រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បង្ហាញ​មោទនភាព​ចំពោះ​ការវិនិយោគ និង​សមិទ្ធផល​របស់​ក្រុមហ៊ុន​ក្នុងស្រុក​

1414
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានបង្ហាញ​មោទនភាព​ចំពោះ​ការវិនិយោគ និង​សមិទ្ធផល​សំខាន់ៗ​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែល​បានរួម​ចំណែក​បង្កើត​ការងារ និង​ប្រាក់ចំណូល​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​។​

​ការបង្ហាញ​មោទនភាព​ខាងលើនេះ ក្នុង​ឱកាសលោក​រដ្ឋមន្ត្រី​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ប្រមាណ​ជាង ៦០​រូប ចុះ​ទស្សនកិច្ច​ពិនិត្យមើល​ខ្សែសង្វាក់​ផលិតកម្ម កសិកម្ម ដាំ​ដុះ វិច​ខ្ចប់ និង​នាំចេញ​កសិផល នៅ​តំបន់​អភិវឌ្ឍន៍​ទីក្រុង​កំពង់ផែ​ឧកញ៉ា​ម៉ុង ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅ ក្រោម​ការទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ពី​សំណាក់ លោក​បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន​គណៈកម្មការ​ទី​៣ នៃ​ព្រឹទ្ធសភា និង​ជា​ស្ថាបនិក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប រួមជាមួយ​សហការី និង​ជំនាញការ​ជាតិ​ជាច្រើនរូប​។​

​ក្នុងឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ និង​គណៈប្រតិភូ បាន​អញ្ជើញ​ពិនិត្យមើល​រោងចក្រ​ផលិត​ចំណី​សត្វ អឹម ភី​ក អេ​ស៊ី​អិ​ម​ស៊ី (​ខេ​ម​បូ​ឌា​) ដែលមាន​សមត្ថភាព​ផលិត​ចំណី​ដល់​ទៅ ២០​តោន ក្នុង​មួយ​ម៉ោង ឬ​ស្មើ​ប្រមាណ​១២​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ដូចជា ពោត ស្រូវ សណ្ដែក និង​ដំឡូង​មី ជាដើម​។​ល​។​

​លើសពីនេះ ប្រតិភូ​ក្រសួងពាណិជ្ជកម្ម បាន​អញ្ជើញ​ទស្សនា​ចម្ការ​ដូងប្រេង ដែល​បាន​ដាំ​ដុះ​នៅលើ​ផ្ទៃដី​ជាង ២​ម៉ឺន​ហិកតា និង​ចុះ​ពិនិត្យមើល​រោងចក្រ​ចម្រាញ់​ដូងប្រេង​ដ៏​ធំជាងគេ​របស់​កម្ពុជា ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប មាន​សមត្ថភាព​ចម្រាញ់​ផ្លែ​ដូងប្រេង​ស្រស់​បាន ៦០​តោន​ក្នុង​មួយ​ម៉ោង ដើម្បី​នាំចេញ​ប្រេងដូង​ឆៅ​ទៅកាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​សហគមន៍​អឺរ៉ុប​។​

​បន្ទាប់មក​ប្រតិភូ​ក្រសួងពាណិជ្ជកម្ម ក៏បាន​បន្តដំណើរ​ពិនិត្យមើល​ចម្ការកៅស៊ូ​ជាង ២​ពាន់​ហិកតា និង​រោងចក្រ​ផលិត​ជ័រកៅស៊ូ MRT Rubber Plantation ដែលមាន​បំពាក់​ឧបករណ៍​ស្វ័យប្រវត្តិ អាច​ផលិត​ជ័រកៅស៊ូ​ពាក់កណ្តាល​សម្រេច ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

​បើតាម​លោក​បណ្ឌិត ម៉ុង ឫទ្ធី ប្រទេស​អេ​ស្ប៉ា​ញ​គឺជា​ទីផ្សារ​ថ្មី​របស់​កៅស៊ូ​កម្ពុជា ហើយ​កន្លងមក ក្រុមហ៊ុន​បាន​នាំចេញ​ជ័រកៅស៊ូ​ដោយ​ជោគជ័យ​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ​ចំនួន​០២​លើក ក្នុង​បរិមាណ​២០០​តោន​។​

​សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ជំនួប​លើកដំបូង​បំផុត​រវាង​ប្រតិភូ​ក្រសួងពាណិជ្ជកម្ម និង​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលជា​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​ដ៏​ធំ​មួយ ផ្នែក​ខាង​វិស័យ​សំណង់ កសិកម្ម និង​ក​សិ​-​ពាណិជ្ជកម្ម ឧស្សាហកម្ម ដឹកជញ្ជូន នាំចេញ​-​នាំចូល និង​ផលិតកម្ម​ចំណី​សត្វ​នៅក្នុង​ប្រទេស​កម្ពុជា​។ លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ នឹង​រួមចំណែក​ដល់​ការធ្វើ បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​កម្ពុជា (CTIS) ឆ្នាំ​២០១៩-២០២៣ ដែលជា​ផែនទី​បង្ហាញផ្លូវ​ដ៏​សំខាន់ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ជាតិ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ