​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ត្រី​សម្រាប់ធ្វើ​ប្រហុក ផ្អក ចាប់បាន​ច្រើន​នៅថ្ងៃនេះ​តាម​គន្លង​ដាយ​ធ្វើ​អាជីវកម្ម​នេសាទ ក្នុង​ដង​ទន្លេសាប ដោយនៅ​ភាគ​ខាងលើ​លើក​ម្តង​បាន​មួយ​តោន ។ នៅ​ផ្នែក​ខាងក្រោម​លើក​ម្តង​បាន​ត្រី​ពី​១៥០​ទៅ ២០០​គីឡូក្រាម​មានតម្លៃ​ពី​២.៥០០​ដល់​៣.០០០​រៀល​។​ឯ​ត្រី​ដែល​កាត់​ក្បាល​រួច​មានតម្លៃ​៦.៥០០​រៀល​១​កី​ឡូ​ក្រាម​។​

​លោក ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផលរាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០២១​ថា ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក​ចាប់បាន​ច្រើន​ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ​នៅតាម​គន្លង​ដាយ​តាម​ដង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​លើក​ម្តង​បាន​ត្រី​ចម្រុះ​(​សម្រាប់ធ្វើ​ប្រហុក​)​ពី​១៥០​ទៅ​២០០​គីឡូក្រាម ក្នុង​រយៈពេល​ពី ៤០​ទៅ​៥០​នាទី​។​

​ចំណែក​លោក ហេង សុភា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្តាល​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​នៅ ថ្ងៃទី​១៣​ខែធ្នូ​នេះដែរ​ថា​ក្នុង​រយៈ​មួយ​ម៉ោង​លើក​ម្តង​នៅ​ជួរ​លេខ​១៥​ចាប់បាន ត្រី​ប្រមាណ​ជាមួយ​តោន តែ​ត្រី​មាន​សភាព​ល្អិត​ខ្លាំងណាស់​។​
​ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក​ចាប់ផ្តើម​ត្រូវ​នៅតាម​គន្លង​ដាយ​ក្នុងភូមិ​សាស្ត្រ​រាជធានី​និង​ខេត្តកណ្តាល​កាលពី​ថ្ងៃទី​១២​ខែធ្នូ​ហើយ​អាច​នឹងត្រូវ​រហូតដល់​ថ្ងៃទី​១៦​ខែធ្នូ បើ​យោងតាម​ការជូនដំណឹង​របស់​រដ្ឋបាល​ជលផល ប្រសិនបើ​មេឃ​ស្រឡះ​ល្អ​ដូច​ប៉ុន្មាន​ថ្ងៃនេះ​។​

​តម្លៃ​ប្រភេទ​ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក​នៅតាម​គន្លង​ដាយ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ថ្ងៃទី​១៣​ខែធ្នូ ១​គីឡូក្រាម​២.៥០០​រៀល​(​នៅលើ​បែ​)​មកដល់​ច្រាំង​៣.០០០​រៀល​។ ត្រី​កាត់​ប្រហុក​កាត់​ក្បាល​រួច​ដោយ​ម៉ាស៊ីន​មួយ​គីឡូ​៦.៥០០​រៀល​។​

​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ កាលពី​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០២១​បាន​ជូនដំណឹង​ស្តី រដូវ​នេសាទ​ឆ្នាំ​២០២១-២០២២​ថា​បន្ទាប់ពី បានធ្វើការ​តាមដាន​ក​ម្ព​ស់​ទឹក​ដែល​ហូរ​ចេញពី​បឹង​ទន្លេសាប​ពិនិត្យឃើញថា​គន្លង​ដាយ​នៅតាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​និង​រាជធានី​ភ្នំពេញ អាច​នេសាទ​ត្រី​បាន​ច្រើន​នៅក្នុង​ខែ​មិគសិរ​នេះ​នៅ​ថ្ងៃទី​៨​កើត​ដល់​ថ្ងៃទី​១២​កើត​ត្រូវ​នឹង​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០២១​ប្រសិនបើ​មេឃ​ស្រឡះ​ល្អ​គ្មាន​ភ្លៀង​កក់ខែ​ឬ​ទទួល​ឥទ្ធិពល​ព្យុះ​។​
​យោង​ស្ថានភាព​ដូច​បាន​ជម្រាបជូន​ខាងលើ រដ្ឋបាល​ជលផល​សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ដូចជា​ការធ្វើ​ប្រហុក ផ្អក​ឬ​ត្រីឆ្អើរ​ជាដើម សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ សូមមេត្តា​អញ្ជើញ​មក​ទិញ​ត្រី​ឱ្យបាន​រួសរាន់​តាម​ពេលវេលា​ដូចខាងលើ​។​

​រដ្ឋបាល​ជលផល​សូម​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តាជួយ​បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ ស្នាក់នៅ​និង​ដឹកជញ្ជូន​ផលិតផល​ត្រី​បាន​ដោយ​រលូន​តាម​ការគួរ​។ ទន្ទឹមនេះ​រដ្ឋបាល​ជល​ផល​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ មេត្តា​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​អំពី​វិធានការ​ការពារ​មេរោគ​កូ​វីដ​-១៩៕​សរន​