​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង នា​រសៀល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១ នេះ បាន​អញ្ជើញ​ចុះ​ជួប​ជាមួយ ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់ ការពង្រីក​ផ្លូវ នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។​

​នៅក្នុង​ឱកាស​នោះ លោក​អភិបាលរង​ខេត្ត បាន​ជម្រាបជូន ប្រជាពលរដ្ឋ ជាច្រើន​គ្រួសារ អំពី​ការអភិវឌ្ឍ នៅតាម​ទីប្រជុំជន តែងតែមាន​ការប៉ះពាល់ ដោយ​ជៀស​មិន​ផុត​នោះទេ ដូច្នេះហើយ សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការយោគយល់ ចំពោះ​អាជ្ញាធរ ដោយហេតុថា នាពេល​បច្ចុប្បន្ននេះ ប្រទេសជាតិ មាន​សុខសន្តិភាព ពេញលេញ ហេតុ​ដូច្នេះហើយ ដើម្បី​ឲ្យ​ទីប្រជុំជន មាន​សោភ័ណភាព ស្រស់បំព្រង រាល់ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវតែមាន​ការកែលម្អ ដោយ​មិនអាច​ខ្វះ​បាន​នោះដែរ​។

​លោក ហែម ពិសិដ្ឋ បាន​មានប្រសាសន៍ ដោយ​សង្កត់ធ្ងន់ថាៈ រាល់​ការសាងសង់ សំណង់​រឹង ត្រូវតែ​សុំច្បាប់​អនុញ្ញាត ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ចំពោះ សំណង់​ធម្មតា ក៏ត្រូវ​តែមាន​កិច្ចសន្យា ជា​លាយលក្ខណ៍អក្សរ ដើម្បី​ងាយស្រួល ទៅ​ថ្ងៃ​ខាងមុខ ប្រសិនបើ​រដ្ឋ​ត្រូវការ រុះរើ​សំណង់​ទាំងនោះ ជៀសវាង ការខូចខាត ជាយថាហេតុ នាំ​ឲ្យ បងប្អូន​ប្រជាពលរដ្ឋ​យើង ខាតបង់​នូវ​ថវិកា ខាត​ទាំង​ពេលវេលា និង​ខូច​ទាំង​សំណង់ ទាំងនោះ​ថែមទៀត​ផង​។

​លោក​អភិបាលរង​ខេត្ត ក៏បាន​សំណូមពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ ថែរក្សា​សុខភាព ឲ្យ​បានល្អ ដើម្បី​កុំ​ឲ្យ​មាន​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ ជាពិសេស គឺ​ជំងឺ​កូ​វីដ ១៩ នេះ​តែម្តង ដោយ​ត្រូវ​ចូលរួម អនុវត្ត វិធានការ​សុខាភិបាល ឲ្យ​បាន​ត្រឹមត្រូវ គឺ​បី​ការពារ​បី​កុំ និង​ពីរ​ចូលរួម​។

​សូមបញ្ជាក់​ផងដែរ​ថាៈ នាពេល​ឆាប់ៗ ខាងមុខនេះ ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង រដ្ឋបាលខេត្ត នឹងធ្វើ​ការស្ថាបនា ផ្លូវ​ក្រាល​បេតុង អា​មេ មួយ​ខ្សែ មាន​ប្រវែង ជាង ៨០០ ម៉ែត្រ ដោយ​ផ្លូវ​មួយ​ខ្សែ​នោះ គិត​ទាំង​តួ​ផ្លូវ និង​ចំណីផ្លូវ មាន​ទទឹង សរុប ២០ ម៉ែត្រ សម្រាប់​ជា​ចំណងដៃ​ថ្មី ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា អ្នកប្រើប្រាស់​ផ្លូវ ក្នុងភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​៕/V​