសើរ ដូច​ពេលបច្ចុប្បន្ន​។​

​លោក​ឧកញ៉ា ជា តុង​ហ៊ួ​រ បាន​មានប្រសាសន៍ថាៈ លោក​មាន​សេចក្តី​រីករាយ យ៉ាងខ្លាំង ចំពោះ​កិច្ចសហការ​នេះ ហើយ​លោក​សង្ឃឹម យ៉ាង​មុតមាំ​ថា កិច្ចសហការ​នេះ នឹង​ផ្តល់​ផ្លែផ្កា ដល់​ភាគី​ទាំងពីរ និង​សាធារណជន​ផងដែរ​។​

​លោក​បាន​បន្ថែមថាៈ សៀវភៅ “ ផែនទី​ផ្នត់គំនិត (Mind Map) ” គឺជា​ស្នាដៃ​ប្រសូត្រ ចេញពី​បទពិសោធន៍ របស់លោក ជាច្រើន​ឆ្នាំ ដែល​បាន​ប្រឡូក នៅក្នុង​ជីវិត ជា​អ្នករកស៊ី ហើយ​បាន​ឆ្លងកាត់​មេរៀន ជូរចត់ យ៉ាង​សន្ធឹកសន្ធាប់​។ អ្នក​ដែល​ទិញ​សៀវភៅ​នេះ យកទៅ​អាន ដោយ​យកចិត្តទុកដាក់ ព្រមទាំង​អនុវត្ត តាម​គោលការណ៍ និង​ទ្រឹស្តី ដែលមាន​នៅក្នុង​សៀវភៅ​នេះ ប្រាកដជា​ក្លាយខ្លួន​ទៅជា មនុស្ស​ថ្មី​ម្នាក់ ប្រកបដោយ គុណ​តម្លៃ ការរីកចម្រើន និង​ជោគជ័យ​។

​លោក រឺ​ន សីហា ដែលជា​អ្នកតំណាង របស់​ក្រុមហ៊ុន bookeyond បានលើកឡើង ថាៈ កិច្ចសហការ​នេះ គឺជា​ដំណើរ​ឆ្ពោះទៅមុខ មួយ​ជំហាន​ទៀត សម្រាប់​ក្រុមហ៊ុន bookeyond ក្នុងការ​រួមចំណែក ពង្រីក​សក្កា​នុព​ល​វិស័យ​អប់រំ និង​អាជីវកម្ម នៅ​កម្ពុជា​។​

​លោក​បាន​បន្តទៀតថាៈ ក្រុមហ៊ុន​ប៊ុ​ក​ឃី​អន (bookeyond) បានចាប់កំណើត​ឡើង នៅ​ឆ្នាំ​២០១៩ ហើយ​មកទល់នឹង​ពេលនេះ មាន​សៀវភៅ​សង្ខេប នៅក្នុង​អេប​ជាង ៣០០ ក្បាល ហើយ​សម្រាប់​អ្នកប្រើប្រាស់​របស់ខ្លួន​៕/V​