​ដោយៈ គង់​ហេង / កំពង់ចាមៈ អាជ្ញាធរខេត្ត​កំពង់ចាម បានសម្រេច​បិទទ្វារ មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ ១៩ កម្រិត​ស្រាល នៅ​ស្រុក​កំពង់សៀម ជា​បណ្តោះអាសន្ន ក្រោយពី​មាន​អ្នក​វិជ្ជមាន នៃ​ជំងឺឆ្លង​មួយ​នេះ បាន​ថយចុះ​ប្រចាំថ្ងៃ​។​

​នេះ​ជាការ​ប្រកាស​ឱ្យដឹង ដោយ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម នៅក្នុង​ពិធី​អបអរ ទិវា​អន្តរជាតិ នៃ​អ្នកស្ម័គ្រចិត្ត​ប្រធាន​ប​ទៈ ស្ម័គ្រចិត្ត​ពេលនេះ ដើម្បី​អនាគត របស់​យើងទាំងអស់គ្នា បន្តធ្វើ​សកម្មភាព ដោយ​មិន​ឈប់ឈរ​ឡើយ នៅ​សាលាស្រុក​កំពង់សៀម នា​ព្រឹក​ថ្ងៃទី ១៣ ធ្នូ​នេះ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថាៈ ដើមឡើយ អ្នក​វិជ្ជមាន​កូ​វីដ ១៩ ក្នុង​មួយថ្ងៃ ជិត ១.០០០ នាក់ សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ឥឡូវនេះ បាន​ថយចុះ​មក​នៅ រង្វង់​ជាង ៣០ នាក់ មួយថ្ងៃ​។ អ៊ីចឹង​យើង​សម្រេច​បិទ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ ១៩ កម្រិត​ស្រាល នៅ​ស្រុក​កំពង់សៀម​ជា​បណ្តោះ​អ​សន្ន​។ ដោយឡែក អ្នកជំងឺ​ដែល​នៅសល់ នៅ​មន្ទីរ​នេះ ត្រូវ​ផ្ទេរ​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​មេគង្គ កំពង់ចាម​វិញ ហើយ​ប្រគល់ មន្ទីរពេទ្យ​នេះ ឱ្យ​អាជ្ញាធរ​ស្រុក​កំពង់សៀម គ្រប់គ្រង ថែរក្សា​សម្ភារៈ​។​

​លោក​បាន​បន្ថែមថាៈ ដោយសារ​មន្ទីរពេទ្យ​នេះ យើង​បាន​ចំណាយ ប្រមាណ​ជាង ១០ ម៉ឺន ដុល្លារ ក្នុងការ​ជួសជុល កែលម្អ និង​បំពាក់​សម្ភារៈ បរិក្ខារ​ពេទ្យ នេះ​នៅ​មិនទាន់បាន គិត​លើ​សម្ភារៈ​មួយចំនួនទៀត នៅឡើយ​ផង​។ ដោយ​យើង​បាន​បើក​ព្យាបាល បាន​ជាង​មួយខែ ប៉ុន្តែ​ពេលនេះ មាន​អ្នក​វិជ្ជមាន​តិចតួច បិទទ្វារ​សិន គឺ​មិន​បិទ​រហូត​ទេ គឺ​នឹង​ត្រៀមលក្ខណៈ បើក​ឡើងវិញ ក្នុងករណី​មាន​រលក​ថ្មី នៃ​ជំងឺ​កូ​វីដ ១៩​។​

​លោក​បាន​បន្តថាៈ ម្យ៉ាង​ខេត្តកំពង់ចាម បច្ចុប្បន្ន បាន​ដំណើរ​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ កូ​វីដ ១៩ ចាប់ពី​ក្មេង​អាយុ ៥ ឆ្នាំ ឡើងដល់ មនុស្ស​ចាស់ វ័យ​ជាង ១០០ ឆ្នាំ បាន​ប្រហែល ៩០ ភាគរយ គឺ​នៅសល់​អ្នក​មិនទាន់បាន​ចាក់ ប្រមាណ ១១ ម៉ឺន នាក់​ទៀត​៕/V​